Home ព័ត៌មានជាតិ វប្បធម៌ ​អាជ្ញាធរ​ជាត...

​អាជ្ញាធរ​ជាតិ​អប្សរា បន្ត​ជួសជុល​បង្កាន់ដៃ​នាគ ប្រវែង ៣០ ម៉ែត្រ នៅ​ប្រាសាទបន្ទាយ​សំ​រ៉ែ​

​ដោយ​: អង្គរតូច / សៀមរាបៈ ចាប់តាំងពី​ដើមខែ​មីនា ឆ្នាំ​២០២១ ក្រុមការងារ​អភិរក្ស​ថ្ម នៃ​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ស្ថាប័ន GIZ ប្រទេស​អាល្លឺម៉ង់ បាន​ជួសជុល អភិរក្ស​លើក​តម្លៃ​បង្កាន់ដៃ​នាគ ស្ថិតនៅ​ជ្រុង​និរតី នៃ​ប្រាសាទបន្ទាយ​សំ​រ៉ែ ប្រវែង ៣០ ម៉ែត្រ​។ រហូត មកដល់​ពេលបច្ចុប្បន្ន​នេះ ក្រុមការងារ​ជួសជុល បាន​ប្រមាណ ៣៥ ភាគរយ​ហើយ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង ខែកញ្ញា ឆ្នាំ​២០២១ ខាងមុខ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹង​នៅថ្ងៃនេះ​។​

​លោក ឡុង ណា​រី ប្រធាន​ក្រុមការងារ​អភិរក្ស​ថ្ម នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បានលើកឡើង​ថាៈ បង្កាន់ដៃ​នាគ នៅ​ប្រាសាទបន្ទាយ​សំ​រ៉ែ បាន​រង​ការ​ខូ​ត​ខាត និង​បាក់បែក​ជាច្រើន​អន្លើ ខ្លះ​បាត់​ជើង​ទម្រ ខ្លះទៀត​បាក់​ជា​កំណាត់​។ បំណែក​ខ្លួន និង​ក្បាល​នាគ​មួយចំនួន ត្រូវ​កប់​នៅក្នុង​រោងទង និង​ព្រៃ​ជុំវិញ​ប្រាសាទ បណ្តាលមកពី​កម្សោយ​រចនាសម្ព័ន្ធ​គ្រឹះ មិនអាច​ទ្រ​ទម្ងន់​សង្កត់​។ ការបំផ្លាញ​ដោយ​បរិស្ថាន​ធម្មជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ និង​កង្វះ​ការថែទាំ​ជាដើម​។​

​លោក​បាន​បញ្ជាក់ថាៈ ក្រុមការងារ បាន​ប្រមូល​បំណែក​តូចធំ របស់​ចម្លាក់​បង្កាន់ដៃ​នាគ មកពី​ទី​ផ្សេងៗ តាម​ដែល​អាច​ធ្វើបាន ដោយ​ព្យាយាម មិន​យក​ថ្ម​ថ្មី មក​ជំនួស​។ ការប្រើ​ថ្ម​ថ្មី ត្រូវធ្វើឡើង នៅត្រង់ចំណុច​ណា ដែល​សំខាន់​ខ្វះ​មិនបាន ហើយ​ពុំ​អាច​ស្វែងរក បំណែក​ដើម ឃើញ​ប៉ុណ្ណោះ​។​

​លោក​បាន​បន្តទៀតថាៈ ការជួសជុល និង​ព្យាបាល​ថ្ម ត​ភ្ជាប់​បំណែក​ថ្ម​ឡើងវិញ គឺ​ប្រើប្រាស់​ស្នូល​ប្រភេទ Fiber GLass និង​កា​វត​ថ្ម​ប្រភេទ Skiadure​។ ក្រុមការងារ បាន​ពង្រឹង​ផ្ទៃ​ថ្ម ដែល​ពុកផុយ​ឱ្យ​រឹងមាំ​ឡើងវិញ ចាក់​បំពេញ​បាយអរ ចូលក្នុង​ប្រហោង​នឹង​តំណ​បិទ​ភ្ជិត​រន្ធ​តូចឆ្មារ ស្នាម​ប្រេះ និង​ប្រហោង​តូចៗ នៅលើ​ផ្ទៃ​ថ្ម​ចម្លាក់ សម្អាត​ស្លែ និង​បន្សាប​យកជាតិ​អំបិល ចេញពី​ផ្ទៃ​ថ្ម ដាប់​យកចេញ​នូវ ដែក​ទាម​ចាស់ៗ និង​ស៊ីម៉ង់ត៍ អស់​គុណភាព រៀប​ដំឡើង​បង្កាន់ដៃ​នាគ ឡើងវិញ ស្របតាម​ទីតាំង​ដើម​។

​អ្នកជំនាញ​រូបនេះ បាន​បន្តថាៈ ចំពោះ​ផល​លំបាក ក្នុង​ការងារ​ជួសជុល គឺ​ទីធ្លា​មាន​ភាព​តូចចង្អៀត ពិបាក​ក្នុង​ដឹក​ជ​ញ្ជួ​ន​ថ្ម មក​ក្នុង​ប្រាសាទ​។ ត្រូវ​ប្រើ​កម្លាំង​ពលកម្ម ទាំងស្រុង ដូច្នេះ​ត្រូវ​ចំណាយ ពេលវេលា​យូរ​បន្តិច​។ ក្រោយពី​បញ្ចប់ ការជួសជុល​នៅទីនេះ ក្រុមការងារ នឹង​បន្ត​ជួសជុល កន្លែង​ខូចខាត ផ្សេងៗ​ទៀត ដូចជា ហោរ​ជាង ផ្តែរ កំពូល​ព្រហ្ម និង​ធ្នឹម​ជាដើម​៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular