Home កីឡា CL ៖ Chelsea ...

CL ៖ Chelsea និង PSG រំពឹង​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ ការប្រកួត​បាល់ទាត់ UEFA Champions League ថ្ងៃ​អង្គារ​នេះ​ឈាន​ចូល​ដល់​វគ្គ​១​ភាគ​៤ ជើង​ទី​ពីរ ដោយមាន ២ គូ​នឹង​ត្រូវ​តតាំង​គ្នា​ដូច​ខាងក្រោម​។ លទ្ធផល​ជើង​ទី​មួយ​គឺ Porto ០-២ Chelsea និង Bayern Munich ២-៣ PSG​។​

– Chelsea vs Porto

​ក្រោយ​ឈ្នះ ២-០ នៅ​ជើង​ទីមួយ ក្រុម​តោ​ខៀវ Chelsea បាន​ឈាន​ជើង​មួយ​ជំហាន​ចូល​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រួចទៅហើយ​។ លទ្ធផល​នេះ​បានធ្វើឱ្យ​កូនក្រុម​របស់​លោក​ថូ​ម៉ាស ធូ​ខល់ មានប្រៀប​យ៉ាងខ្លាំង​ហើយ​ជោគវាសនា​របស់​ពួកគេ​ឥឡូវ​គឺ​ស្ថិតនៅលើ​ដៃ​ពួកគេ​ហើយ​។

​ពួកគេ​បាន​ប្រកួត​ឈ្នះ​នៅ​ជើង​ទី​មួយ​ទាំង​មានប្រៀប​បំផុត ហើយ​វា​ជា​ការប្រកួត​ក្រៅ​ដី​ថែមទៀត ត្បិត​វា​ជា​កីឡដ្ឋាន​របស់ Sevilla ដែល​ប្រើ​សម្រាប់​ការប្រកួត​ទាំងពីរ​ជើង​ក៏ដោយ​។ ហើយ​កិច្ចការ​នៅសល់​ថ្ងៃនេះ​សម្រាប់​តោ​ខៀវ​គឺ​ធ្វើ​យ៉ាងម៉េច​រក្សា​លទ្ធផល​ឈ្នះ​នេះ​ឱ្យបាន ដោយ​មិន​ចាំបាច់​ឈ្នះ​ទៀត​ក៏​បាន​ដែរ​។

​អ្វី​ដែល​សំខាន់ ពួកគេ​មាន​ប្រៀប​លើ​ក្រុម​ដែល​មកពី​ក្រៅ​តំបន់​លី​ក​កំពូល​ទាំង​៥​របស់​អឺរ៉ុប ហើយ​បច្ចុប្បន្ន​ពួកគេ​កំពុង​វិវឌ្ឍ​ខ្លួន​ទៅ​ជា​ក្រុម​ដែល​ស៊ុត​ចូល​ដោយ​សេរី និង ការពារ​បាន​យ៉ាង​ល្អ​ថែមទៀត​។

​ទន្ទឹមនេះ ក្រុម Porto កំពុង​ជួប​បញ្ហា​រក្សា​ទម្រង់​លេង​មិន​បាន​ថេរ​។ ពួក​គេ​ការពារ​មិនបាន​ល្អ​ទេ​ឆ្លងកាត់​ការប្រកួត CL ជា​ហូរហែ​មកនេះ ហើយ​លើសពីនេះ​ទៀត ពួកគេ​មាន​កំណត់ត្រា​ប្រកួត​ជម្រុះ​មិន​ល្អ​ទេ​ពេល​ប៉ះ​តោ​ខៀវ គឺ​ធ្លាក់​រហូត​។ ក៏​ប៉ុន្តែ​ក្នុង​សន្និសីទកាសែត គ្រូបង្វឹក​របស់ Porto បានប្រកា​សក្តែងៗ​ថា ពួកគេ​នឹង​លើកទ័ព​និង​អាវុធ​ធុន​ធ្ងន់​វាយ​បំបែក​តោ​ខៀវ​ឱ្យ​ខ្ទេច​បន្ទាយ​ទាល់តែ​បាន​។

​ត្បិត​ដូច្នេះ​ក្តី បើ​ក្រឡេក​មើល​ទម្រង់​លេង​បច្ចុប្បន្ន និង​ការលេង​ប្រយ័ត្នប្រយែង​របស់​តោ​ខៀវ យើង​រំពឹង Chelsea នឹង​រក្សា​លទ្ធផល​ឈ្នះ​នេះ​បាន ហើយ​បន្ត​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដើម្បី​ជួប​ជាមួយ Real Madrid ឬ Liverpool​។

– PSG vs Bayern Munich

Paris បាន​ទូទាត់​កំហឹង​បានសម្រេច​ចំពោះ​ការ​ចាញ់ Bayern Munich នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំមុន ដោយ​បំបាក់​ពួក​គេ​ដល់​ក្នុង​ទឹកដី ៣-២ កាល​ពី​ជើង​ទីមួយ​។ ប៉ុន្តែ​បំណុល​នេះ​សង​មិនទាន់​ចប់​នៅឡើយ​ទេ ពួកគេ​ត្រូវ​ទូទាត់​បន្ថែម​ទៀត​នៅ​ជើង​ទី​ពីរ​។

​ដូច​ការរំពឹងទុក កូនក្រុម​របស់លោក ហាន​ឌី​ធឺ ភ្លិ​ក បាន​រៀបចំ​យុទ្ធសាស្ត្រ​លេង ដែល​មាន​ខ្សែការពារ​ឡើង​ខ្ពស់ៗ​ពាក់កណ្តាល​ទី ហើយ​ក្បួន​វាយលុក​នេះ​ទទួលបាន​ជោគជ័យ​សឹងតែ​លើ​ក្រុម​ទាំងអស់ ដែល Bayern បាន​ប៉ះ​។ ប៉ុន្តែ​កូន​ក្រុម​របស់​លោក​ម៉ូ​រី​ស៊ី​អូ ផូ​ឆេត​ទីណូ ដែល​មាន​កីឡាករ​ល្អៗ​ដូចជា ខាយ​លៀន អេម​បា​ហ្វេ​, នី​ម៉ា​, អ៊ែន​ជែល ឌី​ម៉ា​រៀ ។​ល​។ បាន​ប្រើ​យុទ្ធសាស្ត្រ​វាយបក​លឿនៗ ហើយ​អាច​បំបាក់​ក្បួន​របស់​លោក​ភ្លិ​កបាន​សម្រេច​កាលពី​ជើង​ទីមួយ​។

PSG អាច​ទម្លុះ​តំបន់​ការពារ​ខ្ពស់ៗ​របស់ Bayern យ៉ាង​ងាយ ហើយ​ជា​លទ្ធផល​គឺ​ស៊ុត​បំប៉ោង​សំណាញ់​បាន ៣ គ្រាប់​។ កូនក្រុម​របស់​លោក​ភ្លិ​កក៏​បង្ហាញ​ភាពខ្លាំងរ​បស់​ខ្លួន​ផងដែរ ដោយ​វាយបក​វិញ​បាន ២ គ្រាប់​។ តែ​ទោះ​យ៉ាងណា ពួក​គេ​ខ្វះ​ដាវ​មុត​ស្រួច​នៅ​តំបន់​ប្រយុទ្ធ គឺ​អវត្តមាន​កីឡាករ រ៉ូបឺត ឡេ​វ៉ាន់ដូ​វស្គី​។

​សម្រាប់​ជើង​ទី​ពីរ​នេះ ពួកគេ​ត្រូវ​ស៊ុត​ឱ្យបាន​លើស​២​គ្រាប់​ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​ជា​ថ្មី​ម្តងទៀត វា​នឹង​បើកឱកាស​ឱ្យ​ប្រយុទ្ធ​លឿនៗ​របស់ PSG កេងចំណេញ​តំបន់​ការពារ​ខ្ពស់​របស់ Bayern សាជាថ្មី​។

​ដោយ​ហេតុ​ដូចនេះ​យើង​រំពឹង PSG ឈ្នះ​ការប្រកួត​នេះ​ម្តងទៀត​ក្នុង​លទ្ធផល​យ៉ាងតិច ២-១ ។​

​តារាង​ការប្រកួត CL ៖

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular