Home ព័ត៌មានជាតិ នយោបាយ មាស យីម ពីគ្រ...

មាស យីម ពីគ្រូបង្រៀនក្នុងរបបសង្គមរាស្ត្រនិយមទៅជាកម្មាភិបាលសេដ្ឋកិច្ច ក្នុងសម័យខ្មែរក្រហម

ដោយ៖ សូ ហាន់ បុគ្គលិកការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហមខេត្តព្រៃវែង/ភ្នំពេញៈ តាមរយៈកញ្ចក់អេក្រង់កុំព្យូទ័រចេញពីការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម ខេត្តព្រៃវែង និងចេញពីមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងទីក្រុងភ្នំពេញ យើងបានមើលឃើញទឹកមុខរស់រាយរាក់ទាក់ ញញឹម ញញែម និងប្រកបដោយភាពស្និទ្ធស្នាលរបស់បុរសវ័យចំណាស់ម្នាក់ ដែលមានសក់ល្បាយអាចម៍ខ្លា ថ្ងាសទូលាយ ពាក់អាវសដៃខ្លី កំពុងអង្គុយនៅក្រោមផ្ទះឈើមួយខ្នងនៅពីមុខកញ្ចក់អេក្រង់ទូរសព្ទដៃរបស់គាត់ ដែលកំពុងនិយាយមកកាន់ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា អំពីជីវប្រវត្តិគាត់ដែលឆ្លងកាត់ច្រើនជំនាន់ តាំងពីអំឡុងឆ្នាំ១៩៥០រហូតមកដល់បច្ចុប្បន្ន។ គាត់មានឈ្មោះ មាស យីម អាយុ៨០ឆ្នាំ រស់នៅភូមិពេជ្ជីរតន៍ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង គឺជាគ្រូបង្រៀនចូលនិវត្តន៍ម្នាក់ដែលធ្លាប់បង្រៀននៅសាលាបឋមសិក្សាពេជ្ជីរតន៍ និងជាអតីតកម្មាភិបាលក្នុងមន្ទីរសេដ្ឋកិច្ចស្រុកកំពង់ត្របែកក្នុងចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៨។

រូបខាងឆ្វេង ជួរខាងក្រោម៖ មាស យីម អាយុ៨០ឆ្នាំ សព្វថ្ងៃរស់នៅភូមិពេជ្ជីរតន៍ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ផ្តល់បទសម្ភាសន៍ពីចម្ងាយទាក់ទងនឹងជីវប្រវត្តិរបស់គាត់ តាមប្រព័ន្ធអ៊ីនធើណែតដោយប្រើប្រាស់កម្មវិធីហ្គូហ្កលមីត (Google Meet) ដល់បុគ្គលិកមជ្ឈ មណ្ឌល ឯកសារ

នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ក្រុមការងារនៃការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម ខេត្តព្រៃវែង បានភ្ជាប់បណ្តាញទំនាក់ទំនងជាមួយលោកគ្រូ មាស យីម តាមប្រព័ន្ធអ៊ីនធើណែតដោយប្រើប្រាស់កម្មវិធីហ្គូហ្កលមីត (Google Meet) ដើម្បីស្នើសុំការសហការផ្តល់កិច្ចសម្ភាសន៍ពីចម្ងាយ ទាក់ទងនឹងជីវប្រវត្តិឆ្លងកាត់សម័យកាលជាច្រើនរបស់គាត់។ កិច្ចសម្ភាសន៍តាមប្រព័ន្ធអ៊ីនធើណែត បានចាប់ផ្តើមឡើងរវាងបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាបីរូប និងលោកគ្រូ មាស យីម ចាប់ពីម៉ោងប្រមាណ៩ព្រឹករហូតដល់ម៉ោងជាង ១១ពេលព្រឹកក្នុងថ្ងៃដដែល។

មាស យីម កើតនៅឆ្នាំ១៩៤១ នៅភូមិពេជ្ជីរតន៍ ឃុំចាម ស្រុកកំពង់ត្របែខេត្តព្រៃវែង។ គាត់មានឪពុកឈ្មោះ មាស ភោគ និងម្តាយឈ្មោះ អុង ឈឿ។ គាត់គឺជាកូនទី៣ក្នុង ចំណោមបងប្អូន៦នាក់។ យីម បានចាប់ផ្តើមការសិក្សានៅអាយុ១០ឆ្នាំ ក្នុងវត្តមួយនៅឯស្រុកកំណើត ហើយបញ្ចប់ការសិក្សានៅវិទ្យាល័យព្រះសូរិយាវង្ស ក្នុងខេត្ត ស្វាយរៀង នៅអាយុប្រហែល២៥ឆ្នាំ។ នៅឆ្នាំ១៩៦៦ យីម បានប្រឡងជាប់គ្រូ និងបានចូលរៀននៅសាលាគរុកោសល្យ កំពង់កន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នៅឆ្នាំ១៩៦៨ យីម បានប្រឡងបញ្ចប់វគ្គគ្រូបង្រៀន និងត្រូវបានបញ្ជូនឲ្យទៅធ្វើជាគ្រូបង្រៀននៅក្នុងខេត្តរតនៈគិរី។ មួយឆ្នាំក្រោយមក គាត់បានស្នើសុំផ្លាស់ប្តូរមកបង្រៀននៅក្នុងសាលាបឋមសិក្សា ព្រៃដង្គុំ និងក្រោយមកទៀត ប្តូរមកសាលាបឋមសិក្សា ពេជ្ជីរតន៍ ស្រុកកំពង់ត្របែក ដែលជាស្រុកកំណើតរបស់គាត់វិញ។ យីម បានពេញចិត្តនឹងជីវិតជាគ្រូបង្រៀនរបស់គាត់ និងបានស្ងើចសរសើរពីការដឹកនាំរបស់សម្តេចព្រះ នរោត្តម សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយមថា បានផ្គាប់ចិត្តប្រជារាស្ត្រភាគច្រើនលើសលុបតាមរយៈការប្រារព្ធធ្វើអង្គសមាជជាតិ ដែលបានផ្តល់ឱកាសដល់ប្រជារាស្ត្រក្នុងការបញ្ចេញមតិយោបល់ពីទុក្ខកង្វល់ និងបញ្ហាផ្សេងៗដែលខ្លួនបានជួបប្រទះ។ យីម បានលើកឧទាហរណ៍ជាក់ស្តែងមួយ ដែលគាត់បានចូលរួមក្នុងអង្គសមាជជាតិដោយផ្ទាល់ ហើយគាត់នៅចងចាំមិនភ្លេចពីសកម្មភាពនោះ គឺ សម្តេចព្រះ នរោត្តម សីហនុ បានផ្តល់អព្យាក្រិត្យភាពមួយដល់ការផ្លាស់ប្តូរមុខតំណែងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចពីឈ្មោះ ខៀវ សំផន ទៅឈ្មោះ និន នារ៉ុម វិញ ដោយសារតែតម្លៃសាច់គោឡើងថ្លៃពី២០រៀលទៅ៤០រៀលក្នុងមួយគីឡូក្រាម ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ តាមសេចក្តីសម្រេចរបស់អង្គសមាជជាតិដែលមានប្រជារាស្ត្រចូលរួមគាំទ្រ។ យីម បានបន្តថា ប្រជាជនភាគច្រើនបំផុតបានពេញចិត្ត និងមានមោទកភាពចំពោះខ្លួនឯងថា ខ្លួនត្រូវបានលើកកម្ពស់ឲ្យចូលរួមដោះស្រាយកិច្ចការប្រទេសជាតិ។ និយាយដល់ត្រឹមនេះ យីម បានទម្លាក់ទឹកមុខបន្តិច រួចនិយាយបន្តពីការអាក់អន់ចិត្តពីសំណាក់ប្រជារាស្ត្រមួយចំនួនថា «នៅតែមានមនុស្សមួយចំនួនតូច ដែលភាគច្រើនចេញពីស្រទាប់គ្រូបង្រៀន មិនពេញចិត្តចំពោះការដឹកនាំរបស់សម្តេចឪទេ ហើយថែមទាំងបានងាកទៅគាំទ្រចលនាខ្មែរក្រហមវិញ ដូចជា ភោគ ឆាយ, ឈូក ម៉ឹងម៉ៅ, ភួង តុន និងទីវ អុល»។ ភោគ ឆាយ គឺជាប្រធានសមាគមន៍ និស្សិតខ្មែរនៅកម្ពុជា។ ឯកសារលេខJ០០៤៤៦ តម្កល់នៅក្នុងបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា បានឲ្យដឹងថា ភោគ ឆាយ ធ្លាប់ត្រូវរដ្ឋាភិបាលសម័យសង្គមរាស្ត្រនិយមចាប់ដាក់ឃុំឃាំងជាមួយ ខៀវ សំផន, ហ៊ូ យន់ និងហ៊ូ នឹម កាលពីឆ្នាំ១៩៦៧ ដោយសារទំនាស់ពាក្យសម្តីអំពីការតាំងពិព័រណ៍វត្ថុសិល្បៈចិន។ ក្រោយមក ភោគ ឆាយ ត្រូវបានដោះលែងមកវិញ និងបានចូលបម្រើក្នុងចលនាបដិវត្តន៍រហូតដល់ថ្ងៃដែលអង្គការចាប់ខ្លួននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ១៩៧៧ មកដាក់នៅក្នុងមន្ទីរសន្តិសុខ ស-២១ និងត្រូវបានសម្លាប់ក្នុងរយៈពេលបន្តិចក្រោយមកទៀត។ រីឯ ឈូក ម៉ឹងម៉ៅ (ឯកសារខ្លះសរសេរឈ្មោះ ឈូក ម៉េងម៉ៅ) គឺជាចាងហ្វាងកិច្ចការគរុកោសល្យនៅទីក្រុងភ្នំពេញ ពីចន្លោះឆ្នាំ១៩៥៦ ដល់១៩៦៧ និងជាអធិការអមទីស្តីការក្រសួងអប់រំ ពីចន្លោះឆ្នាំ១៩៦៨និងឆ្នាំ១៩៦៩។ យោងតាមឯកសារចម្លើយសារភាពរបស់ ឈូក ម៉ឹងម៉ៅ បានឲ្យដឹងថា គាត់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៧៦ និងបានបញ្ជូនមកកាន់មន្ទីរស-២១ ពីបទក្បត់នឹងអង្គការបក្ស ដោយបានលួចលាក់បង្កប់កម្លាំងក្បត់ និងបង្កបង្កើតកម្លាំងក្បត់ក្នុងជួរបក្សជាបន្តបន្ទាប់ដើម្បីផ្តួលរំលំអង្គការបក្ស។ ចំណែកឯ ភួង តុន  (ឯកសារខ្លះសរសេរឈ្មោះ ភឹង តុន) គឺជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ភ្នំពេញ និងជាសាស្ត្រាចារ្យនិតិសាស្ត្រ។ នៅខែសីហា ឆ្នាំ១៩៦៨ ភួង តុន ត្រូវរដ្ឋាភិបាលសង្គមរាស្ត្រនិយមចាប់ខ្លួន និងឃុំខ្លួនអស់រយៈពេលមួយខែ ពីមូលហេតុថាមានគំនិតឆ្វេងនិយមប្រឆាំងនឹងការគ្រប់គ្រងរបស់សម្តេច សីហនុ។ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៧៦ ភួង តុន ត្រូវបាននាំខ្លួនមកកាន់មន្ទីរស-២១ ក្នុងអំឡុងពេលដែលគាត់កំពុងចូលរួមវគ្គនយោបាយនៅបឹងត្របែក បន្ទាប់ពីគាត់ត្រូវបានបញ្ចុះបញ្ចូលឲ្យវិលត្រឡប់មកពីប្រទេសស្វីសដើម្បីចូលរួមកសាងប្រទេសជាតិឡើងវិញ។ នៅអំឡុងខែកក្កដា ឆ្នាំ១៩៧៧ ភួង តុន ត្រូវបានសម្លាប់នៅក្នុងមន្ទីរស-២១។ ចំណែក ទីវ អុល គឺជានាយកអនុវិទ្យាល័យ អង្គឌួង ទីរួមខេត្តព្រៃវែង។ យោងតាមឯកសារលេខ J០០៥០២ មានចំណងជើង «ប្រវត្តិសកម្មភាពក្បត់របស់ ទីវ អុល ហៅ ពេញ» តម្កល់នៅក្នុងការិយា ល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហមខេត្តព្រៃវែង បានឲ្យដឹងថា ទីវ អុល បានចូលជាខ្មែរសេរីក្នុងឆ្នាំ១៩៥៧ ក្រោមការចាត់តាំងពីឈ្មោះ ឈូក ម៉ឹងម៉ៅ, ឆេង ផុន និង កុយ ធួន។ ទីវ អុល ចូលជាសមាជិក សេ.អ៊ី.អា នៅឆ្នាំ១៩៦១ និងបានកសាងកម្លាំង សេ.អ៊ី.អា ជាច្រើននាក់ តាមរយៈសិស្ស និងគ្រូបង្រៀន។ នៅឆ្នាំ១៩៧៣ ទីវ អុល បានបើកវគ្គអប់រំចំនួនពីរដងនៅក្នុងភូមិភាគបូព៌ា ក្នុងគោលបំណងកសាងកម្លាំង សេ.អ៊ី.អា និងបង្កើនទំនាក់ទំនងខ្សែក្បត់ក្នុងភូមិភាគបូព៌ា។ ចាប់តាំងពីពាក់កណ្ដាលឆ្នាំ១៩៦៨ រហូតដល់ខែមីនា ឆ្នាំ១៩៧៧ ទីវ អុល បានធ្វើកិច្ចការសំខាន់ៗជាច្រើនក្នុងជួរបដិវត្តន៍ ទាក់ទងនឹងការងារអប់រំមនោគមវិជ្ជា និងកិច្ចការបរទេស។ នៅខែមេសា ឆ្នាំ១៩៧៧ អង្គការបានចាប់ខ្លួន ទីវ អុល និងបានបញ្ជូនគាត់ទៅកាន់មន្ទីរសន្តិសុខស-២១ ។ ក្នុងឆ្នាំ១៩៧៧ដដែល ទីវ អុល ត្រូវបានសម្លាប់ចោលដោយចោទប្រកាន់ថាបានបទក្បត់នឹងអង្គការបដិវត្តន៍។

មាស យីម អាយុ៨០ឆ្នាំ គឺជាគ្រូបង្រៀនចូលនិវត្តន៍ សព្វថ្ងៃរស់នៅភូមិពេជ្ជីរតន៍ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
(ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

យីម គឺជាគ្រូបង្រៀនម្នាក់ដែលមិនជាប់ពាក់ព័ន្ធនឹងនិន្នាការនយោបាយដូចគ្រូបង្រៀនខ្លះទៀតឡើយ ប៉ុន្តែគាត់ក៏មិនពេញចិត្តចំពោះរដ្ឋាភិបាលដែលកើតចេញពីរដ្ឋប្រហាររបស់ លន់ នល់ ដែរ។ បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ យីម នៅតែជាគ្រូបង្រៀនដដែល ហើយគាត់ត្រូវបានបញ្ចុះបញ្ចូលឲ្យប្រើប្រាស់អាវុធដើម្បីចូលរួមជួយការពារភូមិស្រុកពីការចូលលុកលុយរបស់កងទ័ព លន់ នល់។ យីម បាននិយាយថា «រដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ គឺជាពេលវេលាចាប់ផ្តើមកកើតសង្គ្រាមស៊ិវិល»។ ភូមិស្រុកដែលពុំធ្លាប់មានសង្គ្រាម បែរជាកើតមានសង្គ្រាម។ យុវជនដែលធ្លាប់តែរស់នៅប្រកបរបររកស៊ីធ្វើស្រែចម្ការនៅក្នុងភូមិ បែរជារត់ចូលព្រៃដើម្បីគេចពីគ្រាប់ផ្លោង និងស្ម័គ្រចិត្តចូលបម្រើបដិវត្តន៍តាមការអំពាវនាវរបស់ សម្តេចឪពីប៉េកាំង។ គ្រូបង្រៀនមួយចំនួន បានងាកទៅរកការស្តារប្រទេសតាមរបៀបកុំម្មុយនីស្តនិយម និងបានចូលរួមបម្រើក្នុងចលនាខ្មែររំដោះ។ យីម ដែលធ្លាប់តែជាមនុស្សគិតគូរពីការបង្កើនចំណេះដឹងដល់សិស្សដោយមិនខ្វាយខ្វល់ពីបញ្ហានយោ បាយ ក៏ត្រូវស្ទាក់ស្ទើរក្នុងចិត្តមួយរយៈពេល ហើយក្រោយមកក៏បានសម្រេច ចិត្តងាកទៅរកមាគ៌ាមួយដែលជាវិធីតែមួយគត់ក្នុងការស្តារស្ថានភាពប្រទេសកម្ពុជាឡើងវិញ នោះគឺការចូលរួមជាមួយចលនាបដិវត្តន៍តាមរយៈការរួបរួមកម្លាំងជាមួយរណសិរ្សរួបរួមជាតិកម្ពុជា ដែលមានសម្តេចព្រះ នរោត្តម សីហនុ ជាប្រធាន។

នៅឆ្នាំ១៩៧២ យីម បានទទួលលិខិតមួយច្បាប់ពីឈ្មោះ ជ័យ សារិន ជាអនុប្រធានគណៈស្រុកកំពង់ត្របែក បញ្ចុះបញ្ចូលគាត់ឲ្យចូលរួមក្នុងចលនាបដិវត្តន៍ដើម្បីជួយរៀបចំស្រុកភូមិឡើងវិញ។ យីម បានយល់ព្រមជាមួយ សារិន ហើយគាត់ក៏ទទួលបានការតែងតាំងជាកម្មាភិបាលមន្ទីរវប្បធម៌ស្រុកកំពង់ត្របែក មានភារកិច្ចរៀបចំភូមិឃុំក្នុងស្រុកកំពង់ត្របែក ដូចជាឃុំចាម ឃុំព្រៃពោន ឃុំគោខ្ចក ឃុំជាងដែក និងឃុំជ្រៃ និងចាត់តាំងកម្មាភិបាលឲ្យធ្វើជាគ្រូបង្រៀន ព្រមទាំងប្រមែប្រមូលសិស្សឲ្យមករៀនតាមផ្ទះ និងក្រោមដើមឈើ។

នៅឆ្នាំ១៩៧៣ យីម ត្រូវបានស្នើសុំឲ្យផ្លាស់ប្តូរភារកិច្ចថ្មីទៅធ្វើការនៅក្នុងមន្ទីរសិល្បៈស្រុកកំពង់ត្របែកវិញ ដែលមានប្រធានសិល្បៈឈ្មោះ ស ទី ជាអ្នកគ្រប់គ្រង។ នៅទីនោះ យីម បានទទួលភារកិច្ចសំខាន់ៗចំនួនពីរគឺ ១) ដឹកនាំការសម្តែងសិល្បៈតាមភូមិឃុំ និង ២) បង្រៀនបច្ចេកទេសសិល្បៈដល់សិស្ស។ ទោះបីជា យីម មិនមានជំនាញខាងសិល្បៈច្បាស់លាស់ក៏ដោយ ក៏គាត់បានព្យាយាមបង្ហាត់បង្រៀនសិស្សពីការសម្តែងសិល្បៈតាមខ្លឹមសារដែលបក្សបានកំណត់ ក្នុងន័យបម្រើដល់វិស័យកសិកម្ម និងវិស័យកងទ័ព។ យីម បានប្រាប់ថា «បក្សបានណែនាំថា ការបង្ហាត់បង្រៀនសិល្បៈគឺត្រូវបង្រៀនពីបច្ចេកទេសសិល្បៈ និងខ្លឹមសារបដិវត្តន៍ទាក់ទងនឹងការបង្កបង្កើនផលនិងការវាយខ្មាំង»។

ចាប់តាំងពីឆ្នាំ១៩៧៤ រហូតដល់ឆ្នាំ១៩៧៨ យីម ត្រូវអង្គការផ្លាស់ប្តូរឲ្យទៅបម្រើការជាកម្មាភិបាលក្នុងមន្ទីរសេដ្ឋកិច្ចស្រុកកំពង់ត្របែក មានតួនាទីជាអ្នកគ្រប់គ្រងឃ្លាំងសម្ភារៈ និងស្រូវអង្ករប្រចាំស្រុកកំពង់ត្របែក។ យីម តែងតែធ្វើរបាយការណ៍ផ្ញើទៅកាន់ថ្នាក់លើរបស់ខ្លួនពី៖ ១) ការទទួលស្រូវ អង្ករ ប្រេងកាត អំបិល និងសម្ភារផ្សេងៗចូលក្នុងមន្ទីរ និង ២) ការចែកចាយសម្ភារទាំងនោះទៅកាន់សហករណ៍នានា និងមូលដ្ឋានកងទ័ពក្នុងស្រុកកំពង់ត្របែក។ យីម បានធ្វើកិច្ចការងារនេះមិនដែលមានកំហុសឆ្គងម្តងណាឡើយ។ ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់១៩៧៨ យីម មិនដែលទទួលរងការលំបាក ជួបប្រទះភាពអត់ឃ្លាន ឬត្រូវបង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំងឡើយ ប៉ុន្តែគាត់បានប្រាប់ថា គាត់មានការហត់នឿយបន្តិចបន្តួចពីកិច្ចការសរសេររបាយការណ៍ប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆមាស ផ្ញើទៅកាន់ថ្នាក់លើ។ ក្រោយថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ យីម បានចូលបម្រើការងារជាគ្រូបង្រៀនម្តងទៀត ហើយគាត់បានចូលនិវត្តន៍នៅឆ្នាំ១៩៩៨។

រយៈពេលជាង៤០ឆ្នាំកន្លងផុតទៅ យីម នៅតែមានការចងចាំបានល្អពីបទពិសោធន៍ជីវិតរបស់គាត់។ គាត់តែងតែនិយាយរៀងរ៉ាវដែលបានកើតឡើងកាលពីអតីតកាល ប្រាប់ដល់កូនៗ គ្រូបង្រៀន និងអ្នកជិតខាងរបស់គាត់ ហើយអ្នកទាំងនោះមានការជឿជាក់ថា ព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងភូមិឃុំដែលខ្លួនកំពុងរស់នៅ ពិតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលគួរចងចាំ និងរៀនសូត្រពីសំណាក់ក្មេងៗជំនាន់ក្រោយ។ សព្វថ្ងៃ យីម មិនមានប្រកបរបរអ្វីទៀតទេ ក្រៅពីធ្វើបុណ្យទាន និងចាស់ព្រឹទ្ធាចារ្យក្នុងភូមិដែលជាទីពឹងពាក់អាស្រ័យនៃអ្នកភូមិ និងក្មេងៗជំនាន់ក្រោយ៕

មាស យីម អាយុ៨០ឆ្នាំ គឺជាគ្រូបង្រៀនចូលនិវត្តន៍ សព្វថ្ងៃរស់នៅភូមិពេជ្ជីរតន៍ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
(ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular