​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​​ក្នុង​កិច្ចប្រជុំ​តាមរយៈ video conference ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ នៅ​ព្រឹក ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១​នេះ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ពិសេស​ខណ្ឌ​ដែល​ត្រូវបាន​បិទ​ខ្ទប់​ភូមិដ្ឋាន​ចំនួន​៣​ខណ្ឌ ដើម្បី​ការពារ​ជម្ងឺ​កូ​វីដ​-១៩ ត្រូវ​ស្រង់​ស្ថិតិ​ពលរដ្ឋ​ឱ្យបាន​ច្បាស់លាស់ ងាយស្រួល​ក្នុង​ផ្តល់​អំណោយ​ជូន​ពួកគាត់​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ផ្ដោត​សំខាន់​លើ​ការងារ​គ្រប់គ្រង​សភាពការណ៍ ការអនុវត្ត​តាម​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ស្ដីពី​ការបិទ​ខ្ទប់​តំបន់​ដែលមាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ២០២១ ការងារ​ស្ថិតិ​បន្ទប់​ជួល ផ្ទះជួល និង​អ្នកស្នាក់នៅ​អចិន្ត្រៃយ៍​ក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បី​គ្រប់គ្រង និង​ធានា​ឱ្យបាន​ក្នុង​ការចែក​អំណោយ​បាន​ទៅ​ដល់ដៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ បងប្អូន​កម្មករ កម្មការិនី ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​តំបន់​បិទ​ខ្ទប់​។

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ៖​ការចែក​អំណោយ​នៅ​តំបន់​បិទ​ខ្ទប់ យើង​ត្រូវ​ចែកជូន​បងប្អូន កម្មករ កម្មការិនី​មុនគេ ព្រោះ​ពួកគាត់​ជា​អ្នកមាន​ជីវភាព​ខ្វះខាត​ជាងគេ ហើយក៏​ងាយ​រងគ្រោះ​ជាងគេ​ផងដែរ ដែល​អាជ្ញាធរ​របស់​យើង​ត្រូវ​យកចិត្តទុកដាក់​បំផុត​។

​លោក​ឃួ​ង ស្រេង​បញ្ជាក់​ផងដែរ​ថា​៖ ចំពោះ​ខណ្ឌ​១១​ទៀត​ដែល​មិនមាន​ការបិទ​ខ្ទប់​ភូមិដ្ឋាន​ក៏ត្រូវ​តែ​ចុះ​ស្រង់​ស្ថិតិ​អោយបាន​ច្បាស់​ដែរ មានន័យថា នៅពេល​មាន​បញ្ហា​កើតឡើង​យើង​មាន​ស្ថិតិ​នៅក្នុង​ដៃ​ស្រាប់​។​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ការគោរព​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​អនុវត្ត​ឱ្យបាន ” ៣​ការពារ ៣​កុំ ” ព្រមទាំង​ការអនុវត្តន៍​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចៀស​ផុតពី​ជំងឺ​កូ​វីដ​១៩៕​