Home ព័ត៌មានអន្តរជាតិ វិបត្តិ​មី​យ៉...

វិបត្តិ​មី​យ៉ាន់​ម៉ា​លេច​ស្រមោល​ស្ទង់ៗ ខណៈ​មាន​ការព្រមាន​ថា​សេដ្ឋកិច្ច​នឹង​ធ្លាក់ចុះ ២០ ភាគរយ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​យ៉ាងហ្គោន (Bloomberg) ៖ ដោយ​មាន​ហាង​តែ​នៅ​ក្បែរ​តំបន់​បាតុកម្ម​សំខាន់ៗ​ក្នុង​ទីក្រុង​ធំ​បំផុត​របស់​មី​យ៉ាន់​ម៉ា លោក​សូ​មិន​ប្រាកដ​ថា​តើ​លោក​គួរ​បើក​មុខរបរ​នេះ​បន្តទៀត​​ឬ​យ៉ាងណា​នោះទេ​។​

​ប្រសិនបើ​ក្រុមអ្នកតវ៉ា​ចូលមក​ក្នុង​ហាង​ដើម្បី​គេច​ពី​អាជ្ញាធរ នោះ​បុរស​អាយុ ៤៣ ឆ្នាំ​រូប​នេះ​ប្រឈម​នឹង​ការបាញ់សម្លាប់ ការចាប់ខ្លួន ឬ​ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​គាត់​នៅពេលដែល​យោធា​និង​​ប៉ូលិស​តាម​ប្រមាញ់​ពួក​បាតុករ​។ ប៉ុន្តែ​ប្រសិនបើ​គាត់​បដិសេធ​ក្រុម​បាតុករ​ដែល​រត់គេច​ខ្លួន​គាត់​អាច​នឹង​ប្រឈម​ប្រតិកម្ម​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុកនិង​ការធ្វើពហិការ​ហាង​តែ​របស់​គាត់​ក្នុង​ចំ​​ណោម​មនុស្ស​រាប់រយ​នាក់​នៅ​ទីក្រុង​យ៉ាងហ្គោន​។​

​ដោយ​ប្រើ​ត្រឹម​គោត្តនាម​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព លោក​សូ​និយាយថា “​ឥឡូវ​នេះ​យើង​មិន​អាច​បើក​ហាង​របស់​យើង​រាល់ថ្ងៃ​បានទេ ប៉ុន្តែ​យើង​ត្រូវ​បង់ថ្លៃ​ឈ្នួល ថ្លៃ​ភាស៊ី និង​ថ្លៃឈ្នួល​ពលកម្ម​។​ម្ចាស់​ហាង​តែ​​ជាច្រើន​នៅ​ទីក្រុង​យ៉ាងហ្គោន​មិន​ប្រាកដ​ទេ​ថា​តើ​ពួកគេ​អាច​រស់​បាន​យូរ​ប៉ុនណា ប្រសិនបើ​វិបត្តិ​នេះ​នៅតែ​បន្ត​កើតមាន​”​។​

​អាជីវកម្ម​ខ្នាតតូច​ដូចជា​លោក​សូ​កំពុង​ប្រឈម​នឹង​ការបិទទ្វារ​ក្នុងពេល​សេដ្ឋកិច្ច​ហាក់​កំពុង​ធ្លាក់ចុះ​ចាប់​លែង​ឈ្នះ​បន្ទាប់ពី​ពួក​ឧត្តមសេនីយ៍​ដណ្តើម​អំ​ណាច​កាលពី​ថ្ងៃទី ១ ខែ​កុម្ភៈ​។​របប​យោធា​បាន​​សម្លាប់​ជន​ស៊ីវិល​យ៉ាងតិច ៦១៤ នាក់​ចាប់​តាំងពី​ពេលនោះ​មក ដោយ​បណ្តេញ​វិនិយោគិន​បរទេស​ចេញ​អស់​ពី​ប្រទេស ខណៈ​លោកខាងលិច​ដាក់ទណ្ឌកម្ម​ថ្មី​។

​គូ​ប្រជែង​របស់​យោធា​នៅក្នុង​ចលនា​មិន​គោរព​ច្បាប់​រដ្ឋ​កំពុង​ជំរុញ​ឱ្យ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ដើម្បី​បង្ហូត​ហិរញ្ញវត្ថុ​ពី​ពួកយោធា​។​

​បណ្តាញ​ដឹកទំនិញ​បាន​ផ្អាក​ប្រតិបត្តិការ ខណៈ​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​ធ្វើ​កូដកម្ម ដោយ​ទុក​ឱ្យ​កុងតឺន័រ​ជាប់គាំង​ពេញ​កំពង់ផែ​។ ការ​រឹតត្បិត​លើ​ការដក​សាច់ប្រាក់​ពី​ធនាគារ​បាន​ធ្វើឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​នានា​ជួប​ការលំបាក​ក្នុង​ការបើក​ប្រាក់ខែ​ដល់​និយោជិត​។​

​យោធា​បាន​រឹតត្បិត​ការចូល​ប្រើ​អ៊ី​ន​ធឺ​ណេត ដែល​រឹត​ធ្វើឱ្យ​ពិបាក​ទៅ​ដល់​អតិថិជន​។ ហើយ​មន្ត្រី​រដ្ឋ​ការរាប់​ពាន់​នាក់​ដែល​តម្រង់​ជួរ​ធ្វើបាតុកម្ម​ជាមួយ​ក្រុម​បាតុករ បាន​បដិសេធ​មិន​ចូលធ្វើការ ជាហេតុ​នាំ​ឱ្យ​សេវា​សាធារណៈ​មាន​កម្រិត​។​

​សរុប​ទៅ​វា​ជា​ការខូចខាត​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច​រប​ស់មី​យ៉ាន់​ម៉ា​បន្ទាប់​ពី​វិនិយោគិន​បាន​សម្រុកចូល​ប្រទេស​នេះ​កាល​ពី​មួយ​ទសវត្សរ៍​មុន បន្ទាប់​ពី​ការផ្លាស់ប្តូរ​ឆ្ពោះទៅ​រក​របប​លទ្ធិប្រជាធិបតេយ្យ​។​

​លោក អា​ឌី​តយ៉ា ម៉ា​ត​ធូ ប្រមុខ​សេដ្ឋវិទូ​របស់​ធនាគារ​ពិភពលោក​សម្រាប់​ទ្វីបអាស៊ី បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​ថា “​យើង​មាន​ការព្រួយបារម្ភ​ជាខ្លាំង​។ ការធ្លាក់​ចុះ​កំណើនសេដ្ឋកិច្ច ១០ ភាគរយ​សម្រាប់​ប្រទេស​ក្រីក្រ​ចំពោះ​ខ្ញុំ​គឺ​ហាក់ជា​គ្រោះមហន្តរាយ​រួចទៅហើយ​។ ហើយ​នៅពេល​ដែល​ខ្ញុំ​បន្ថែម​លើ​ការខាតបង់​ផ្សេងៗ​ទៀត​ទាំងអស់ ដែល​ជះ​ឥទ្ធិពល​ដល់​កំណើន​រយៈពេល​វែង ខ្ញុំ​គិតថា យើង​មាន​សេណា​រី​យ៉ូ​គួរឱ្យ​បារម្ភ​ខ្លាំង​បំផុត​”​។​

​អ្នកវិភាគ​មួយ​ចំនួន​រំពឹង​ថា​អ្វីៗ​នឹង​កាន់តែ​យ៉ាប់យ៉ឺន​។ ក្រុមហ៊ុន Fitch Solutions ព្យាករណ៍​ថា សេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា​នឹង​ធ្លាក់​ចុះ ២០ ភាគរយ​សម្រាប់​ឆ្នាំសារពើពន្ធ ២០២០-២១​។ ក្រុមហ៊ុន​និយាយថា នៅ​ខែ​នេះ ការកើនឡើង​ចំនួន​អ្នកស្លាប់​គួបផ្សំ​ជាមួយ​អស្ថិរភាព​សង្គម មានន័យថា “​គ្រប់​វិស័យ​ទាំងអស់​នៃ GDP (​ផលិតផល​ក្នុងស្រុក​សរុប​) គ្រោង​នឹង​ដួលរលំ​”​។​

​ក្រុមហ៊ុន Fitch និយាយថា “​គ្មាន​សេណា​រី​យ៉ូ​អាក្រក់​បំផុត​លើ​សេដ្ឋកិច្ច​ណាមួយ ដែល​យើង​អាច​បដិសេធ​បាន​នោះទេ​”៕

​សេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា​ត្រូវបាន​ធនាគារពិភពលោក​ព្យាករណ៍​ថា​ធ្លាក់ចុះ ១០ ភាគរយ​ក្នុង​ឆ្នាំ ២០២១

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular