ប្រែសម្រួល : កញ្ញាដាលីស ៖ កាលពីថ្ងៃអង្គារទី១៣មេសា ប្រធានាធិបតីអាម៉េរិលលោក ចូ បៃដិនបានជំរុញឱ្យប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀរ ពូទីន “បន្ថយភាពតានតឹង”បន្ទាប់ពីការបង្កើនកម្លាំងយោធារុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន នៅក្នុងការតេទូរស័ព្ទដ៏តឹងតែងជាលើកទីពីររបស់មេដឹកនាំទាំងពីរនៅដើមអាណត្តិដ៏ក្មេងខ្ចីរបស់លោកបៃដិន។
យោងតាមសេតវិមាន លោកបៃដិនក៏ប្រាប់លោកពូទីនដែរថា សហរដ្ឋអាម៉េរិកនឹង “ធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ក្នុងការការពារផលប្រយោជន៍ជាតិរបស់ខ្លួន”ទាក់ទិននឹងការជ្រៀតចូលតាមអ៊ីនធឺណេតនិងការជ្រៀតជ្រែកក្នុងការបោះឆ្នោតពីសំណាក់រុស្ស៊ី។ សេតវិមានបាននិយាយថាលោកបៃដិនបានស្នើឱ្យមានកិច្ចប្រជុំកំពូលមួយនៅក្នុងប្រទេសទីបីនៅប៉ុន្មានខែខាងមុខនេះដើម្បីពិភាក្សាពីបញ្ហាពេញលេញរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ី។
ទំនាក់ទំនងរវាងបៃដិននិងពូទីនមានភាពរង្គោះរង្គើតាំងពីការចាប់ផ្តើមរដ្ឋបាលថ្មីរបស់អាម៉េរិកមកម្ល៉េះ។ លោកបៃដិនកំពុងថ្លឹងថ្លែងសកម្មភាពប្រឆាំងនឹងរុស្ស៊ីសម្រាប់យុទ្ធនាការលួចតាមអ៊ីនធឺណេតហៅថា SolarWinds ការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ របាយការណ៍ស្តីពីប្រាក់រង្វាន់របស់រុស្ស៊ីលើការសម្លាប់ទាហានអាម៉េរិកនៅអាហ្វហ្គានីស្ថាន និង ការបំពុលនិងការដាក់គុកមេដឹកនាំប្រឆាំងរុស្ស៊ី លោក អាឡិចសី ណាវ៉ាល់នី។
មានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅបស្ចិមប្រទេសអំពីការកើនឡើងនៃការរំលោភបទឈប់បាញ់នៅភាគខាងកើតអ៊ុយក្រែនកន្លែងដែលក្រុមបំបែកខ្លួននិងកងទ័ពអ៊ុយក្រែនបានជាប់នៅក្នុងជម្លោះចាប់តាំងពីការកាត់យកឧបទ្វីបគ្រីមេរបស់អ៊ុយក្រែនពីសំណាក់រុស្ស៊ីក្នុងឆ្នាំ ២០១៤ ។ ការតេតាមទូរស័ព្ទរបស់លោកបៃដិនជាមួយលោកពូទីនបានកើតឡើងខណៈក្រុមអ្នកការទូតជាន់ខ្ពស់អាម៉េរិកនិងមេដឹកនាំណាតូបានថ្កោលទោសចំពោះការបង្កើនកងទ័ពរុស្ស៊ីរាប់ពាន់នាក់នាពេលថ្មីៗនេះ។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា”ប្រធានាធិបតីបៃដិនបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តឥតងាករ៉េរបស់សហរដ្ឋអាម៉េរិកចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន”។ សេតវិមានបានបន្ថែមទៀតថា លោកបៃដិនបានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីត្រូវតែ “បន្ថយភាពតានតឹង”៕
លោកចូ បៃដិន