ដោយៈមុនីរ័ត្ន/ភ្នំពេញៈកម្លាំងសមត្ថកិច្ចនៃស្នងាការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជូនខ្លួនជនសង្ស័យម្នាក់ដែលជាអ្នកលេងតីក តុក ( TIK TOK) ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ហោះឃ្លីបវីដេអូ និយាយញុះញង់បំផុសបំផុលថា ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នាំឱ្យមនុស្ស កាលពីរសៀលថ្ងៃទី១៣ ខែមេសា។
រូបថតៈជនសង្ស័យឈ្មោះ គង់ សម្បត្តិ អាយុ៣៥ឆ្នាំ
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់ សម្បត្តិ អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅភូមិច្រេស ឃុំត្រងិល ស្រុកកំពង់លេង ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នប្រកបមុខរបរកម្មករ ស្នាក់នៅបណ្តោះអាសន្ន ក្នុងការដ្ឋានក្រុមហ៊ុន MCC នៅបណ្តោយផ្លូវ៦០ម៉ែត្រសង្កាត់ចាក់់អង្រែលើខណ្ឌមានជ័យត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួកាលពីរសៀលថ្ងៃទី១២ ខែមេសាបន្ទាប់ពីជនសង្ស័យបានបង្ហោះឃ្លីបវីដេអូតាម TIK TOK ដែលមានគណនីឈ្មោះ ចង្ហាន់ហ៊ុយ ខ្លឹមសារថា “សូមអំពាវនាវ ហើយសូមបញ្ជាក់ឱ្យបានច្បាស់ថា គេមិនឈឺដូចដេញគេឱ្យទៅចាក់ បញ្ឆេះឱ្យទៅចាក់ ពេលគេមិនចាក់បញ្ឈប់គេអ្នកងាប់ចង់ឱ្យគេងាប់និងកាត់តឃ្លីបវីដេអូមួយទៀតដែលមានខ្លឹមសារថាអូនឯងចាក់ថ្នាំទៅមិនបាច់ភ័យព្រួយអីទេ មើលខាងក្រោយបងឃើញទេ អត់ភ័យព្រួយទេ ប៉ុន្តែចាក់ទៅឮតែងាប់មួយៗ គ្មានឮអាណារស់បានយូរសោះ” ។ជនសង្ស័យរូបនេះក៏បាននិយាយឌឺដងដាក់សមត្ថកិច្ចថាបើអញនិយាយ បែបនេះសមត្ថកិច្ចមានសមត្ថភាពតាមចាប់អញបានទេ?។
រូបថតៈជនសង្ស័យឈ្មោះ គង់ សម្បត្តិ អាយុ៣៥ឆ្នាំ
លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខាស្នងការរងទទួលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថាកម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនជនសង្ស័យអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងមានការ សម្របសម្រួលនីតិវិធីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ជនសង្ស័យរូបនេះបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថាគណនី (TIK TOK) ឈ្មោះ ចង្ហាន់ហ៊ុយ គឺពិតជាគណនី (TIK TOK) របស់ខ្លួន ហើយបានបង្ហោះឃ្លីបវីដេអូទាំង២លើកពាក់ព័ន្ធនិងការរារាំងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ពិតប្រាកដមែន មធ្យោបាយប្រព្រឹត្តបទល្មើសតាមរយៈទូរស័ព្ទម៉ាកVIVO។
លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា បានបញ្ជាក់ទៀតថា លើកទី១ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យបង្ហោះឃ្លីបវីដេអូ កាត់តសារសំឡេងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានរយៈពេល១៤វិនាទី ភ្ជាប់និងការនិយាយរបស់ជនសង្ស័យគង់ សម្បត្តិ នូវខ្លឹមសារ (សូមអំពាវនាវ ហើយសូមបញ្ជាក់ឱ្យបានច្បាស់ថា គេមិនឈឺដូចដេញគេឱ្យទៅចាក់ បញ្ឆេះឱ្យទៅចាក់ ពេលគេមិនចាក់បញ្ឈប់គេ អ្នកងាប់ចង់ឱ្យគេងាប់)។ លើកទី២, នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យបានបង្ហោះ ឃ្លីបវីដេអូ មានរយៈពេល១៤ វិនាទី ដែលមានខ្លឹមសារ(អូនឯងចាក់ថ្នាំទៅមិនបាច់ភ័យព្រួយអីទេ មើលខាងក្រោយបងឃើញទេ អត់ភ័យព្រួយទេ ប៉ុន្តែចាក់ទៅឮតែងាប់មួយៗ គ្មានឮអាណារស់បានយូរសោះ) ដែលបានបង្ហោះចែកចាយតាមបណ្តាញព័ត៌មានសង្គម៕សរន