ដោយៈ ម៉េង​ឆៃ / ភ្នំពេញៈ នៅពេល​កន្លងមក​និង​មកដល់ពេលនេះ​ទណ្ឌិត សម រង្ស៊ី អតីត​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​ប្រទេស​បារាំង បាន​យក​បញ្ហា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជា​វ៉ាក់សាំង​នយោបាយ​។

​នោះ​គឺ​ដំបូង​ឡើយ​ជន​រត់ចោលស្រុក​និង​មានទោស​ជាប់​ខ្លួន​រុំកោះ​នេះ​បាន​ឃោសនា​ពី​ចំងាយ​បញ្ជូន​សារ​មក​ក្រុម​ផ្កាប់មុខ​របស់គេ​នៅ​ស្រុក​ខ្មែរ​បំផុស​បំភ្លៃ មួលបង្កាច់ បំភ័យ​កុំ​ឲ្យ​ប្រជាជន​កម្ពុជា​ចេញទៅ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ របស់​ចិន​។ តែ​ពេលនេះ​បែរជា​លោក​សមរង្ស៊ី ចេញមក​ប្រកាស​សរសើរ​វ៉ាក់សាំង​ចិន​ហើយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ទទួលយក​វ៉ាក់សាំង​ចិន​គ្រប់គ្នា​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​។​

​ការ​ចេញមក​ប្រកាស​ដូច្នេះ កាលពី​ថ្ងៃទី​១១​មេសា នាំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​យប់​កណ្តាលអធ្រាត្រ​ថ្ងៃទី​១១​មេសា បានចេញ​សារ​លាតត្រដាង​អំពី​កលល្បិច​របស់​ទណ្ឌិត​សមរង្ស៊ី ដែល​សម្តេច​ហៅថា​ជា​ជន​ក្បត់ជាតិ​,​ជា​កូន​ជន​ក្បត់ជាតិ ដែល​មិន​កែ​មាយា​ទ​។ ក្នុង​សារ​នោះ​សម្តេច​តេ​ជោ​ដែល​កំពុង​ខិតខំ​ការពារ​ប្រជាជន​ពី​ជំងឺឆ្លង​ដ៏​សាហាវ មិនបាន​និយាយ​ចំឈ្មោះ សមរង្ស៊ី​ទេ តែ​គេ​អាច​ដឹង​ច្បាស់​បាន​សំដៅ​ទៅលើ​ជន​មានគំនិត​កំណាច​មួយ​នេះ​( សមរង្ស៊ី​)​។​

​តាម​សម្តេច​តេ​ជោ សមរង្ស៊ី​បានចេញ​សារ​ប្រកបដោយ​កលល្បិច តាមរបៀប «​រុញ​ទូក​បណ្តោយ​ទឹក​» ដើម្បី​ជំរុញ​ឲ្យ​ប្រជាជន​សំរុក​ចេញទៅ​ដណ្តើម​វ៉ាក់សាំង ខណៈដែល​ដឹងថា ផែនការ​វ៉ាក់សាំង​របស់​រាជ រដ្ឋាភិបាល​កម្ពុជា មាន​កម្រិត និង​មាន​តាម​លំដាប់លំដោយ​។​

​សម្តេច​តេ​ជោ​លើកឡើងថា ជន​ក្បត់ជាតិ​កន្លងមក​បាន​រិះគន់​ជា​បន្តបន្ទាប់​លើ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ចិន ហើយ​បាន​ខិតខំ​រារាំង​ប្រជាជន​កម្ពុជា​មិន​ឲ្យ​ចូលរួម​ចាក់​វ៉ាក់សាំង​។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃទី​១១ ខែមេសា ទណ្ឌិត​រូបនេះ​បានចេញ​សារ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ទទួលយក​វ៉ាក់សាំង​ចិន​គ្រប់គ្នា ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុកថា នេះ​គឺជា “​ល្បិច​ដ៏​អាក្រក់​” របស់ “​កូន​ជន​ក្បត់ជាតិ​” ដើម្បី​រុញ ដោយ​គ្មាន​ការទទួលខុសត្រូវ និង​គ្មាន​បំណង​ស្មោះត្រង់ ក្នុងការ​ឲ្យ​ប្រជាជន​កម្ពុជា ទទួលបាន​វ៉ាក់សាំង តាម​វិធី​ត្រឹមត្រូវ​នោះទេ​។

​សម្តេច​តេ​ជោ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​មក​ទទួល​វ៉ាក់សាំង តាម​ការរៀបចំ​របស់​គណៈកម្មាធិការ​ចាក់​វ៉ាក់សាំង ដើម្បី​ធានា​ដំណើរ​ការល្អ និង​បានទទួល​គ្រប់ៗ​គ្នា តាម​វគ្គ តាម​ផែន​ត្រឹមត្រូវ​ពី​ជំនាញ​សុខាភិបាល​។​

​ដើមឡើយ នៅពេល​រាជរដ្ឋាភិបាល ចាប់ផ្តើម​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ គឺ​ក្រុម​គោលដៅ​អាទិភាព ដែលជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល គ្រូពេទ្យ​រួមទាំង​អ្នកកាសែត មួយចំនួនធំ មិនបាន​ស្ទុះស្ទារ ទៅ​ចាក់​វ៉ាក់សាំង​ឡើយ​។ ប៉ុន្តែ​ដល់ពេល​មាន​ករណី​ឆ្លង​កូ​វីដ​ច្រើនឡើងៗ ហើយ​ស្របពេល​វ៉ាក់សាំង​ជំនួយ​របស់​ចិន លើក​ទី​១ ស៊ី​ណូ​ហ្វា​ម អស់​ក៏​ចាប់ផ្តើម​មាន​អ្នក​ចង់​ចាក់​ច្រើនឡើងៗ​។

​យ៉ាងណាក៏ដោយ ជា​បន្តបន្ទាប់ រាជរដ្ឋាភិបាល បានទទួល​ជំនួយ​វ៉ាក់សាំង​ពី​អង្គការ​សុខភាព​ពិភពលោក ពី​ចិន​បន្ថែម រួមទាំង​ទិញ​ពី​ចិន​ផង រហូតដល់​ពេលនេះ សរុប ៣ ១២៤ ០០០ ដូ​ស ដែល​រួមមាន វ៉ាក់សាំង​ចិន Sinopharm ១ ៣០០ ០០០ ដូ​ស និង Sinovac ១ ៥០០ ០០០ ដូ​ស និង AstraZeneca ផលិត​នៅ​ប្រទេស​ឥណ្ឌា ៣២៤ ០០០ ដូ​ស​។​

ក្នុង​សារ​ពិសេស​ជូន​ជនរួមជាតិ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១០ ខែមេសា​កន្លង​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា វ៉ាក់សាំង​នឹង​មកដល់​កម្ពុជា ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​១៧ ខែមេសា​នេះ រហូតដល់​ខែសីហា ឆ្នាំ​២០២១ សរុប​ចំនួន ៨​លាន​ដូ​ស បន្ថែមទៀត​។​ក្នុងនោះ​រួមមាន ថ្ងៃទី​១៧​មេសា ៥០០ ០០០ ដូ​ស​។ ខែឧសភា ១ ៥០០ ០០០ ដូ​ស​។ ខែមិថុនា ៣ ០០០ ០០០ ដូ​ស​។ ខែកក្កដា ២ ០០០ ០០០ ដូ​ស និង​ខែសីហា ចំនួន ១ ០០០ ០០០ ដូ​ស​។​

​តាម​ការគ្រោងទុក រាជរដ្ឋាភិបាល នឹង​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ប្រជាជន​កម្ពុជា​ឲ្យ​បាន​យ៉ាងហោចណាស់​ពី ១០​លាន​នាក់​ទៅ​១៣​លាន​នាក់​។​ប៉ុន្តែ​ការចាក់​វ៉ាក់សាំង​នេះ​នឹង​ផ្តល់ជូន​តាម​លំដាប់លំដោយ​នៃ​ការរៀបចំ​របស់​គណៈកម្មកា​រ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង ហើយ​ក្នុង​អាទិភាព​ដំបូង​នេះ គឺ​ចាក់​សម្រាប់​អ្នក​នៅ​ភ្នំពេញ និង​នៅ​ខេត្តកណ្តាល ដែល​កំពុង​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ច្រើន​នាពេល​បច្ចុប្បន្ន​។​

​ចំពោះមុខ​នេះ វ៉ាក់សាំង​នឹង​បន្ត​មកដល់​ជា​បន្តបន្ទាប់​។ ដូច្នេះ​ការចាក់​ជូន​ប្រជាជន​កម្ពុជា​ដោយ​ឥតគិតថ្លៃ ក៏​នៅ​បន្តធ្វើ​ឡើងជា​បន្តបន្ទាប់ តាម​ការរៀបចំ​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង ហើយ​អាជ្ញាធរ​ឃុំ​សង្កាត់ នៅ​មូលដ្ឋាន នឹង​រៀបចំ​ចុះឈ្មោះ​ប្រជាពលរដ្ឋ និង​អញ្ជើញ​ពួកគាត់ ទៅ​ចាក់​វ៉ាក់សាំង ដើម្បី​ជៀសវាង​ការដណ្តើម​គ្នា​ចាក់​ផង និង​ដើម្បី​ឲ្យ​មាន​របៀបរៀបរយ ហើយ​ធានាថា ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ ទទួលបាន​វ៉ាក់សាំង​គ្រប់ៗ​គ្នា​។​

​ពេលនេះ មិនមែន​ជាការ​យកអាយុ​ជីវិត​របស់​ប្រជាជន​កម្ពុជា ដើម្បី​បម្រើ​នយោបាយ​របស់ខ្លួន​នោះទេ​។ ទាំង​គណបក្សកាន់អំណាច ទាំង​ជន​ប្រឆាំង​ផ្កាប់មុខ រួមទាំង​គណបក្សនយោបាយ​ដែល​មិន​ជាប់ឆ្នោត​ផង គឺមាន​គោលដៅ​រួមគ្នា​តែមួយ ក្នុង​ការធ្វើ​នយោបាយ និង​ការដឹកនាំ​ប្រទេស​នោះ គឺ​ដើម្បី​ប្រទេស​កម្ពុជា និង​ដើម្បី​ប្រជាជន​កម្ពុជា​។ ដូច្នេះ​ពេលនេះ​ក្រុមប្រឆាំង​បើ​មិនបាន​ជួយ​អ្វី​ទេ ក៏​សូម​ឲ្យ​តែ​កុំ​យកជើងរាទឹក និង​ដើម្បី​តែ​បម្រើ​នយោបាយ​របស់ខ្លួន នាំ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ប្រជាជន​កម្ពុជា ហើយ​ក្រុម​របស់​ពួកគេ​ក៏​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា​។​

​ពិតណាស់​! តាម​សារ​របស់​សមរង្ស៊ី​ចុង​ក្រោយនេះ​បង្ហាញថា បិសាច​កញ្ជ្រោង កំពុងតែ​លៀន​កន្ទុយ​ចេញមក​ហើយ​។​សារជាតិ​ក្បត់ជាតិ មិន​ទទួលខុសត្រូវ មិន​ទទួលខុសត្រូវ​ចំពោះ​សម្តី​ខ្លួនឯង​បានបង្ហាញ​យ៉ាងច្បាស់​ក្រឡែត​។​នេះ​ជាការ​ប្រាប់ថា អ្នក​ជឿ​សម្តី​សមរង្ស៊ី​ចៀស​មិន​ផុតពី​ការបំផ្លាញ​ជីវិត​ខ្លួនឯង ក្រុមគ្រួសារ​ឯង ប្រទេសជាតិ​របស់ខ្លួន​តែប៉ុណ្ណោះ​។​
​ក្នុង​ភាពយន្ត​ចិន តែងតែ​បង្ហាញថា សារជាតិ​បិសាច គឺ​មិនអាច​ឈ្នះ​សារជាតិ​បរិសុទ្ធ​ទេ​! ។ ក្នុង​ពុទ្ធចក្រ “​មារ រមែង​តាម​ផ្ចាញ់​ព្រះ តែ​មារ​តែងតែ​វិនាស​ខ្លួន ” នៅពេល​ចុងក្រោយ​៕​