Home ព័ត៌មានសំខាន់ៗ ដំណឹង​ល្អ ! ក...

ដំណឹង​ល្អ ! កម្មករ និយោជិត​ខេត្តកណ្តាល នឹង​ទទួល​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ ១៩ នាពេល​ឆាប់ៗ ខាងមុខ​នេះហើយ​

ដោយ​: ពៅ​និមល / ភ្នំពេញ​: លោក​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តកណ្តាល បាន​ឲ្យ​ដឹងថាៈ យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ ១៩ ជូន​ដល់​បងប្អូន កម្មករ និយោជិត នៅតាម​បណ្តា​រោងចក្រ សហគ្រាស​ក្នុង​ខេត្ត នឹង​ប្រព្រឹត្តទៅ នៅក្នុង​ខែ​នេះ ពោលគឺ​យ៉ាងយូរបំផុត នៅ​ចុងខែ​មេសា​នេះ បន្ទាប់ពី​វ៉ាក់សាំង នឹង​មកដល់​កម្ពុជា នាពេលខាងមុខ​។​

​លោក ធុល នាង ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តកណ្តាល នៅ​ព្រឹក ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១​នេះ បាន​មានប្រសាសន៍ថាៈ ការងារ​ចាក់​វ៉ាក់សាំង ជូន​បងប្អូន​កម្មករ និយោជិត ថ្នាក់ដឹកនាំ បាន​កំពុង​ពិចារណា និង​រៀប​ផែនការ​ហើយ ដោយ​យើង​គ្រោង (​ជា​គម្រោង​) នឹង​ចាប់ផ្តើម នៅ​ថ្ងៃទី​២២ ខាងមុខ ប្រសិន​យើង​រៀបចំ​ទាន់ ឬ​យ៉ាងយូរ នៅ​ចុងខែ​មេសា​នេះ ខណៈដែល​ពេលនេះ យើង​ក៏បាន​រៀបចំ​ជាស្រេច នូវ​ពេទ្យ​ការងារ ដើម្បី​ចាក់​ជូន​កម្មករ និយោជិត​។​

​លោក​បាន​បញ្ជាក់ថាៈ គិត​មកដល់ពេលនេះ ឈ្មោះ​កម្មករ និយោជិត ដែល​រោងចក្រ សហគ្រាស​នានា បាន​បញ្ជូនមក​មន្ទីរ និង​ក្រសួង​ការងារ ដើម្បី​បាន​ចាក់​វ៉ាក់សាំង សរុប​ប្រមាណ ៧០ ភាគរយ​។​

​លោក​ប្រធាន​មន្ទីរ បានលើកឡើង​បន្តថាៈ “​ការងារ​នេះ ចាំតែ​ថ្នាំ​មកដល់​ចុងខែ​នឹង ឬ​ថ្ងៃ​ចាប់ផ្តើម ពីថ្ងៃ​ទី​២២ -២៣ ទៅ បើ​យើង​ធ្វើ​ផែនការ​ទាន់ យើង​នឹង​ចាប់ផ្តើម​ចាក់ ពី​ខែ​នឹង (​មេសា​) តែម្តង​។ រោងចក្រ​មាន​ចំនួន ចន្លោះ​ពី ១៤៤ ទៅ ១៥០ យ៉ាងច្រើន នៅក្នុង​ខេត្ត កណ្តាល​យើង ហើយ​កម្មករ ចន្លោះ​ពី ១៤ ម៉ឹ​ន ៥​ពាន់ ទៅ ១៥ ម៉ឺន​នាក់ ដែល​យើង​ត្រូវ ចាក់​ទាំង កម្មករ​ខ្មែរ និង​កម្មករ​បរទេស​។ យើង​បាន​ផ្សព្វផ្សាយ​ហើយ ហើយ​យើង​បាន​បង្កើត ជា​គ្រុប គ្រុប Admin ឬក៏​ធនធានមនុស្ស នៅតាម​រោងចក្រ​ថា យើង​បាន​បញ្ជូន list សម្រាប់ ចុះឈ្មោះ​កម្មករ និយោជិត ទៅ​ឲ្យ​ពួកគាត់ ហើយ​គាត់​ផ្ញើមក​មន្ទីរ ឬ​ក្រសួង​ការងារ​វិញ ដើម្បី​យើង​ត្រៀម​រៀបចំ ចាក់​ថ្នាំ​ទៅតាម​បញ្ជី​ឈ្មោះ ដែល​គាត់​មាន សំខាន់​យើង ក៏បាន អំពាវនាវ​ឲ្យ​គាត់ ផ្សព្វផ្សាយ​ទៅដល់​បងប្អូន កម្មករ​ខ្មែរ និង​បរទេស នាំគ្នា​ចុះឈ្មោះ​ចាក់​ថ្នាំ ដើម្បី​ការពារ​ជំងឺ​រាតត្បាត កូ​វីដ​១៩​នេះ ព្រោះ​ដើម្បី​ធានា​នូវ ផលិតផល និង​កំណើន​ផលិត ទៅតាម​រោងចក្រ សហគ្រាស សេដ្ឋកិច្ច និង​ការរីក​រាលដាល ឆ្លង​ទៅដល់​កម្មករ​ដ​ទៃ​”​។​

​លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​ប្រធាន​អនុគណៈកម្មការ ចំពោះ​កិច្ច​សម្រាប់​ចាក់ វ៉ាក់សាំង ប​ង្ហ​ការ​ជំងឺ​កូ​វីដ​១៩ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពីពេល កន្លងទៅ បាន​មានប្រសាសន៍ថាៈ យុទ្ធនា​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ធ្វើឡើង​ក្នុង គោលបំណង ដើម្បី​បង្ការ និង​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល ជំងឺ​កូ​វីដ​១៩ និង​ធានា​ឱ្យបាន នូវ​សុខភាព សុខុមាលភាព និង​សុវត្ថិភាព ជូន​ដល់​មន្ត្រីរាជការ សហជីព និយោជក និង​បងប្អូន​កម្មករ និយោជិត ទាំងអស់គ្នា​។​

​លោក​បាន​បន្ថែមថាៈ ការផ្តល់ជូន​នូវ​ការចាក់​វ៉ាក់សាំង ក្នុង​ខេត្តកណ្តាល​បន្ទាប់ពី​រាជធានី ភ្នំពេញ ដោយសារ​ខេត្ត​នេះ មាន​ភាព​ប្រទាក់ក្រឡា​គ្នា មានការ​ចេញចូល​ចម្រុះ​ដូច្នេះ​យើង ត្រូវ​គ្រប់គ្រង មជ្ឈមណ្ឌល​ពាណិជ្ជកម្ម របស់​យើង ឲ្យ​បាន​រឹងមាំ​សិន ទើប​យើង​ពង្រីក ទៅកាន់​ខេត្ត​ដទៃទៀត គឺ​ខេត្ត​ព្រះសីហនុ ខេត្តស្វាយរៀង និង​ខេត្តតាកែវ ជា​ខេត្ត​គោលដៅ ដែល​កំណត់​ជា​ខេត្ត​អាទិភាព បន្ទាប់ពី​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ គិត​ត្រឹម​ថ្ងៃទី ១១ ខែមេសា ឆ្នាំ​២០២១​នេះ កម្មករ និយោជិត និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ ដែល​បាន​ចាក់ វ៉ាក់សាំង បង្ការ​កូ​វីដ​១៩ ស៊ី​ណូ​វ៉ា​ក់ សរុប​មាន​ចំនួន ៣៦ .២១៧ នាក់ (​បរទេស​ចំនួន ១.៦៣៧ នាក់​)​។ គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់ ចំនួន ១.៤០៩ នាក់ (​បរទេស​ចំនួន ២០ នាក់​)​។​

​អនុគណៈកម្មការ​ចំពោះ​កិច្ច សម្រាប់​ចាក់​វ៉ាក់សាំង បង្ក​ការ​ជំងឺ​កូ​វីដ​១៩ នឹង​បន្ត​រៀបចំ​ទីតាំង ចាក់​វ៉ាក់សាំង ជូន​បងប្អូន​កម្មករ និយោជិត នៅតាម​រោងចក្រ សហគ្រាស ជា​បន្តបន្ទាប់​ទៀត ដើម្បី​ធានា និង​រក្សា​សុខភាព និង​ផលប្រយោជន៍ របស់​សង្គមជាតិ ជាពិសេស​ឆាប់​បាន វិលត្រឡប់ មករក​ភាពប្រក្រតី ឡើង​វី​ញ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular