Home ព័ត៌មានជាតិ នយោបាយ ភូមិ​កោះ​ថ្ម​...

ភូមិ​កោះ​ថ្ម​នៅមុន និង​ក្នុងសម័យ​សង្គ្រាម​

ដោយៈ សុខ វណ្ណៈ បុគ្គលិក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង /​ភ្នំពេញៈ​ញឹក ជា គឺជា​ជនជាតិដើម​ភាគតិច​ស្ទៀង​កាត់​ខ្មែរ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្តកំពង់ចាម​។ ញឹក ជា សព្វថ្ងៃ​មាន​អាយុ​៨០​ឆ្នាំ បាន​រៀបរាប់​អំពី​ភូមិ​កោះ​ថ្ម​កាលពីមុន និង​ក្នុងសម័យ​សង្គ្រាម​ដូចខាងក្រោម​៖

ញឹក ជា ជនជាតិដើម​ភាគតិច​ស្ទៀង​កាត់​ខ្មែរ សព្វថ្ងៃ​រស់នៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្តកំពង់ចាម​។
(​សុខ វណ្ណៈ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​កាលពីដើម​ភូមិ​កោះ​ថ្ម​មាន​ឈ្មោះថា ភូមិ​អ​ញ្ឆ​ញ​លើ និង​អ​ញ្ឆ​ញ​ក្រោម​។ នៅក្នុង​ទសវត្សរ៍​ដើមឆ្នាំ​១៩៧០​នៅពេល ដែល​ខ្មែរក្រហម (​អ្នកភូមិ​ហៅថា​ក្រុម​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​) បាន​ចូលមក​គ្រប់គ្រង​ភូមិ​អ​ញ្ឆ​ញ​ខ្មែរក្រហម​បាន គិតថា​ឈ្មោះ​ភូមិ​អ​ញ្ឆ​ញ​ពិបាក​ហៅ និង​ប្លែក​ពី​ឈ្មោះ​ភូមិ​ដទៃទៀត​ម្យ៉ាងទៀត​ដោយ​ឃើញ​មាន​ផ្ទាំង​ថ្ម​ធំៗ​បាន ដុះ​ឡើង​ចំ​ណ្តា​ល​ព្រែ​កទ​ន្លូ​ង​ក្នុងភូមិ​សាស្ត្រ​ភូមិ​អ​ញ្ឆ​ញ​របៀប​ដូចជា​កូន​កោះ​ខ្មែរក្រហម​បាន​ប្តូរ​ឈ្មោះ​ភូមិ​អ​ញ្ឆ​ញ​មកជា​ភូមិ​កោះ​ថ្ម​វិញ​។ ភូមិ​កោះ​ថ្ម​ស្ថិតនៅក្នុង​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្តកំពង់ចាម (​បច្ចុប្បន្ន​ខេត្ត​ត្បូងឃ្មុំ​)​។

​ភូមិ​កោះ​ថ្ម​គឺជា​មួយ​ភូមិ​ក្នុងចំណោម​ភូមិ​ជាច្រើន​ទៀត ដែល​ស្ថិតនៅតាម​ព្រំប្រទល់​កម្ពុជា​-​វៀតណាម​។​ប្រជាជន រស់នៅ​ភូមិ​កោះ​ថ្ម​ភាគច្រើន​គឺជា​ជនជាតិដើម​ភាគតិច​ស្ទៀង​ប្រកបមុខរបរ​កាប់​ព្រៃ​ធ្វើ​ចម្ការ​ដាំ​ស្រូវ​។​ជនជាតិ​ស្ទៀង កាប់ឆ្ការ​ព្រៃដាំ​ស្រូវ​បាន​រយៈពេល​ពីរ​ទៅ​បី​ឆ្នាំ​រួច​ក៏​ផ្លាស់​ទៅធ្វើ​ចម្ការ​ដាំ​ស្រូវ និង​ដាំ​ដំណាំ​ផ្សេងៗ​នៅ​កន្លែង​ថ្មី​ទៀត​។ កាលពីមុន​សម័យ​សង្គ្រាម​ភូមិ​កោះ​ថ្ម​មាន​ផ្ទៃដី​ធំ​ទូលាយ ហើយ​ប្រជាជន​តិចតួច​ប៉ុណ្ណោះ​មានកម្ម​សិទ្ធិ​លើដី​ធ្លី​។ ទីតាំង​ភូមិ​កោះ​ថ្ម​នេះ​មាន​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាជន​រស់នៅ​ដូចជា​៖ ទី​១. មាន​ដី​ធំ​ទូលាយ ,​ទី​២.​មាន ព្រៃឈើ​ច្រើន​សម្រាប់​សង់​លំនៅដ្ឋាន និង​ទី​៣. ងាយស្រួល​រក​ម្ហូប​ពីព្រោះ​មាន​សត្វព្រៃ​ច្រើន​ប្រភេទ​រស់នៅ ក្នុង​តំបន់​នោះ ដូចជា សត្វ​ខ្លា ដំរី ជ្រូកព្រៃ ឈ្លូស ទន្សាយ ប្រើស និង ពស់ ជាដើម​។
​កាលពីមុន​សង្គ្រាម​អ្នកភូមិ​កោះ​ថ្ម​ចេះ​សាមគ្គី​គ្នា ហើយ​មាន​របស់​អ្វីមួយ​ចែករំលែក​គ្នា​និង​សង់​លំនៅឋាន​តូចៗ ជាប់​គ្នា​និង​រាប់អាន​គ្នា​ដូច​បងប្អូន​បង្កើត​។​ប៉ុន្តែ​ដោយសារតែ​សង្គ្រាម​បានកើត​ឡើងជា​ច្រើនលើក​ច្រើនសារ​បានធ្វើ​ឲ្យ​ប្រពៃណី​វប្បធម៌​របស់​ភូមិ​កោះ​ថ្ម​ដែលជា​ជនជាតិដើម​ភាគតិច​ស្ទៀង ដូចជា ភាសា​និយាយ សម្លៀកបំពាក់​ប្រពៃណី ទំនៀមទម្លាប់ បាន​បាត់បង់​ស្ទើរ​ទាំងស្រុង​។​

ខ្ញុំ​មាន​ឪពុក​ឈ្មោះ ញឹក ម្តាយ​ឈ្មោះ អ៊ឹម និង​មាន​បងប្អូន​ប្រុស​ពីរ​នាក់​។ ខ្ញុំ​គឺជា​កូន​ទីមួយ​នៅក្នុង​គ្រួសារ ហើយ​កាលពី​ក្មេង​ខ្ញុំ​មិនបាន​រៀនសូត្រ​ទេ​។ ពេល​ខ្ញុំ​មាន​អាយុ​១០​ឆ្នាំ​ឪពុក​របស់ខ្ញុំ​បាន​ស្លាប់ចោល​ខ្ញុំ​ដោយសារ​កើត ជំងឺ​ហើមពោះ​។​រយៈពេល​ប្រហែលជា​ពីរ​ឆ្នាំ​បន្ទាប់ពី​ឪពុក​របស់ខ្ញុំ​បាន​ស្លាប់ទៅ​ម្តាយ​របស់ខ្ញុំ​ក៏បាន​ស្លាប់ចោល​ខ្ញុំ​ទៀត​ដោយសារ​ជំងឺ​ហើម​ដូចគ្នា​។​ចាប់តាំងពី​ពេលនោះ​មក​ខ្ញុំ​បានរស់នៅ​ជាមួយ​ម្តាយមីង​និង​ជួយ​ធ្វើស្រែ​ចម្ការ​គាត់​រហូតដល់​ខ្ញុំ​អាយុ​១៦​ឆ្នាំ​ទើប​ខ្ញុំ​បួស​ជា​ព្រះសង្ឃ​នៅ​វត្ត​ក្តុល​។​ខ្ញុំ​បួស​បាន​រយៈពេល​៣​វស្សា​ក៏​លាចាក​សិក្ខាបទ​មកជួយ​ធ្វើស្រែ​ចម្ការ​ម្តាយមីង​វិញ​។​

​នៅ​អំឡុង​ឆ្នាំ​១៩៦០ ខ្ញុំ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ឈ្មោះ ឈុន លាង នៅ​ភូមិ​ក្តុល​ដែលជា​អ្នកភូមិ​នៅ​ជិតគ្នា​។ ពេល​រៀបការ​ហើយ​ខ្ញុំ​បានមក​រស់នៅ​ខាង​ប្រពន្ធ​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​និង​មានកូន​ចំនួន​៦​នាក់​ស្រី​២​នាក់​និង​ប្រុស​៤​នាក់​។​នៅពេលនោះ​មេភូមិ​ក្តុល​បាន​ចាត់តាំង​ឲ្យ​ខ្ញុំ​ជួយ​ការពារ​ភូមិ​និង​ការពារ​ផ្លូវលំ​នៅតាម​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​ខ្លាចក្រែង​មាន​ចោរព្រៃ ឬ​មាន​ហេតុការណ៍​អ្វី​កើតឡើង​។
​នៅ​ជំនាន់​នោះ​ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា​និង​ប្រជាជន​វៀតណាម​ដែល​នៅជាប់​ព្រំដែន​ជាមួយគ្នា​ល្អប្រសើរ គឺមាន​ការចេញ​ចូលទៅ​វិញ​ទៅមក​បាន​ស្រួល​។​យើង​អាច​ដើរចេញ​ចូលក្នុង​ទឹកដី​វៀតណាម​បាន​ចម្ងាយ​ប្រហែល​៧​ទៅ​៨​គីឡូម៉ែត្រ​បាន​យ៉ាង​ស្រួល ដូច្នេះហើយ​ទើប​អ្នកភូមិ​កោះ​ថ្ម​ដែលមាន​សាច់ញាតិ​បងប្អូន​នៅ​ប្រទេស​វៀតណាម ក្នុងភូមិ​ស្រែ​ត្នោត ស្រុក​ឡុ​ក​និ​ញ ខេត្ត​សុង​ប៊ែ ចេញចូល​ទៅមក​រកគ្នា​ជា​ញឹកញាប់​។​

ពេលនោះ​ខ្ញុំ​រួមជាមួយ​អ្នកភូមិ​កោះ​ថ្ម​អ្នកភូមិ​ក្តុល​អ្នកភូមិ​ស្លា​បាននាំគ្នា​រកស៊ី​ទិញ​អង្ករ​ថ្នាំពេទ្យ​និង​សម្ភារ​ផ្សេងៗ​ទៀត​ពី ស្រុក​មេមត់​យកមក​ល​ក់​ឲ្យ​កងទ័ព​វៀត​កុង​នៅជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​ម្តុំ​ទួល​នេ​ត្យ​ដែលមាន​ចម្ងាយ​ប្រមាណ ជាង​១០​គីឡូម៉ែត្រ​ពី​ភូមិ​កោះ​ថ្ម ដោយមាន​ប្រជាជន​ខ្លះ​ដឹកទំនិញ​តាម​កង់ អ្នកខ្លះ​រែក និង​ខ្លះទៀត​ដឹក​តាម​រទេះគោ​។ ការលក់ដូរ​ជាមួយ​កងទ័ព​វៀត​កុង​មាន​ភាពងាយស្រួល និង​បាន​ចំណេញ​ប្រាក់​ច្រើន​។
​បន្ទាប់មកទៀត​ទាហាន​សហរដ្ឋអាមេរិក​បាន​ស៊ើបការណ៍​ដឹងថា កងទ័ព​វៀត​កុង​បានមក​លាក់ខ្លួន​នៅក្នុង​ទឹកដី​ខ្មែរ ហើយ​យន្តហោះ​បានមក​ទម្លាក់​គ្រាប់បែក​យ៉ាង​សន្ធឹកសន្ធាប់​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ជាពិសេស​នៅ​ភូមិ​កោះ​ថ្ម និង​ភូមិ​ផ្សេងៗ​ទៀត​នៅ​ឃុំ​ទ​ន្លូ​ង ឃុំ​ជាំ​ក្រវៀន ឃុំ​តា​ម៉ៅ ក្នុងស្រុក​មេមត់ ខេត្តកំពង់ចាម​។​

​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ មាន​ព្រឹត្តិការណ៍​កើតឡើង ដោយសារ​សេនាប្រមុខ លន់ នល់​បានធ្វើ​រដ្ឋប្រហារ ទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ​។ ពេលនោះ ខ្ញុំ និង​ប្រជាជន​កោះ​ថ្ម​ទាំងប្រុស​ទាំងស្រី​បាននាំគ្នា​ទៅធ្វើ​បាតុកម្ម ទាមទារ​សម្តេចឪ​មកវិញ​។ យើង​នាំគ្នា​ឡើង​ជិះ​រថយន្ត​ធុន​ធំ​របស់​ក្រុមហ៊ុនចម្ការកៅស៊ូ​នៅ​ស្រុក​មេមត់​។​ប្រជាជន ទាំងនោះ​មិនមាន​កាំភ្លើង​ទេ គឺ​នៅក្នុង​ដៃ​មានតែ​កាន់ដំបង កាំបិត ពូថៅ​សំដៅទៅ​ទីក្រុង​ភ្នំពេញ​ប៉ុន្តែ​ពេលទៅដល់ ត្រឹម​ក្រុង​កំពង់ចាម​ក៏ត្រូវ​ទាហាន​លន់នល់​ស្ទា​ក់ដោយ​យក​រថពាសដែក​ដាក់​ឃាំង​នៅ​ចំ​កណ្តាលផ្លូវ​មិន​ឲ្យ​ធ្វើដំណើរ​ទៅមុខ​រួច ដូច្នេះ​ប្រជាជន​ទាំងនោះ ក៏​ធ្វើដំណើរ​មក​ភូមិកំណើត​វិញ​។ បន្ទាប់មក​ខ្ញុំ​បាន​ស្តាប់ឮ​ការប្រកាស​របស់​សម្តេច​ឪ​តាម​វិទ្យុ​ពី​ក្រុង​ប៉េកាំង​មក​ថា​ឲ្យ​កូនចៅ​ចូល​ព្រៃម៉ាគី​ដើម្បី​រំដោះជាតិ​។ ពេលនោះ​ខ្ញុំ​ដឹងថា មានឈ្មោះ ណា​ល់ ដែល​សព្វថ្ងៃ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​, ម៉ាន់​, ឆឺ​យ​, នាល​, ញ៉ា​ន់ និង​មាន​យុវជន​មួយចំនួនទៀត​បាន​ស្ម័គ្រចិត្ត​ចូល​ព្រៃម៉ាគី​តាម​ការអំពាវនាវ​រប​ស់​សម្តេចឪ​។

នៅ​អំឡុង​ឆ្នាំ​១៩៧០​ដដែល​សង្គ្រាម​ក៏​ចាប់​កើតមាន​ឡើងជា​បន្តបន្ទាប់​រវាង​ក្រុម​ចលនា​បដិវត្តន៍​ខ្មែរក្រហម​ជាមួយ​ទាហាន លន់ នល់​។ នៅពេលនោះ​ខ្ញុំ​បានឃើញ​ទាហាន​សហរដ្ឋអាមេរិក​មក​បោះ​បន្ទាយ​នៅ​ភូមិ​កោះ​ថ្ម នៅ​ភូមិ​ស្លា ដោយមាន​ទាំង​រថក្រោះ និង​ឧទ្ធម្ភាគចក្រ​ទៀតផង​។ ខ្ញុំ​បានឃើញ ទាហាន​សហរដ្ឋអាមេរិក​មាន​ទាំង​ស្បែ​កស និង​ស្បែក​ខ្មៅ​។​នៅពេលនោះ​ក្រុម​ចលនា​បដិវត្តន៍​ខ្មែរក្រហម​បាន​សហការ​ជាមួយ​កងទ័ព​វៀត​កុង​វាយ​តទល់​នឹង​ទាហាន​សហរដ្ឋអាមេរិក និង​ទាហាន​ធី​វ​គី (​ទាហាន​វៀតណាម​ខាងត្បូង​)​។ កាលនោះ​ប្រជាជន​នៅ​ភូមិ​កោះ​ថ្ម ភូមិ​ស្លា ភូមិ​ក្តុល និង​ភូមិ​ផ្សេងទៀត​សុទ្ធតែ​ទទួលរង​គ្រោះ​ដោយសារ​ការទម្លាក់​គ្រាប់បែក និង​សង្គ្រាម​។​រយៈពេល​ពីរ​ទៅ បី​ខែ​ក្រោយមក ទាហាន​សហរដ្ឋអាមេរិក និង ទាហាន​ធី​វ​គី បាន​ដក​កងទ័ព​ចេញពី​ភូមិ​កោះ​ថ្ម ភូមិ​ស្លា ភូមិ​ពងទឹក និង​ភូមិ​ផ្សេងទៀត​ទៅវិញ​អស់​។

​នៅ​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​ឡើងកាន់​អំណាច​។ មុនដំបូង​ខ្មែរក្រហម​ឲ្យ​ប្រជាជន​នៅ​ភូមិ​កោះ​ថ្ម និង​ភូមិ​ក្តុល​ធ្វើ​ការងារ​ស្រែចម្ការ​ជា​របៀប​ប្រវាស់ដៃ ដោយ​ចែក​ស្រូវ​អង្ករ​តាម​ចំនួន​សមាជិកគ្រួសារ​។​នៅ​អំឡុង ឆ្នាំ​១៩៧៥ ដដែល​ខ្ញុំ​បានឃើញ​វត្តមាន​យោធា​ខ្មែរក្រហម​រាប់រយ​នាក់មក​បោះ​បន្ទាយ​នៅ​ភូមិ​កោះ​ថ្ម​និង​បន្ទាយ​៧៥​។​

​នៅ​១៩៧៦​ខ្មែរក្រហម​បាន​បង្កើតជា​សហករណ៍​ហូបបាយ​រួម​ហើយ​ចាប់ផ្តើម​ប្រមូល​ទ្រព្យសម្បត្តិ​ឯកជន​ដូចជា​មាសប្រាក់​ដីស្រែ​ចម្ការ គោ ក្របី ចាន ឆ្នាំង ដាក់​ជា​ទ្រព្យសម្បតិ​រួម​។ នៅពេលនោះ គណៈ​ឃុំ​ទ​ន្លូ​ង មានឈ្មោះ តា​ចែម តា​អ៊ឹម តា​ញឹម និង ប៊ុន សារី​។ ចាប់ពី​ឆ្នាំ​១៩៧៦ រហូតដល់​ពាក់កណ្តាល​ឆ្នាំ​១៩៧៧ ប្រជាជន​រស់នៅ​ភូមិ​កោះ​ថ្ម និង​ភូមិ​ក្តុល បានរស់នៅ និង​ហូបចុក​នៅក្នុង​សហករណ៍ ប៉ុន្តែ​មិនទាន់​ខ្វះខាត​ប៉ុន្មាន​ទេ​។ ទោះបីយ៉ាងណា ប្រជាជន​ត្រូវធ្វើ​ស្រែចម្ការ​លើក​ទំនប់​ជីក​ប្រឡាយ​ខ្លះទៅ​ធ្វើការ​នៅតាម​កងចល័ត​ដោយ​មិនបាន​រស់នៅ​ជួបជុំគ្នា​ឡើយ ហើយ​យូរៗ​ម្តង​ទើបបាន​ជួបគ្នា​។​

នៅ​ចុងឆ្នាំ​១៩៧៧ ខ្ញុំ​បានដឹងថា មាន​ព្រឹត្តិការណ៍​មួយ​កើតឡើង​នៅ​ភូមិភាគ​បូព៌ា​ដោយ​មេដឹកនាំ​ខ្មែរក្រហម​បាន ចោទថា​ខាង​ភូមិភាគ​បូព៌ា​ក្បត់​។​យោធា​មកពី​មជ្ឈិម​បាន​ចុះមក​ចាប់​កងទ័ព​និង​កម្មាភិបាល​ខាង​បូព៌ា​រួមមាន​គណៈ​ស្រុក គណៈ​តំបន់​រួមទាំង​ប្រធាន​យោធា​ស្រុក​តា​មូង ស្រុក​មេមត់​មួយចំនួន​យកទៅ​បាត់​។​បន្ទាប់មក​ខ្មែរក្រហម បាន​ជម្លៀស​ប្រជាជន​នៅ​ភូមិ​កោះ​ភូមិ​ក្តុល​ភូ​មិច​ង្គុំ​និង​ភូមិ​ជាប់​ព្រំដែន​វៀតណាម​ទាំងអស់​ឲ្យ​មក​រស់នៅ​ភូមិ​ស្រែ​តា​ពិ​ជ និង​ភូមិ​កូន​ក្រពើ ក្នុង​ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់​រយៈពេល​៥​ទៅ​៦​ខែ ទើប​ជម្លៀស​បន្ត​ឲ្យ​ទៅ​រស់នៅ​ខេត្ត​ក្រចះ​។ ពេល​រស់នៅក្នុង​ខេត្តក្រចេះ​ប្រជាជន​មិនមាន​អាហារ​ហូបចុក​គ្រប់គ្រាន់​ទេ និង​មាន​ប្រជាជន​ស្លាប់​ច្រើន​ទៀត​។ ខ្ញុំ ជាមួយ​ក្រុមគ្រួសារ ប្រពន្ធ​កូន ឪពុក​ម្តាយក្មេក និង​បងប្អូន ត្រូវ​ចាក​ចេញពី​ភូមិកំណើត​ដោយ​អង្គការ​បាន​ប្រាប់ថា រស់នៅ​ភូមិកំណើត​មិន​បានទេ ព្រោះ​មាន​សង្គ្រាម​ជាមួយ​ប្រទេស​វៀតណាម​។

​នៅ​ចុងឆ្នាំ​១៩៧៨ ខ្មែរក្រហម​បាន​ដឹក​ប្រជាជន​តាម​កាណូត​ពី​ខេត្តក្រចេះ​មកកាន់​ភូមិភាគ​កណ្តាល​និង​តំបន់​ផ្សេងៗ ទៀត​។ ខ្ញុំ និង​គ្រួសារ​ក៏ត្រូវ​បាន​ជម្លៀស​ទៅ​ភូមិភាគ​កណ្តាល ដោយនៅ​ទីនោះ​មានការ​លំបាក​ខ្លាំងណាស់​ព្រោះ​គ្មាន អាហារ​ហូបចុក​គ្រប់គ្រាន់ និង​មាន​មនុស្ស​ច្រើន​ស្លាប់​ដោយសារ​អត់​មាន​អាហារ​។ ទោះបីយ៉ាងណា​ខ្មែរក្រហម​នៅតែ បន្ត​ស្រាវ ជ្រាវ​រក​យោធា​ភូមិភាគ​បូព៌ា​ដើម្បី​យកទៅ​សម្លាប់ចោល​។

នៅ​ឆ្នាំ​១៩៧៩​នៅពេល​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​វាយ​ចូល​រំដោះប្រទេស​កម្ពុជា​ខ្ញុំ​បាន​នាំ​ប្រពន្ធ​កូន​ត្រឡប់មក​ស្រុក កំណើត​វិញ ដោយ​ដើរ​តាមផ្លូវ​យប់​ត្រង់ណា​យើង​សម្រាក​ត្រង់នោះ​។ យើង​ត្រូវ​សែ្វ​ករក​អង្ករ​និង​ម្ហូប​ផង​ព្រមទាំង​ធ្វើ ដំណើរ​ដោយ​ថ្មើរជើង​ផង​។ យើង​បាន​ចំណាយ​រយៈពេល​ជាង​១០​ថ្ងៃ​ទើប​ដើរ​មកដល់​ស្រុកកំណើត​។
​ពេលមកដល់​ភូមិ​ដំបូង គឺ​ខ្ញុំ​មិនទាន់​ឃើញ​ប្រជាជន​ចូលមក​រស់នៅ​ច្រើន​ទេ គឺមាន​តែ​៧​ទៅ​៨​គ្រួសារ​ប៉ុណ្ណោះ​។ ក្នុងភូមិ​មាន​សភាព​ស្ងាត់​។ យើង​រស់នៅ​ក្នុងភូមិ​បាន​រយៈពេល​បួន​ប្រាំ​ថ្ងៃ ទើប​មាន​មនុស្ស​ចូល​មកជា​បន្តបន្ទាប់ ប៉ុន្តែ​មានគ្រួសារ​ខ្លះ​បាន​បាត់​សមាជិក​ខ្លះ និង​គ្រួសារ​ខ្លះទៀត​បាន​បាត់​ខ្លួន​ទាំងអស់​តែម្តង​។ ក្រោយមក ខ្ញុំ និង​ប្រពន្ធ​នាំ​កូនចៅ​រកស៊ី​លក់​នំ​បញ្ចុក​នៅក្នុង​ភូមិ និង​ធ្វើស្រែ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​៕​សរន​
ញឹក ជា ជនជាតិដើម​ភាគតិច​ស្ទៀង​កាត់​ខ្មែរ សព្វថ្ងៃ​រស់នៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្តកំពង់ចាម​។
(​សុខ វណ្ណៈ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular