ប្រែសម្រួល : កញ្ញាដាលីស ៖ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ម៉ាក អេស្ពើនិយាយថាសហរដ្ឋអាម៉េរិកគួរតែដាក់ពង្រាយកងទ័ពបន្ថែមទៀតនៅតាមសមុទ្រខ្មៅក្នុងប្រទេសប៊ុលហ្គារីនិងរ៉ូម៉ានីដើម្បីទប់ស្កាត់ការឈ្លានពានពីរុស្ស៊ី ខណៈភាពតានតឹងរវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោនកាន់តែក្តៅគគុក។
លោកអេស្ពើ ដែលឥឡូវនេះជាសមាជិកម្នាក់នៃវិទ្យាស្ថានម៉ាកខេនសម្រាប់ភាពជាអ្នកដឹកនាំអន្តរជាតិនៃសាកលវិទ្យាល័យរដ្ឋអារីហ្សូណា បាននិយាយថា”ខ្ញុំគិតថាយើងចាំបាច់ត្រូវបន្តជំហរតតាំងនឹងរុស្ស៊ីហើយព្យាយាមរារាំងអាកប្បកិរិយាអាក្រក់របស់ពួកគេ”។
លោកអេស្ពើបាននិយាយក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារទី១៣មេសាថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគួរតែស្វែងរកការធានាឡើងវិញដល់សម្ពន្ធមិត្តអឺរ៉ុបនិងជំរុញដល់សម្ពន្ធមិត្តណាតូតាមរយៈការដាក់ពង្រាយកម្លាំងបន្ថែមទៀតនៅក្នុងប្រទេសប៉ូឡូញ “ក្នុងតំបន់បាល់ទិក ប្រសិនបើវាសមហេតុផល និង កន្លែងដូចជារ៉ូម៉ានីនិងប៊ុលហ្គារី ដោយផ្អែកលើមូលដ្ឋានប្តូរវេន ប្រសិនបើមិនអចិន្ត្រៃយ៍”។
ប្រធានាធិបតីចូបៃដិនបានអំពាវនាវដល់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនកាលពីថ្ងៃអង្គារឱ្យកាត់បន្ថយភាពតានតឹងដែលបង្កឡើងដោយការបង្កើនកងទ័ពរុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន និង បានស្នើឱ្យមានជំនួបកំពូលរបស់មេដឹកនាំដែលកំពុងបែកបាក់គ្នាទាំងពីររូបនេះ ដើម្បីដោះស្រាយជម្លោះជាច្រើន។
រុស្ស៊ីបានដណ្តើមយកតំបន់គ្រីមេពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ហើយការប្រយុទ្ធគ្នាបានកើនឡើងនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅភាគខាងកើតអ៊ុយក្រែនកន្លែងដែលកងកម្លាំងរដ្ឋាភិបាលបានប្រយុទ្ធជាមួយក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅក្នុងជម្លោះរយៈពេល ៧ ឆ្នាំ ដែលរដ្ឋាភិបាលក្រុងគៀវនិយាយថាបានសម្លាប់មនុស្ស ១៤.០០០ នាក់។
នៅពេលគាត់កំពុងគ្រប់គ្រងមន្ទីរបញ្ចកោណកាលពីឆ្នាំមុន លោកអេស្ពើបានគាំទ្រការដាក់ពង្រាយទ័ពប្រហាក់ប្រហែលគ្នានេះដែរខណៈអតីតប្រធានាធិបតីដូណាល់ត្រាំបានប្រកាសពីចេតនាកាត់បន្ថយកងទ័ពអាម៉េរិកនៅអាល្លឺម៉ង់ប្រហែលមួយភាគបី ដោយនិយាយថាទីក្រុងបែរឡាំងបានឆ្លៀតកេងយកប្រយោជន៍ពីសហរដ្ឋអាម៉េរិកខណៈមិនបានបំពេញកាតព្វកិច្ចហិរញ្ញវត្ថុដល់ណាតូ។
សហរដ្ឋអាម៉េរិកបានប្រកាសកាលពីថ្ងៃអង្គារថាខ្លួននឹងបង្កើនកម្លាំងរបស់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់ចំពេលមានភាពតានតឹងចុងក្រោយជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ុយក្រែន ដោយបោះបង់ចោលផែនការរបស់ត្រាំក្នុងការដកកងទ័ពប្រហែល ១២.០០០ នាក់នៃកងទ័ពអាម៉េរិកចំនួន ៣៦.០០០ នាក់នៅទីនោះ៕
អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ម៉ាក អេស្ពើ