ដោយៈ ទេព មង្គល / បាត់ដំបងៈ លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បានសម្រេច​បិទ​ផ្នែក​ខាងក្នុង​ផ្សារ (​តួ​ផ្សារ​) នៃ​ផ្សារ​ចំនួន ៨ ក្នុង​ក្រុង​បាត់ដំបង ជា​បណ្ដោះអាសន្ន រយៈពេល ៧ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល ជំងឺ​កូ​វីដ​១៩ នៅក្នុងសហគមន៍ អំឡុងពេល បុណ្យចូលឆ្នាំថ្មី​។​

​នៅក្នុង​សេចក្ដីសម្រេច បានបញ្ជាក់​ថាៈ ផ្សារ​ចំនួន​៨ នៅ​ក្រុង​បាត់ដំបង ដែល​ត្រូវបាន​បិទ បណ្ដោះអាសន្ន​នោះ រួមមានៈ ១.​ផ្សារ​ធំ​បាត់ដំបង (​ផ្សារណាត់​) , ២. ផ្សា​របឹង​ឈូក , ៣. ផ្សារ ១៣ មករា , ៤. ផ្សារ​អ​ប្ស​រា​ផ្សារលើ , ៥, ផ្សារ​រោងល្ខោន , ៦. ផ្សារ​វត្ត​លៀប , ៧. ផ្សារ​ពោធិ៍​វង្ស និង​៨. ផ្សារ​ទំនើប​ភូ​ពុ​យ​។​

​រដ្ឋបាលខេត្ត បានបញ្ជាក់​ថាៈ ទីតាំង​ផ្សារ ទាំង ៨ នេះ ត្រូវបាន​អនុញ្ញាត​ឲ្យ​លក់​នៅ​ផ្នែក​ខ្លះ នៃ​បរិវេណ​ខាងក្រៅ​ផ្សារ ដូចជា បន្លែ ត្រី សាច់ គ្រឿងឧបភោគ បរិភោគ ដែលជា​តម្រូវ​ការចាំបាច់ រស់នៅ​ប្រចាំថ្ងៃ ដោយ​អនុវត្ត​នូវ​វិធានការ សុខាភិបាល ក្នុងការ​រក្សា​គម្លាត​សុវត្ថិភាព ពាក់​ម៉ាស់ និង​លាងដៃ​៕/V​