Home កីឡា ហុង​មីន​សុន​រ...

ហុង​មីន​សុន​រង​ការប្រមាថ​រើសអើង​ជាតិ​សាសន៍​តាម​អន​ឡា​ញ ក្រោយ Tottenham ចាញ់​បិសាច​ក្រហម Man Utd

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ខ្សែ​ប្រយុទ្ធ សុន ហុង​មីន របស់​ក្រុម Tottenham កាលពី​ថ្ងៃអាទិត្យ​បាន​ក្លាយ​ជា​កីឡាករ​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Premier League​ដែល​ក្លាយជា​គោលដៅ​ប្រមាថ​​រើសអើង​ជាតិ​សាសន៍​នៅលើ​បណ្តាញ​សង្គម​បន្ទាប់ពី​ចប់​ការប្រកួត​។​

​កីឡាករ​អន្តរជាតិ​កូរ៉េ​ខាងត្បូង​រូប​នេះ​បាន​ចូលរួម​ក្នុង​ឧបទ្ទវហេតុ​មួយ​ដែល​នាំឱ្យ​លុបចោល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ អេឌីន​សុន កា​វ៉ា​នី នៅ​តង់​ទី ១ ខណៈ Tottenham​ចាញ់​ក្រុម​បិសាច​​ក្រហម Manchester United ៣-១ ។ កីឡាករ ស្កុត ម៉ាក​ថូ​មី​ណេ ត្រូវបាន​កាត់​សេចក្តី​ថា​បាន​បង្កកំហុស​លើ​សុន​ក្នុងពេល​សាង​បាល់​ស៊ុត​បញ្ចូល​ទី​។​

​សុន ដែលជា​អ្នក​ស៊ុត​បញ្ចូល​ទី​ឱ្យ Tottenham ត្រូវបាន​កំណត់​គោលដៅ​ជេរប្រមាថ​រើសអើង​ជាតិ​សាសន៍​នៅក្នុង​ការឆ្លើយតប​ទៅនឹង Tweet ពី​គណនី​ផ្លូវការ​របស់ Tottenham​និង​នៅក្នុង​ផ្នែក​​បញ្ចេញមតិ​នៅ​លើ​ផុស​បង្ហោះ​ចុងក្រោយ​របស់​សុន​នៅលើ Instagram​។​

​ក្លិប​មាន់​ខ្នាយ​មាស Tottenham បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ចប់​ការប្រកួត​មួយ​ផ្សេង​ទៀត​ក៏​មាន​ការប្រមាថ​រើសអើង​ពូជសាសន៍​ដ៏​គួរឱ្យ​ស្អប់ខ្ពើម​មកលើ​កីឡាករ​ម្នាក់​របស់​យើង​។ ការរើសអើង​នេះ​ត្រូវបាន​រាយការណ៍​ជា​ថ្មី​ម្តង​ទៀត​ទៅ​កាន់​វេទិកា​នានា​ហើយ​ឥឡូវ​នេះ​យើង​នឹង​ធ្វើ​ការត្រួតពិនិត្យ​យ៉ាង​ពេញលេញ​ជា​មួយ​ក្របខ័ណ្ឌ Premier League ដើម្បី​កំណត់​នូវ​សកម្មភាព​ដែល​មាន​ប្រសិទ្ធិភាព​បំផុត​ឆ្ពោះ​ទៅមុខ​។ យើង​នឹង​ឈរ​នៅ​ជាមួយ​អ្នក​ជានិច្ច សុន​”​។​

Twitter និង Instagram ដែល​គ្រប់គ្រង​ដោយ Facebook បាន​បដិសេធ​សំណើ​សម្ភាសន៍​នាពេល​ថ្មីៗ​នេះ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន The Associated Press ដើម្បី​ពិភាក្សា​អំពី​របៀប​ដែល​ពួកគេ​កំពុង​ធ្វើ​ការលុបបំបាត់​ការប្រមាថ​រើសអើង​ពូជសាសន៍​ទៅលើ​កីឡាករ​បាល់ទាត់​៕

សុន​កំពុង​ប្រជែង​យក​បាល់​ជាមួយ​អា​រ៉ុន​ប៊ីសា​កានៅ​កីឡដ្ឋាន Tottenham Hotspur Stadium ក្នុង​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃអាទិត្យ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular