Home ព័ត៌មានសំខាន់ៗ អ្នកចាក់ដី​បំ...

អ្នកចាក់ដី​បំពាន ដងព្រែក និង​ចំណី​ព្រែក ក្បែរ​ស្ពាន​ក្បាល​រមាស ផ្គើន​នឹង​បម្រាម​អាជ្ញាធរ​

ដោយៈ បូកគោ / កំ​ពតៈ ខណៈដែល​មន្ត្រី​អាជ្ញាធរ ក្នុង​ដែន​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ កំពុង​មមាញឹក ពិសេស​ការងារ ប្រយុទ្ធប្រឆាំង ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ បុគ្គល​មួយរូប បាន​បង្កើន​សកម្មភាព ចាក់ដី​បំពាន​ដងព្រែក និង​ចំណី​ព្រែក ក្បែរ​ស្ពាន​ក្បាល​រមាស រួច​សាងសង់​របង​ហ៊ុមព័ទ្ធ ស្ទើរ​សម្រេច​រួចរាល់​។ ទីតាំង​នេះ ស្ថិតក្នុង​ទឹកដី​ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ដែល​អាជ្ញាធរ​ស្រុក បានចេញ​លិខិត តម្រូវឱ្យ​បញ្ឈប់ ពីរលើក​រួចមកហើយ​។​

​អ្នករស់នៅ​ក្បែរ​ទីតាំង ខាងលើ បាន​រៀបរាប់​ឱ្យដឹង កាលពី​រសៀល ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១​ថា កន្លែង​ដែល​គេ​បាន​ចាក់ដី និង​ធ្វើ​របង​នោះ ត្រូវ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ចុះ​ហាមឃាត់ ជាច្រើនលើក​មកហើយ តែ​សកម្មភាព​នៅ​បន្ត ពិសេស​ការធ្វើ​របង​ថ្ម មកដល់​ថ្ងៃនេះ ជិត​រួចរាល់​ទៅហើយ​។ អ្នក​បំពាន​យក ទ្រព្យសម្បត្តិ​រដ្ឋ​នោះ មិនដឹង​អាង អ្វីខ្លះ​ទេ សូម្បី​ដី​ទល់នឹង​ចំណី​ព្រែក ដែល​ចាក់​លុប​ដ៏​វែង​នេះ ក៏​មិនមែន​របស់ខ្លួន​ដែរ ពោលគឺ​ជា​ដី​កម្មសិទ្ធិ​អ្នកដទៃ បួន​គ្រួសារ ទាំង​គេ​មិន​ហ៊ាន ប៉ះពាល់​បន្តិច​ផង​។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើ លោក នាក់ សុ​វណ្ណា​រី អភិបាលស្រុក​ទឹកឈូ បានបញ្ជាក់ តាម​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃទី​១២ ខែមេសា​ថា ករណីនេះ រដ្ឋបាល​ស្រុក បានចេញ​លិខិត​ហាមឃាត់ ពីរលើក​រួចមកហើយ​។ បើ​នៅតែ​ប្រព្រឹត្ត​ទៀត មានតែ​បញ្ជូន​កម្លាំង ទៅ​រុះរើ​ប៉ុណ្ណោះ​។​

​លោក​អភិបាលស្រុក បាន​បន្តថា កន្លងមក ទាំង​អាជ្ញាធរ​ឃុំ កម្លាំង​អធិការដ្ឋាន និង​រូប លោក​ផ្ទាល់ បាន​ចុះទៅ​ហាមឃាត់ ព្រមទាំង​បញ្ឈប់ ក្រុម​ជាង​ឱ្យ​ផ្អាក សកម្មភាព​ទៀតផង​។ ដូច្នេះ​មានតែ​ស្នើសុំ ព្រះរាជអាជ្ញា ដើម្បី​ចាត់វិធានការ ទើប​អាចទៅរួច​ព្រោះ​សិទ្ធិ​ហាមឃាត់ របស់លោក គេ​មិន​ស្តាប់​ទៅហើយ​។ លោក​នឹង​ឱ្យកម្លាំង​របស់​អធិការដ្ឋាន ចុះទៅពិនិត្យ​ផ្ទាល់ នា​ព្រឹក​នេះ​តែម្តង​។​

​លោក នាក់ សុ​វណ្ណា​រី បានបញ្ជាក់​ទៀតថា ទីតាំង​នេះ ត្រូវបាន​ចុះបញ្ជី​ល​ក្ច​ណៈ​ជា​ប្រព័ន្ធ រួចហើយ ដោយ​កំណត់ថា ដី​ចំណី​ព្រែក ដែលជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​។ ក្រោយពេល អាជ្ញាធរ ចុះទៅ​ហាមឃាត់ អ្នកចាក់ដី​នោះ បាន​យក​លិខិត​ទិញ​លក់ មួយច្បាប់ មក​សំអាង តែ​តាមពិត មិនមែន​ទីតាំង​ដី ចាក់​លុប​នេះ​ទេ​។ អាជ្ញាធរ ត្រូវតែ​ការពារ​ទ្រព្យសម្បត្តិ​រដ្ឋ ដោយ​បន្ត​នីតិវិធី តាមរយៈ​តុលាការ​។ បុគ្គល​ម្នាក់​នោះ ពិបាក​និយាយ​គ្នា​ណាស់​។​

​អះអាង​ស្រដៀង​គ្នា​នេះដែរ លោក ហៃ សេង មេឃុំ​ជុំ​ក្រៀល បានបញ្ជាក់​ថាៈ ដី​កន្លែង​គេ ចាក់​លុប​នោះ គឺ​ដី​ព្រែក និង​ដី​ចំណី​ព្រែក ដែលជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​។ ករណី​អ្នកប្រព្រឹត្ត យក​លិខិត​មក​បង្ហាញ​អាជ្ញាធរ ថា​ជាការ​ទិញ​លក់ មិនមែន​ស្ថិតនៅ​ទីតាំង​ដែល​កំពុង​បំពាន នេះ​ទេ​។ កន្លងមក អាជ្ញាធរ​ស្រុក បាន​ចុះទៅ​បិទ រួចរាល់​ហើយ នៅតែ​គេ​មិន​ស្តាប់​។ សូម្បី​អ្នក​ធ្លាប់​លក់​ដី​ឱ្យ ក៏បាន​និយាយថា បុគ្គល​នោះ​ដើរ​ធ្វើ​តែ​បែប​ហ្នឹង​។​

​សូមបញ្ជាក់ថា លិខិត​លើក​ទី​ពីរ លេខ​៤១/២១​ស​.​ជ​.​ណ ចុះ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ស្រុក​ទឹកឈូ មាន​ខ្លឹមសារ​ថា​កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ ក្រុមការងារ រដ្ឋបាល​ស្រុក បាន​ចុះ​ពិនិត្យ ការចាក់ដី​រំលោភ ចូល​ដី​ចំណី​ព្រែក នឹង​ព្រែក ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ធ្វើឡើង​ពី​សំណាក់​លោក​អេង សុខ​ហេង​។​

​តំបន់​នេះ ជា​កន្លែង​ដែល​បាន​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​រួចហើយ ដោយ​ចាត់ទុក ជា​ដី​សាធារណៈ​របស់​រដ្ឋ​។ ដូច្នេះ​សូម​លោក អេង សុខ​ហេង បញ្ឈប់ សកម្មភាព​ហើយ​កាយ អាចម៍ដី ដែល​បាន​ចាក់​រំលោភ ចូល​ដី​ចំណី​ព្រែក និង​ព្រែក នៅ​ទីតាំង​ខាងលើ ចាប់ពី​ថ្ងៃ ជូនដំណឹង រហូតដល់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ ជា​កំហិត​។ ករណី​មិន​អនុវត្តន៍​តាម រដ្ឋបាល​ស្រុក នឹង​ចាត់​កម្លាំងចម្រុះ ចុះទៅ​កាយ​អាចម៍ដី​នោះ ចេញ​ដោយ​មិន​ទទួលខុសត្រូវ រាល់​ការខូចខាត​ទ្រព្យសម្បត្តិ របស់លោក អេង សុខ​ហេង​ឡើយ​។ ឯ​ការចំណាយ​ផ្សេងៗ ជា​បន្ទុក​របស់លោក អេង សុខ​ហេង ​ផ្ទាល់​៕/V​-PC

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular