Home ព័ត៌មានជាតិ សន្តិសុខ ចំ​ម៉ោង​សែន​ទ...

ចំ​ម៉ោង​សែន​ទទួល​ទេវតា​ឆ្នាំឆ្លូវ​៖ ម៉ូតូ​២​គ្រឿង បុក​គ្នា​នៅ​ក្រុង​ប៉ោយប៉ែត ស្លាប់​២នាក់

ដោយ​៖ ប​.​ជ័យ / បន្ទាយមានជ័យ​៖ បុរស​២​នាក់ ម្នាក់​ជា​ជនជាតិខ្មែរ និង​ម្នាក់ទៀត ជា​ជនជាតិ​ថៃ បាន​ស្លាប់​នៅនឹងកន្លែង ទាំង​២​នាក់ ដោយសារតែ​បើក​ម៉ូតូ ក្នុង​ល្បឿន​លឿន ហើយ​បាន​បុក​គ្នា ពេញទំហឹង ចំ​ម៉ោង​សែន ទទួល​ទេវតា​ឆ្នាំឆ្លូវ​នេះ ។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៤​និង​១០​នាទី​ទៀបភ្លឺ នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ នៅ​ផ្លូវលំ​ក្រាល​បេតុង ត្រង់ចំណុច​កាស៊ីណូ​ផ្កាយ ៥ ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រី​សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ និង​នគរបាល​ក្រុង បានអោយដឹងថា​៖ គ្រោះថ្នាក់​រវាង​ម៉ូតូ និង​ម៉ូតូ ក្នុងទិសដៅ​ផ្ទុយគ្នា ពី​ខាងជើង ទៅខាង​ត្បូង​។ ករណីនេះ បាន​បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ ទាំងពីរ ស្លាប់ នៅ​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច បាន​បន្តថា​៖ ជនរងគ្រោះ និង​ជា​ជនបង្ក មាន ១.​ឈ្មោះ ណាត់ តា​ផុង ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ធ្វើការ​នៅកាស៊ី​ណូ ហូ​លី​ដេ ផា​លេស​(​ជនជាតិ​ថៃ​) ជា​អ្នកបើកបរ​ម៉ូតូ ស្លាប់ នៅ​កន្លែងកើតហេតុ ។ ២.​ឈ្មោះ ស៊ីថា ហៅ ខ្លូ ភេទ​ប្រុស អាយុ​ជាង ៤០ ឆ្នាំ (​ជនជាតិខ្មែរ​) រស់នៅ​ផ្ទះជួល នៅ​ចំណុច​អគារ​ដើម​ស្រល់ ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែក ជា​អ្នកបើកបរ​ម៉ូតូ ស្លាប់​នៅ​កន្លែងកើតហេតុ​ដែរ ។​

​សមត្ថកិច្ច និង​អ្នកឃើញ​ហេតុការណ៍ បានបញ្ជាក់​ឱ្យដឹងថា មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ គឺ​បណ្ដាលមកពី អ្នកបើកបរ បើក​ក្នុង​ល្បឿន​លឿន និង​មិន​ប្រកាន់​ស្តាំ​។ សាកសព​កំពុង​រក្សាទុក នៅក្នុង​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត​(​ដី​ថ្មី​) ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular