Home ព័ត៌មានជាតិ សេដ្ឋកិច្ច ការសាកល្បង​ដា...

ការសាកល្បង​ដាំ​ការ៉ុត​នៅ​ខេត្តរតនគិរី​បាន​ផល​ល្អ​

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ ការដាំ​សាកល្បង​ដំណាំ​ការ៉ុត លើ​ទឹកដី​ក្នុង​ខេត្តរតនគិរី​ទទួលបាន លទ្ធផល​ល្អ អាច​ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការដាំដុះ​បាន​នៅតាម​គ្រួសារ​សម្រាប់ ការនាំចេញ​ទៅកាន់​រាជធានី ខេត្ត​ផ្សេងៗ​ជំនួស​ការនាំ​ចូលមក​ពី​បរទេស​។​

​បណ្ឌិត សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តរតនៈគិរី បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១​ថា ការដាំ​សាកល្បង​ដំណាំ​ការ៉ុត​នៅ​ភ្នំ​សំកុក ក្នុងស្រុក​វ៉ឺ​ន​សៃ​ខេត្ត​រតនគីរី នៅលើ​ផ្ទៃដី​កន្លះ​ហិកតា ទទួលបាន​លទ្ធផល​ល្អ អាច​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ដាំ​ដុះ​នៅតាម​គ្រួ​សារបាន នៅពេល​ខាងមុខ​។​

​ប្រធាន​មន្ទីរ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា ដំណាំ​នេះ ត្រូវការ​អាកាសធាតុ ក្នុង​រង្វង់​២៧​អង្សា​សេ គឺ​ល្អ​បំផុត​។ ការដាំ​សាកល្បង​នេះ បានធ្វើ​រួច​ម្តង​កាលពី​ក្នុង​ឆ្នាំ​២០២០ តែមាន​ចំនួន​តិចតួច មិន​ដូច​ឆ្នាំនេះ​ធ្វើ​ដល់​លើ​ផ្ទៃដី​កន្លះ​ហិកតា​ក្នុង​រយៈ ពី​២​កន្លះ​ទៅ​បី​ខែ បាន​ប្រមូល​ផល ដោយ​ក្នុង​មួយ​គីឡូក្រាម មាន​ពី​៦​ទៅ​៧​មើម​។​

​លោក​សយ សូ​ណា និយាយ​ឱ្យដឹងទៀតថា​ដី​នៅក្នុង​ខេត្តរតនគិរី​អាច​ដាំ​បាន​ដំណាំ​ការ៉ុត និង​ដើម្បីឱ្យ​ទទួល​បាន​ផល​កាន់តែ​ល្អ​ថែមទៀត​នោះ ដំណាំ​នេះ​ត្រូវការ​ជីកំប៉ុស ជាពិសេស​ជី​អាចម៍មាន់ ។ ការ៉ុត ដែល​ដាំ​បាន​សម្រាប់​ផ្គត់ផ្គង់​ដល់ទី​ផ្សារ​នៅ​ខេត្ត​ផ្សេងៗ​និង​រាជធានី​ភ្នំពេញ ដែល​កន្លងទៅ​ដំណាំ​នេះ​ត្រូវបាន​គេ​នាំ ចូល​មកពី​បរទេស​។ នៅ​ខេត្តមណ្ឌលគិរី ក៏មាន​ដាំ​ដំណាំ​នេះដែរ​ហើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular