Home ព័ត៌មានសំខាន់ៗ ស្ថាន​បេសកកម្...

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា : អ្នករាយការណ៍​ពិសេស​ចំនួន​៤​រូប មើលរំលង​នូវ​ទិដ្ឋភាព​ជារួម​ទាំងមូល នៃ​ការប្រយុទ្ធប្រឆាំង​របស់​កម្ពុជា​ទៅនឹង​មេរោគ​កូ​វីដ​១៩

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការចេញផ្សាយ​ព័ត៌មាន​កាលពីពេល​ថ្មីៗ​នេះ​របស់​អ្នករាយការណ៍​ពិសេស​ចំនួន​៤ រូប ដែល​បាន​មើលរំលង​នូវ​ទិដ្ឋភាព​ជារួម​ទាំង​មូលនៃ​ការប្រយុទ្ធប្រឆាំង​របស់​កម្ពុជា​ទៅនឹង​មេរោគ​កូ​វីដ​១៩​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​នៅ​ថ្ងៃទី​១៣ ខែមេសា​នេះ​។​

រូបៈឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា លោក អាន សុខឿន

​ស្ថាន​បេសកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បាន​បញ្ជាក់ថា ការប្រយុទ្ធប្រឆាំង​រប​ស់​កម្ពុជា​ទៅនឹង​មេរោគ​កូ​វីដ​១៩ បានដាក់​បញ្ចូល​នូវ​គុណ​តម្លៃ​សិទ្ធិមនុស្ស ដោយ​មិន​ទុក​បុគ្គល​ណា​ម្នាក់​ចោល​​ឡើយ​។ មានតែ​ការអនុវត្ត​ឱ្យបាន​ពេញលេញ​និង​មាន​ប្រសិទ្ធភាព​នូវ​វិធានការ​សុខាភិបាល រដ្ឋបាល និង​ផ្សេងទៀត រួមបញ្ចូល​គ្នា​ប៉ុណ្ណោះ ទើប​អាច​ធានាបាន​នូវ​ការសង្គ្រោះ​ជីវិត សុវត្ថិភាព​សុខភាព​​សាធារណៈ និង​ការវិលត្រឡប់​ទៅរក​ជីវភាព​ប្រក្រតី​ថ្មី​បាន​ឆាប់រហ័ស​។ ក្នុងន័យនេះ អ្នករាយការណ៍​ពិសេស​ត្រូវ​ទទួលស្គាល់​នូវ​អាទិភាព​និង​បំពេញ​តួនាទី​របស់ខ្លួន​ដោយ​ទំនួល​ខុសត្រូវ តាមរយៈ​ការជួយ​បំពេញបន្ថែម​នៅ​កន្លែង​ផ្ទាល់ ជាជាង​ការបង្អាក់​ដល់​បេសកកម្ម​សង្គ្រោះ​ជីវិត និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ក្នុង​សហគមន៍​។​

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​បាន​បន្តថា អ្នកជំនាញ​ទាំង​៤​រូប ដែល​មិនមែនជា​បុគ្គលិក​របស់​អង្គការសហប្រជាជាតិ ប៉ុន្តែ​បម្រើ​ការងារ​ក្នុង​សមត្ថភាព​ផ្ទាល់ខ្លួន តែងតែមាន​អារម្មណ៍​ថា អ្វីៗ​គួរ​ធ្វើទៅ​តាមរបៀប​ផ្សេង ដោយ​ផ្អែកលើ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​ពួកគាត់​។ ក្នុងករណី​គំនិត​សាកល្បង​របស់​ពួកគាត់​មានការ​ថ្លោះធ្លោយ បុគ្គល​ទាំងនោះ​ពុំមាន​ទំនួល​ខុសត្រូវ​អ្វី​ឡើយ​។ ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ដោយ​ពលរដ្ឋ​កម្ពុជា តែងតែ​ទទួលខុសត្រូវ​ទាំងស្រុង ចំពោះ​រាល់​ការសម្រេចចិត្ត​របស់ខ្លួន ដោយ​ផ្អែកលើ​ការវាយតម្លៃ​អំពី​ហានិភ័យ ជាមួយនឹង​វិធាន​និង​លក្ខណៈវិនិច្ឆ័យ​ច្បាស់លាស់ ដូចខាងក្រោម​៖

​ទី​១.​ ​នៅ​ទូទាំង​ពិភពលោក ការឆ្លើយតប​នឹង​ការ​រាតត្បាត​មេរោគ​កូ​វីដ​១៩ តម្រូវឱ្យមាន​វិធានការ​វិសាមញ្ញ និង​មិន​ធ្លាប់មាន​ពីមុនមក ដោយ​គិតគូរ​អំពី​ស្ថានភាព​ប្រទេស​នីមួយៗ​។ ការពិត​មួយ​ដែល​មិនអាច​ប្រកែក​បាន​នោះ​គឺ នាយក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក និង​តំណាង​ប្រចាំ​ប្រទេស​កម្ពុជា របស់​ស្ថាប័ន​សុខភាព​ពិភពលោក​មួយ​នេះ បាន​កោតសរសើរ​ចំពោះ​វិធានការ​ជា​បន្តបន្ទាប់​ដែល​កម្ពុជា​បានដាក់​ចេញ និង​អនុវត្ត​កន្លងមក រួមទាំង ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​ខ្ទប់​ដោយ​ផ្នែក​នៅ​តំបន់​មួយចំនួន ដែលមាន​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩​។​

​ទី​២. រាល់​វិធាន​ការដែល​បាន​ដាក់ចេញ​កន្លងមក តែង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នីត្យានុកូលភាព ភាពចាំបាច់ និង​សមាមាត្រ​។ ការសំដែង​ក្តី​ព្រួយបារម្ភ​ទៅលើ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ គឺជា​បុរេវិនិច្ឆ័យ និង​ជាការ​បំផ្លើស​។ ច្បាប់​នេះ​ពុំមាន​គោលបំណង​ដាក់ទោស​ទណ្ឌ​ទៅលើ​បុគ្គល​ណា​ម្នាក់​នោះទេ ប៉ុន្តែ ផ្ទុយទៅវិញ គឺ​ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ប្រកបដោយ​ទំនួល​ខុសត្រូវ​ខ្ពស់​ពី​ពលរដ្ឋ​គ្រប់រូប ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ធានា​សុខភាព​សាធារណៈ និង​ជីវិត​ដ៏​មានតម្លៃ​របស់​បុគ្គល​គ្រប់រូប​។ ការដាក់ទោសទណ្ឌ ដែល​សមាមាត្រ​ទៅនឹង​ប្រភេទ​បទល្មើស និង​ចេតនា​នៃ​ការប្រព្រឹត្ត គឺ​អនុវត្ត​ចំពោះតែ​បុគ្គល​បំពាន​ច្បាប់ ដែល​បង្កឱ្យមាន​ការឆ្លង​ក្នុង​សហគមន៍​ប៉ុណ្ណោះ​។​

​ទី​៣.​ ​ការបង្ហាញ​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​ខ្លះ​របស់​បុគ្គល​មួយចំនួន​ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវបាន​អនុញ្ញាត​ស្របតាម​មាត្រា​៤ នៃ​ច្បាប់​ខាងលើ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ផ្សេងទៀត​។ ការបង្ហាញ​អត្តសញ្ញាណ​ខាងលើ​តែងតែ​ជាការ​សម្រេចចិត្ត​ដ៏​លំបាក​និង​បន្ទាន់​មួយ អាស្រ័យ​ដោយ​ភាពចាំបាច់​បំផុត ក្នុង​គោលបំណង​កាត់ផ្តាច់​ឱ្យបាន​ឆាប់​បំផុត​នូវ​ខ្សែសង្វាក់​ចម្លងជំងឺ​ទៅក្នុង​សហគមន៍ ដែលមាន​ការជាប់​ពាក់ព័ន្ធ​នឹង ​“​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​” ដើម្បី​ជា​ផលប្រយោជន៍​សុវត្ថិភាព​សុខភាព​សាធារណៈ និង សន្តិសុខ​របស់​ពលរ​ដ្ឋ​ទាំងមូល ដែល​ត្រូវបាន​ធានា​ដោយ​ច្បាប់​អន្តរជាតិ​។​

​ទី​៤.​ ​បទពិសោធន៍​របស់​ក​ម្ពុ​ជា​កន្លងមក បាន​បង្ហាញថា ជម្រើស​បណ្តោះអាសន្ន​និង​មាន​រយៈពេល​កំណត់​ក្នុងការ​បង្ហាញ​អត្តសញ្ញាណ​ដូច្នេះ បាន​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យមាន​ការ​តាម​រុករក ការធ្វើ​តេស្ត និង​ធ្វើ​ច​ត្តា​ទ្បី​ស័ក បាន​លឿន និង​ទាន់ពេលវេលា ចំពោះ​បុគ្គល​ពាក់ព័ន្ធ សំដៅ​រួមចំណែក​ទប់ស្កាត់​ស្ថានភាព​ឆ្លង​ក្នុង​សហគមន៍​ដែល​មិនអាច​គ្រប់គ្រង​បាន ដូចដែល​តំបន់​ខ្លះ​ក្នុង​ពិភពលោក​បាននិងកំពុង​ជួបប្រទះ​យ៉ាងធ្ងន់ធ្ងរ​។​
​ទី​៥.​ ​ការអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ផ្តល់ជំនួយ​សេដ្ឋកិច្ច គឺជា​ការធ្វើ​មិនដឹងមិនឮ​ចំពោះ​ការពិត ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ដាក់ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ជាច្រើន ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​សង្គម​-​សេដ្ឋកិច្ច និង​គាំទ្រ​ក្រុម​ងាយ​រងគ្រោះ ដើម្បី​អនុញ្ញាតឱ្យ​ពួកគាត់​អាចឆ្លើយតប​នឹង​តម្រូវការ​មូលដ្ឋាន​។ កិច្ច​អន្តរាគមន៍​ទាំងនោះ​រួមមាន ការផ្តល់ប្រាក់​បៀវត្សរ៍​ប្រចាំខែ​ដល់​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​និង​ទេសចរណ៍ ដែល​ការងារ​ពួកគាត់​ត្រូវបាន​ព្យួរ កម្មវិធី​ផ្ទេរ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ជំនួយ​ឧបត្ថម្ភ​សម្រាប់​បង់ថ្លៃ​ទឹក​ភ្លើង​ជូន​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​មេរោគ​កូ​វីដ​១៩ ការផ្គត់ផ្គង់​ស្បៀងអាហា​រ​សម្រាប់​តំបន់​ដែល​បាន​បិទ​ខ្ទប់ និង​សេចក្តីណែនាំ​ឱ្យ​វិស័យ​មីក្រូហិរញ្ញវត្ថុ​បន្ធូរបន្ថយ​ការបង់ប្រាក់​ជា​បណ្តោះអាសន្ន​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​សកល​នេះ ជាដើម​។ ទន្ទឹមនេះ យុទ្ធនា​ការចាក់​វ៉ាក់សាំង​ថ្នាក់ជាតិ របស់​កម្ពុជា​ក៏​ទទួលបាន​ការកោតសរសើ​រ​ពី​អង្គការ​យូណេស្កូ បណ្ដា​អង្គទូត​បរទេស និង​ក្រុមទី​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ផងដែរ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular