ដោយ: បូកគោ/កំពត: ប្រជាពលរដ្ឋទាំងអស់ត្រូវត្រៀមលក្ខណៈ ដើម្បីចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នាពេលខាងមុខឱ្យបានគ្រប់ៗគ្នា។ នេះ ជាសារអំពាវាវរបស់លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត គ្រាដែលប្រជាពលរដ្ឋមកទទួលអំណោយពីសាខាកាកបាទក្រហមខេត្តកំពតនាព្រឹក និងរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅស្រុកកំពង់ត្រាច និងក្រុងកំពត។
នាឱកាសនោះ លោកជាវ តាយបានស្នើដល់ ពលរដ្ឋគ្រប់រូបត្រូវចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងគោរពបម្រាមរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ពិសេសការហាមធ្វើដំណើរឆ្លងខេត្ត ឆ្លងតំបន់បើគ្មានភាពចាំបាច់។
លោកបានបញ្ជាក់ថា ការប្រតិបត្តិបានព្រមគ្នានូវវិធានការ ក៏ដូចជាបម្រាមទាំងនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋទូទៅជៀសផុតពីការឆ្លង និងចម្លងមេរោគនៃជំងឺដ៏កាចសាហាវនោះ និង បញ្ចៀសឱ្យបាននូវការកុំជឿពាក្យបំផុសបំផុលរបស់ជនអគតិមួយចំនួន ដែលតែងប្រឌិតព័ត៌មានដើម្បីធ្វើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការភ័យខ្លាច និងបង្កជាចលាចលក្នុងប្រទេសនោះ៕