វ៉ាក់សាំង Moderna ធ្លាក់ចុះ​ប្រសិទ្ធភាព​មក​នៅត្រឹម ៩០ ភាគរយ​នៅក្នុង​ការសាកល្បង​នៅ​សហរដ្ឋ​អាម៉េរិក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុមហ៊ុន​ជីវបច្ចេកវិជ្ជា​អាម៉េរិក​ឈ្មោះ Moderna បានប្រកាសថា​វ៉ាក់សាំង​កូ​វីដ​របស់ខ្លួន​មាន​ប្រសិទ្ធភាព​៩០ ភាគរយ​ប្រឆាំងនឹង​វីរុស​កូរ៉ូណា​គ្រប់​ទម្រង់ និង​មាន​ប្រសិទ្ធភាព ៩៥ ភាគរយ​ប្រឆាំងនឹង​ការធ្លាក់​ខ្លួន​ឈឺធ្ងន់ធ្ងរ​។​

​លទ្ធផល​ថ្មី​នេះ​គឺ​បានមក​ពី​ការសាកល្បង​ព្យាបាល​ដំណាក់កាល​ទី ៣ ដែល​កំពុង​ដំណើរការ​ដោយ​មាន​ការចូលរួម​ពី​មនុស្ស​ជាង ៣០.០០០​នាក់​នៅ​ទូទាំង​សហរដ្ឋ​អាម៉េរិក​ហើយ​តួលេខ​ប្រសិទ្ធភាព​គឺមាន​​ការថយចុះ​បន្តិច​ពី​តួលេខ​មុន ៩៤,១ ភាគរយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​ទស្សនា​វ​ដ្តី New England Journal of Medicine កាលពី​ខែ​ធ្នូ​។​

​តួលេខ​ថ្មី​នេះ​គឺ​ផ្អែក​ទៅ​លើ​ករណី​កូវី​ដ ដែល​បាន​ធ្វើ​រោគវិនិច្ឆ័យ​ចំនួន ៩០០ ករណី​ពី​ការសិក្សា​គិត​ត្រឹម​ថ្ងៃទី ៩ ខែ​មេសា ខណៈ​តួលេខ​មុន​គឺ​ផ្អែក​លើកូ​វីដ ១៨៥ ករណី​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ប្រសិទ្ធភាព​បាន​ធ្លាក់ចុះ​នោះ​ទេ​ប៉ុន្តែ​ហេតុផល​មួយ​អាចមកពី​ការលេចឡើង​នូវ​មេរោគ​បំលែងខ្លួន​ថ្មី​គួរ​ឱ្យ​បារម្ភ​ដែល​មិន​ងាយ​ដាស់​​អង្គ​បដិ​ប្រាណ​ឱ្យ​ជំរុញ​សកម្មភាព​របស់​វ៉ាក់សាំង​។​

Moderna កំពុង​ធ្វើការ​លើ​ប៊ូ​ស្ទើ (Booster) របស់​វីរុ​សបំលែងខ្លួន​ជាក់លាក់​ចំនួន​ពីរ ហើយ​និយាយ​ថា​ការសិក្សា​លើ​សត្វ​កណ្តុរ​បង្ហាញថា ពួក​វា​បាន​បង្កើន​ការឆ្លើយតប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​។​លទ្ធផល​នៃ​​ការសិក្សា​ទាំងនេះ​ត្រូវបាន​ផ្សព្វផ្សាយ​តាម​អន​ឡាញ​នៅក្នុង​ឯកសារ​វិទ្យាសាស្ត្រ​មួយ ដែល​ឥឡូវនេះ​កំពុង​រង់ចាំ​ការ​ពិនិត្យ​មើល​ពី​អ្នកវិទ្យាសាស្ត្រ​គ្នាឯង​។​

​នាយក​ប្រតិបត្តិ​លោក ស្តេ​ហ្វេន បាន​សែ​ល និយាយថា “​ទិន្នន័យ​ថ្មី​មុន​ការសាកល្បង​ដែល​ផ្តោត​លើ​វ៉ាក់សាំង​សម្រាប់​វីរុ​ស​បំលែងខ្លួន​ជាក់លាក់​របស់​យើង​បាន​ផ្តល់​ឱ្យ​យើង​នូវ​ទំនុកចិត្ត​ថា​យើង​នឹង​អាច​ដោះ​​ស្រាយ​បញ្ហា​ទាក់ទង​នឹង​វីរុ​សបំលែងខ្លួន​ដែល​កំពុ​ង​កើតមាន​”​។​

​ក្រុមហ៊ុន​និយាយថា​គិត​ត្រឹម​ថ្ងៃទី ១២ ខែ​មេសា ខ្លួន​បាន​ចែកចាយ​វ៉ាក់សាំង​ចំនួន ១៣២ លាន​ដូ​សនៅ​ទូទាំង​ពិភពលោក​ក្នុងនោះ​មាន​ប្រហែល ១១៧ លាន​ដូស​ចែក​ចាយ​ទៅ​សហរដ្ឋ​អាម៉េរិក​៕

​វ៉ាក់សាំង Moderna មួយ​ដូសនេះ​កំពុង​ត្រៀម​ចាក់​ឱ្យ​មនុស្ស​នៅ​កីឡដ្ឋាន Madejski Stadium ក្នុង​ទីក្រុង​រីដ​ឌី​ង ស្ថិត​នៅ​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular