ដោយៈ ជាសីហៈ/ភ្នំពេញៈ នាពេលថ្មីៗកន្លងទៅនេះ អង្គការ WCS សហការជាមួយរដ្ឋបាល ជលផល បានលែងកូនកន្ធាយក្បាលកង្កែប ឬល្មិច ដែលជា ប្រភេទជិតផុតពូជបំផុតនៅលើ ពិភពលោក ចំនួន ១៤៨ក្បាលដែលមានអាយុចន្លោះពី ១សប្តាហ៍ទៅ ៣សប្តាហ៍ ចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញតាមដងទន្លេមេគង្គស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។
អង្គការនេះបានឲ្យដឹងថា នៅក្នុងរដូវពងកូនឆ្នាំ ២០២១ ដែលចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១ គិតត្រឹមដើមខែមេសានេះក្រុមការពារសម្បុកនៅតាមសហគមន៍ បានរកឃើញសម្បុកពងកន្ធាយក្បាលកង្កែបចំនួន ៥៨សម្បុក មាន២.០៥៨ពងហើយគិត ត្រឹមសប្តាហ៍ទីមួយនៃខែមេសានេះ កូនកន្ធាយក្បាលកង្កែបចំនួន៥៥៩កូនបានញាស់ចេញ ពីសម្បុកចំនួន ២៨សម្បុក ដោយជោគជ័យ។
ប្រភពដដែលបានបន្តថា កូនកន្ធាយក្បាលកង្កែបដែលនៅសល់មិនទាន់លែងត្រូវបានក្រុម ការពារសម្បុកយកទៅរក្សាទុកក្នុងបែឈើបណ្តែតទឹកជាបណ្តោះអាសន្នដើម្បីឱ្យវាមានសុខភាពល្អមុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ។ ប្រភពដដែលបានបន្តថា ក្រុមការងារគ្រោងនឹងលែងកូនល្មិចទាំងអស់នេះចូលទៅក្នុងទីជម្រកធម្មជាតិវិញនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ៕/PC