Home ព័ត៌មានជាតិ សង្គម អភិបាល​ព្រះវិ...

អភិបាល​ព្រះវិហារ​ដឹកនាំ​មន្ត្រី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​នៅ​មន្ទីរពេទ្យបង្អែក​១៦​មករា

ដោយ​:​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​: អភិបាលខេត្ត​ព្រះវិហារ លោក​ប្រាក់ សុវណ្ណ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យបង្អែក ១៦​មករា ខេត្តព្រះវិហារ​។

​ក្នុងឱកាស​នោះ​លោក​អភិបាលខេត្ត បាន​នាំមក នូវ​អំណោយ​មួយចំនួន​មានទឹក​សុទ្ធ ទឹក​ផ្លែឈើ​និង​ថវិកា​ចំនួន ១​លាន​រៀល​ជូន​គ្រូពេទ្យ​ប្រចាំការ​នៅ​មន្ទីរពេទ្យ​នេះ ដែល​កំពុង​ប្រតិបត្តិ​ការចាក់​វ៉ាក់សាំង​ជូន​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ និង​ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​មកចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​-១៩​។​

​លោក គួ​ង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានឱ្យដឹងថា មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ បានមក​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅតាម​មណ្ឌល​សុខភាព ឃុំ ស្រុក និង​មន្ទីរពេទ្យ​បាន​យ៉ាង​ផុលផុស​។ គិត​រហូតមក​ដល់ពេលនេះ ទទួលបាន ៩០​ភាគរយ​ហើយ ជា​ជំហាន​ទី​១ បន្ទាប់ពី​ចាក់​មន្ត្រីរាជការ​ហើយ ក្រុមការងារ​នឹង​បន្ត​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ថែមទៀត ។​

​លោក ប្រាក់ សុវណ្ណ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តព្រះវិហារ សូម​ធ្វើ​អនាម័យ​ឱ្យ បាន​ស្អាត​ជានិច្ច​ពិសេស ៣​កុំ ៣​ការពារ ដែលជា​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួង សុខាភិបាល ដើម្បី​ចូលរួម​អនុវត្តន៍ ការពារ​កុំឱ្យ​មាន​ជំងឺ​កូ​វីដ​-១៩ ឆ្លង​ដល់​សហគមន៍ ឃុំ ស្រុក ខេត្ត​របស់​យើង ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular