Home ព័ត៌មានអន្តរជាតិ សហរដ្ឋ​អាម៉េរ...

សហរដ្ឋ​អាម៉េរិក​ណែនាំ​ឱ្យ​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង J&J ក្រោយ​មាន​របាយការណ៍​អំពី​កំណក​ឈាម​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​ទី​១៣​មេសា​បាន​ណែនាំ​ឱ្យ “​ផ្អាក​” ការប្រើប្រាស់​វ៉ាក់សាំង​កូវី​ដ​១៩ ច​ន​សុន​និង​ច​ន​សុន (J&J)​ដែល​ចាក់​តែ​១​ដូស​ដើម្បី​ស៊ើបអង្កេត​​របាយការណ៍​ស្តីពី​ការ​កកឈាម​ដ៏​កម្រ​ប្រកបដោយ​បង្ក​គ្រោះថ្នាក់ ជាហេតុ​នាំ​ឱ្យ​មាន​ប្រតិកម្ម​ជុំវិញ​ពិភពលោក ហើយ​វា​ជា​ការដើរថយក្រោយ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជា​សកល​។​

​មជ្ឍមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ (CDC) និង​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ (FDA) បានប្រកាសថា ពួកគេ​កំពុង​ស៊ើបអង្កេត​ករណី​កំណក​ឈាម​ខុស​ប្រក្រតី​ចំពោះ​ស្ត្រី ៦ នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ ដល់ ៤៨ ឆ្នាំ​។ ស្ត្រី​ម្នាក់​បាន​ស្លាប់​។​

​ទោះ​យ៉ាងណា​ស្នងការ​ស្តីទី​របស់ FDA រំពឹង​ថា​ការផ្អាក​នឹង​មាន​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។

​ប៉ុន្តែ​ការសម្រេចចិត្ត​នេះ​បាន​បង្ក​ឱ្យមាន​សកម្មភាព​យ៉ាង​លឿន​នៅ​អឺរ៉ុប​និង​កន្លែង​ផ្សេង​ទៀត​ខណៈ​ដែល​បណ្តា​ក្រុមហ៊ុន​ផលិត​ឱសថ និយតករ​និង អ្នកផ្តល់​សេវាកម្ម​នាំគ្នា​បញ្ឈប់​ការប្រើប្រាស់​វ៉ាក់សាំង J&J ឥឡូវ​នេះ​តែម្តង​។​

​ក្រុមហ៊ុន J&J បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​បាន​ដឹង​អំពី​របាយការណ៍​ស្តីពី​ការ​កកឈាម ប៉ុន្តែ​ពុំ​មាន​ការផ្សារភ្ជាប់​ណាមួយ​ចំពោះ​វ៉ាក់សាំង​របស់​ខ្លួន​ទេ​។ ទោះ​យ៉ាងណា​ក្រុមហ៊ុន​និយាយ​​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ថា​ខ្លួន​នឹង​ពន្យារ​ពេល​នៃ​ការដាក់​លក់​វ៉ាក់សាំង​របស់​ខ្លួន​នៅ​អឺរ៉ុប​និង​ផ្អាក​ការចាក់​វ៉ាក់សាំង​ថ្មី​នៅក្នុង​ការសាកល្បង​ដែល​កំពុង​ដំណើរកា​ររ​ហូត​ដល់​ខ្លួន​អាច​ធ្វើ​បច្ចុប្បន្នភាព​ការ​​ណែនាំ​របស់​ខ្លួន​អំពី​របៀប​ចាត់ចែង​។​

​វ៉ាក់សាំង​រាប់សិប​ម៉ឺន​ដូស​គ្រោង​នឹង​ដឹក​ទៅ​ដល់​បណ្តាប្រទេស​អឺរ៉ុប កន្លែង​ដែល​ការចាក់​វ៉ាក់សាំង​ត្រូវបាន​ញាំញី​ដោយ​កង្វះ​ការផ្គត់ផ្គង់ បញ្ហា​ភស្តុភារ​និង​ការព្រួយបារម្ភ​អំពី​ការ​កកឈាម​ចំពោះ​ប្រជាជន​​មួយចំនួន​តូច ដែល​បាន​ទទួល​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នីកា ដែល​មិន​ទាន់​ត្រូវបាន​ដាក់​ឱ្យ​ប្រើ​នៅ​សហរដ្ឋ​អាម៉េរិក​នៅឡើយ​។​

​រាល់​ការថយចុះ​នៃ​ការចាក់​ថ្នាំ​បង្ការ​រោគ​អាចមាន​ផលប៉ះពាល់​ធំធេង​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​ជា​សកល​។ វ៉ាក់សាំង J&J​បាន​ក្លាយជា​វ៉ាក់សាំង​ជាទី​រំពឹង​បំផុត​ពី​ព្រោះ​របប​តែ​មួយ​ដូស​​របស់​វា ហើយ​លក្ខខណ្ឌ​រក្សាទុក​ងាយៗ​នឹង​ធ្វើឱ្យ​វា​កាន់តែ​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ជា​ពិសេស​នៅតាម​បណ្តា​ប្រទេស​ក្រីក្រ​៕

​វ៉ាក់សាំង​កូវី​ដ​១៩ ច​ន​សុន​និង​ច​ន​សុន (J&J) ត្រូវបាន​ផ្អាក​ប្រើ​បណ្តោះអាសន្ន​សិន​នៅ​សហរដ្ឋ​អាម៉េរិក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular