ដោយៈមុនីរ័ត្ន/ភ្នំពេញៈលើទំព័រហ្វេសប៊ុកផ្លូវការរបស’លោកនាថ្ងៃទី១៣ខែមេសានេះ លោកហ៊ុនម៉ាណែតបានសរសេរអំពីបេសកកម្មដ៏មមាញឹកនិងបន្ទាន់មួយក្នុងការប្រែក្លាយទីតាំងដែលធ្លាប់តែជាកន្លែងរៀបចំមង្គលការឬពិធីជប់់លៀងធំៗផ្សេងៗនោះឱ្យទៅជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាលដែលមានចំណុះរហូតជិតពីរពាន់កន្លែង។សកម្មភាពនេះបានលេចចេញជារូបរាងតែក្នុងរយៈពេល៨០ម៉ោង។
លោកសរសេរថាប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យរៀបចំទីកន្លែងបន្ថែមសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវី១៩ដើម្បីខិតខំពង្រីកឱ្យអស់លទ្ធភាពក្នុងការជួយព្យាបាលនៅតាមមន្ទីរពេទ្យនិងមណ្ឌលព្យាបាលជំងឺកូវីដ១៩ មុននឹងឈានទៅដល់ការដាក់ឱ្យមានការព្យាបាលនៅតាមផ្ទះជាលក្ខណៈទំលំទូលាយ។ ក្រុមការងារបានរួមគ្នា ធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំអគារមួយចំនួននៅកោះពេជ្រ ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល (ប្រមាណ ១៨០០គ្រែ) អាចដំណើរការត្រៀមទទួលព្យាបាលអ្នកជំងឺក្នុងរយៈពេល៨០ម៉ោង។
ខ្ញុំសូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំនេះព្រោះបើគ្មានការចូលរួមយ៉ាងសកម្មទាំងយប់ទាំងថ្ងៃរបស់បងប្អូនទាំងអស់គ្នាទេយើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។
លោកបន្តថា ខ្ញុំសូមឆ្លៀតឱកាសនេះ ធ្វើការថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន OCICដែលបានអនុញ្ញាតិឱ្យ រាជរដ្ឋាភិបាលខ្ចីទីតាំងមួយចំនួននៅកោះពេជ្រសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនេះ។ពិតណាស់ការរៀបចំមន្ទីរពេទ្យឬមណ្ឌលព្យាបាលជំងឺកូវីដ១៩អាចចូលរួមជួយព្យាបាល បងប្អូនប្រជាពលរដ្ឋដែលបានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែមិនអាចទប់ស្កាត់ឬបញ្ចប់ការរីករាលដាលនៃជំងឺនេះបានទេ។
មានតែការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ)និងក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទេដែលជាគន្លឹះអាចទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស។
ហេតុដូច្នេះសូមបងប្អូនទាំងអស់រួបរួមគ្នា តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកម្ចាត់ជំងឺកូវីដ១៩ ឲ្យអស់ពីទឹកដីខ្មែរយើង ៕សរន