ដោយ: បូកគោ / កំពត: ទោះក្នុងដំណាក់កាល នៃការយាយីដោយជំងឺកូវីដ១៩ក្តី អ្វីដែលជាទំនៀមទម្លាប់ប្រពៃណី មិនអាចខកខានបានសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីរបស់ពុទ្ធបរិស័ទនោះ គឺការរៀបចំគ្រឿងរណ្តាប់ ដើម្បីទទួលទេវតាចុះមកប្រោះព្រំពរជ័យ។ ដូច្នេះហើយទើបនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ពលរដ្ឋក្នុងខេត្តកំពតបាននាំគ្នាសម្រុកចូលផ្សារទិញអីវ៉ាន់សព្វសារពើដើម្បីរៀបចំថ្វាយទេវតាតាមផ្ទះរៀងៗខ្លួន។
លោក លាង រឿនសុធី អភិបាលក្រុងកំពតបានបញ្ជាក់ថា តាមការសង្កេតជាក់ស្តែង នៅព្រឹកថ្ងៃទី១៣ ខែមេសានេះមានពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកមកផ្សារទិញរបស់របរផ្សេងៗ។ អ្វីដែលគួរឱ្យកោតសរសើរគឺពួគគាត់បានប្តូរឥរិយាបថចាស់ និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដូចជាពាក់ម៉ាស់បានត្រឹមត្រូវ មុនចូលផ្សារទទួលការបាញ់ទឹកអាល់កុលពីសន្តិសុខ ការដើរមិនប្រជ្រៀតគ្នា ពិសេសមុននឹងទិញទំនិញណាមួយគឺចង្អុលពីចម្ងាយដោយមិនបានប៉ះពាល់ផ្ទាល់ទេ។ អ្នកខ្លះក៏បានបាញ់អាល់កុលមុន និងក្រោយទទួលលុយពីគ្នាផងដែរ។ ពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំថ្មី លោកអភិបាលក្រុងបានរំលឹកថា ពលរដ្ឋអាចរៀបចំពិធីតាមប្រពៃណីនៅតាមផ្ទះរៀងៗខ្លួន ប៉ុន្តែមិនអនុញ្ញាតឱ្យមានការជួបជុំគ្នាច្រើនក្រៅពីសមាជិកគ្រួសារខ្លួនទេ។ បន្ថែមលើនេះ ក្នុងនាមរដ្ឋបាលក្រុងលោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តាបន្តរក្សាវិធានការ៣ការពារ ៣កុំ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិសេសកុំចេញពីផ្ទះប្រសិនបើមិនមានការចាំបាច់ ហើយជៀសវាងឱ្យបាននូវការជួបជុំហូបចុកដែលមានគ្នាច្រើនដើម្បីរួមគ្នាការពារការឆ្លងជំងឺកូវីដ១៩។
លោកនាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពតបានប្រាប់ឱ្យដឹងថានៅតាមទីសាធារណៈ និងគ្រប់វត្តអារាមសុទ្ធតែបានចងទង់ជាតិ ទង់សាសនាដូចរៀងរាល់ឆ្នាំ ប៉ុន្តែនឹងមិនមាន រៀបចំកម្មវិធីផ្សេងនោះទេ។ និយាយរួមគឺមានតែព្រះសង្ឃដែលគង់នៅក្នុងវត្តដែលនឹងធ្វើពិធីសាសនាសំខា់ៗដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ៕