Home ព័ត៌មានសំខាន់ៗ ចូលឆ្នាំថ្មី ...

ចូលឆ្នាំថ្មី ឆ្នាំនេះ ក្រៅកូវីដ ក៏ត្រូវប្រយ័ត្នគ្រោះថ្នាកចរាចរណ៍ដែរ!

ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា នៅឆ្នាំនេះ ក្របដណ្តប់ដោយហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ១៩។ ចូលឆ្នាំ នៅឆ្នាំនេះ ធ្វើឡើងតាមផ្ទះរៀងៗខ្លួន។ នៅតាមវត្តអារាម ក៏ស្ងាត់ ខុសប្លែកពីរៀងរាល់ឆ្នាំ។ នេះដោយសារតែជំងឺកូវីដ១៩។

តាមផ្លូវ តាមផ្សារ និងតាមតំបន់មួយចំនួន ពិសេសនៅភ្នំពេញ ត្រូវបានបិទខ្ទប់ ព្រោះការឆ្លងរាលដាលជំងឺកូវីដ១៩ កាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ វិធានការរដ្ឋបាល ត្រូវបានដាក់ចេញ។ នោះគឺក្រៅពីបិទការធ្វើដំណើរឆ្លងខេត្ត រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ក្នុងអំឡុងពេលចូលឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវដ១៩ នៅភ្នំពេញ ក៏បានបិទផ្សារអូរឫស្សី ផ្សារចាស់ និងតំបន់មួយចំនួនទៀត ដែលមានអ្នកជំងឺកូវីដ១៩ រស់នៅ។

នៅតាមខេត្តមួយចំនួនទៀត ក៏មិនខុសពីភ្នំពេញដែរ។ នៅខេត្តព្រះសីហនុ បិទខេត្ត ចាប់តាំងពីផ្ទុះជំងឺកូវីដឆ្លងកូវីដ កាលពីថ្ងៃទី៤ ខែមីនា បន្តដល់សព្វថ្ងៃ។ នៅខេត្តសៀមរាប អំឡុងពេលចូលឆ្នាំនេះ អាជ្ញាធរបិទផ្សារក្រោម និងវត្ត ដោយសារតែផ្ទុះការឆ្លងកូវីដ។ នៅបាត់ដំបង ក៏បានប្រកាសបិទផ្សារ ៨ផ្សារ នៅទីរួមខេត្ត។ នៅផ្សារគគីរ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី១៣មេសា អាជ្ញាធរខេត្តកណ្តាល ក៏បានសម្រេចបិទផ្សារជាប់ផ្លូវជាតិលេខ១នោះ ដោយសារតែមានអាជីវករឆ្លងកូវីដ១៩។

ដូច្នេះចូលឆ្នាំ នៅឆ្នាំនេះ ត្រូវបានយាយីដោយកូវីដ។ ប៉ុន្តែក្នុងពេលប្រទេសយើង ជួបប្រទះនឹងកូវីដឆ្លងរាលដាលដ៏ខ្លាំងក្លាពុំធ្លាប់មាននេះហើយ តែអំឡុងពេលចូលឆ្នាំថ្មីនេះ ក៏សូមឲ្យប្រជាពលរដ្ឋខ្មែរយើង ក្រៅពីប្រុងប្រយ័ត្ននឹងកូវីដដ៏កាចសាហាវ ក៏សូមឲ្យប្រុងប្រយ័ត្ន និងខ្លាចគ្រោះថ្នាក់ចរាចរណ៍ថែមទៀតដែរ។

អំឡុងពេលចូលឆ្នាំ កាលពីឆ្នាំទៅ រាជរដ្ឋាភិបាល ក៏បានសម្រេចបិទការធ្វើដំណើរឆ្លងខេត្ត ពីខេត្តមួយទៅខេត្តមួយដូចគ្នា។ ប៉ុន្តែកាលពីមុន ក៏នៅតែកើតមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលចូលឆ្នាំ។ នោះគឺអំឡុងពេលបុណ្យចូលឆ្នាំ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ៥៥លើក បណ្តាលឲ្យស្លាប់ ២០នាក់ និងរបួស ១០២នាក់។

នៅអំឡុងពេលចូលឆ្នាំខ្មែរ កាលពីឆ្នាំមុន រាជរដ្ឋាភិបាល បានសម្រេចផ្អាកពិធីបុណ្យចូលឆ្នាំ ហើយតម្រូវឲ្យមន្ត្រីរាជការ បុគ្គលិកកម្មករនិយោជិតទាំងអស់ បន្តធ្វើការងារជាធម្មតា។ ក្រៅពីនោះ រាជរដ្ឋាភិបាល ក៏បានសម្រេច ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ចាប់ពីយប់ថ្ងៃទី៩មេសា ដល់ម៉ោង ៦ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ វិធានការរបស់រាជរដ្ឋាភិបាលនេះ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតាមសហគមន៍ភូមិស្រុក ក្នុងអំឡុងពេលចូលឆ្នាំ។

ដូច្នេះនៅឆ្នាំនេះ កម្ពុជាយើង ពិសេសនៅភ្នំពេញ រងគ្រោះធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ ដែលបាន និងកំពុងបន្តឆ្លងរាលដាលជារៀងរាល់ថ្ងៃ ហើយបានសម្លាប់មនុស្សជារៀងរាល់ថ្ងៃដែរនោះ នៅអំឡុងពេលចូលឆ្នាំនេះ សូមកុំឲ្យរងគ្រោះមួយជាន់ទៀត ដោយសារគ្រោះថ្នាក់ចរាចរណ៍។ សូមជនរួមជាតិយើង បន្តនៅផ្ទះ ហើយអនុវត្តខ្ជាប់ខ្ជួនតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងសុខាភិបាល។ ចូលឆ្នាំនៅផ្ទះ ឆ្នាំនេះ មិនត្រឹមឈ្នះកូវីដទេ តែសូម្បីគ្រោះថ្នាក់ចរាចរណ៍ ក៏យើងមិនរងគ្រោះដែរ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular