Home ព័ត៌មានជាតិ សន្តិសុខ ផ្ទុះ​កំប៉ុង​...

ផ្ទុះ​កំប៉ុង​ហ្គាស ឆេះ​ទូក​នេសាទ​សមុទ្រ មួយគ្រឿង លើ​ដែនសមុទ្រ​កោះរ៉ុង

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ទូក​នេសាទ​សន្ទូចរនង ០១ គ្រឿង បាន​ឆេះ​ជា​អគ្គិភ័យ ក្នុង​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គាស ភ្លាមៗ លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​ក្រុមការងារ​យុវជន គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​អូប័រ ល្បឿន​លឿន ចំនួន ២ គ្រឿង ចុះជួយ​អន្តរាគមន៍ បាន​ទាន់ពេលវេលា​។

​ករណី​ដ៏​កម្រ​នេះ បានកើត​ឡើង នៅក្នុង​លម្ហ​សមុទ្រ ត្រង់ចំណុច​ខាងក្រៅ​ពយ​ភ្លើង​ស៊ីញ៉ូ ប្រហែល ៥ ម៉ៃ​ល៍ ស្ថិតនៅ​ភូមិ​កោះរ៉ុង​សន្លឹម សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​ព្រលប់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១​។​

​តាម​ការបំភ្លឺ​ពី​ជនរងគ្រោះ ជា​ម្ចាស់​ទូក ដែល​ឆេះ បាន​រៀបរាប់ថាៈ ទូក​នេសាទ​ដែល​ឆេះ​នេះ មាន​មនុស្ស​ចំនួន​តែ ១ នាក់​ទេ ដោយ​កម្មករ​ទូក ៣ នាក់​ទៀត បាន​ឡើងទៅ​គោក តាំងពីព្រឹក ហើយ​ទូក​របស់គាត់ ជា​ទូក​ឈើ​យន្ត ប្រភេទ​នេសាទ (​បេ​អឺ​អូស​) ។​

​ជនរងគ្រោះ មានឈ្មោះ គង់ សុខ​ខែម ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ អ្នកនេសាទ មាន​ទីលំនៅ ភូមិ​កំពង់​នង់ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត​។ តាម​ម្ចាស់​ទូក បញ្ជាក់ថាៈ មូល​ហេតុដែល​បណ្តាលអោយ​ឆេះ ទូក​នេសាទ​ខាងលើនេះ គឺ​បណ្តាលមកពី​ផ្ទុះ កំប៉ុង​ហ្គាស​។​

​ជនរងគ្រោះ មិន​គ្រោះថ្នាក់ ឬ​រងរបួស​អ្វី​ឡើយ គ្រាន់តែ​ខូចខាត​សម្ភារៈ រួមមាន ឆេះ​ទូក ប្រភេទ​បេ​អឺ ពណ៌​ត្រួយ​ចេក ប្រវែង​បណ្តោយ ១៦,៧ ម៉ែត្រ ទទឹង​ប្រវែង ៤,៩ ម៉ែត្រ មួយគ្រឿង , ម៉ាស៊ីន​ម៉ាក Hino កម្លាំង ៣១៥ សេស​, ខូចខាត​ឧបករណ៍ នេសាទ​មួយចំនួនធំ ។

​បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបាន​ក្រុមការងារ សង្គ្រោះ​របស់លោក​ឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះ និង​បាន​បញ្ជូន​តាម​អូប័រ​ល្បឿន​លឿន ចំនួន ២ គ្រឿង ដឹក​ជនរងគ្រោះ មកកាន់​ខេត្ត​ព្រះសីហនុ ដោយ​សុវត្ថិភាព​ហើយ ក្នុងនោះ​លោក​ឧកញ៉ា ក៏បាន​ឧបត្ថម្ភ​ថវិកា ដល់​ម្ចាស់​ទូក ចំនួន ៤០ ម៉ឺន​រៀល​បន្ថែមទៀត​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular