CL ៖ Man City រំពឹង​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ Liverpool អាចបង្កើត​រឿង​អភិនីហា​រលើ Real Madrid បាន​ឬ​អត់​?

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ ការប្រកួត​បាល់ទាត់ UEFA Champions League ថ្ងៃ​ពុធ​នេះ​ឈាន​ចូល​ដល់​វគ្គ​១​ភាគ​៤ ជើង​ទី​ពីរ ដោយមាន ២ គូ​នឹង​ត្រូវ​តតាំង​គ្នា​ដូច​ខាងក្រោម​។

​លទ្ធផល​ជើង​ទី​មួយ​គឺ Man City ២-១ Dortmund និង Real Madrid ៣-១ Liverpool​។

​ក្រុម​ដែល​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​គឺ Chelsea (​រង់ចាំ Real Madrid ឬ Liverpool) និង PSG (​រង់ចាំ Dortmund ឬ Man City)​។​

– Dortmund vs Manchester City

​ក្រុម​មេឃ​ខៀវ Manchester City បាន​ចាក់ចោល​ឱកាស​ជាច្រើនលើក​កាល​ពី​ជើង​ទីមួយ ប៉ុន្តែ​សំណាងល្អ​ពួកគេ​អាច​ទទួល​ជ័យជម្នះ​ចុង​ម៉ោង​ក្នុង​លទ្ធផល ២-១ លើ Dortmund ។

​គ្មានអ្វី​សង្ស័យ​ទេ Man City ជា​ក្រុម​ឡើង​ជើង​ថេរ​បំផុត​នៅ​ទូទាំង​លី​ក​កំពូល​ទាំង​អស់​ក្នុង​តំបន់​អឺរ៉ុប​រដូវ​កាល​នេះ ហើយ​ជា​ថ្មី​ម្តង​ទៀត​មេឃ​ខៀវ​ជា​ក្រុម​មាន​ប្រៀប​បំផុត​ក្នុង​ការបំបាក់​ក្រុម​មកពី​ក្របខ័ណ្ឌ Bundesliga មួយ​នេះ​ជា​លើក​ទី​ពីរ​នៅ​ថ្ងៃ​ពុធ​នេះ​។

​ទន្ទឹមនេះ Dortmund លេង​មិន​សូវ​ល្អ​ទេ​នៅ​គ្រប់​ក្របខ័ណ្ឌ​ទាំងអស់​នៅ​រដូវ​កាល​នេះ ហើយ​ពួកគេ​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ដោយ​ក្រុម​ណា​ក៏​អាច​ស៊ុត​ចូល​ពួកគេ​បានដែរ​។

​មួយវិញទៀត City មាន​កំណត់ត្រា​សឹងតែ​ល្អឥតខ្ចោះ​ក្នុង CL រដូវ​កាល​នេះ ដោយ​ឈ្នះ ៨ ស្មើ ១ ក្នុង ៩ ប្រកួត ក្នុងនោះ​មាន​តែ Porto មួយ​គត់​ដែល​អាច​យក​១​ពិន្ទុ​ពី​មេឃ​ខៀវ​បាន​។

Dortmund មិន​ដែល​ចាញ់​ក្នុង​ទឹកដី​នោះ​ឡើយ​ក្នុង​ក្របខ័ណ្ឌ CL ទោះបី​ពួកគេ​ស្មើ​ជាមួយ​គីឡូ​មធ្យម​ដូចជា Lazio និង Sevilla ក៏ដោយ​។

Dortmund ធ្លាប់​ជួប​ក្រុម​មក​ពី​អង់គ្លេស​ចំនួន ២៨ ដង​នៅ​ក្របខ័ណ្ឌ CL ដោយ​ឈ្នះ ១១ ស្មើ ៥ និង​ចាញ់ ១២​។ ចំណែក​មេឃ​ខៀវ ធ្លាប់​ជួប​ក្រុម​មក​ពី​អាល្លឺម៉ង់​ចំនួន ២៦ ដង​ក្នុង​ក្របខ័ណ្ឌ CL ដោយ​ឈ្នះ ១៦ ស្មើ ៣ និង​ចាញ់ ៧​។

​ការប្រកួត​នេះ Dortmund ត្រូវ​វាយលុក​តាំង​ពី​ដើមតង់​រហូតដល់​ចប់ ដើម្បី​យកឈ្នះ​លើ Man City វិញ ប៉ុន្តែ​ដោយសារ​ពួក​គេ​ការពារ​អន់ យើង​រំពឹង Man City វាយបក​លឿនៗ​យកឈ្នះ​ការប្រកួត​នេះ​ក្នុង​លទ្ធផល​ព្យាករណ៍ ២-០​។​

– Liverpool vs Real Madrid

Real Madrid បាន​ឈ្នះ​នៅ​ជើង​ទីមួយ ៣-១ មុន​នឹង​មក​ទឹកដី Anfield ថ្ងៃ​ពុធ​នេះ ប៉ុន្តែ​ការប្រកួត​នេះ​នៅ​មិនទាន់​ចប់​នៅឡើយ​ទេ ព្រោះ​កន្លងមក​យើង​បានដឹង​ហើយ​ថា Liverpool តែង​ធ្វើ​រឿង​ដែល​មិន​អាច​ទៅ​រួច​ឱ្យ​ទៅ​រួច ជាពិសេស​វាយបក​ឈ្នះ​លើ Barcelona វិញ​ក្នុង​ឆ្នាំ ២០១៩ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន​ដដែល​នេះ​។

​កីឡា​ករវ៉ា​ញ​អាល់​ឌុ​ម និង អូ​រី​គី គឺ​ជា​តារា​រះ​នៅក្នុង​ការប្រកួត​នៅ​រាត្រី​នោះ ដោយ​ស៊ុត​បាន​ម្នាក់​២​គ្រាប់ ដែល​ជួយ​ឱ្យ​ហង្ស​ក្រហម​វាយបក​ឈ្នះ​លើ​បរាជ័យ ៣-០ នៅ​ទឹកដី Camp Nou ដោយ​សរុប​លទ្ធផល​ទាំង​ពីរ​ជើង​គឺ​ឈ្នះ​វិញ ៤-៣​។ ដូច្នេះ នៅតែ​មាន​ក្តីសង្ឃឹម​សម្រាប់​ហង្ស​ក្រហម ព្រោះ Real Madrid អវត្តមាន​ខ្សែការពារ​ជម្រើស​ដំបូង​ទាំង​បី​រូប​តែម្តង គឺ សឺ​ជី​អូ រ៉ា​ម៉ូ​ស​, រ៉ា​ហ្វា​អែល វ៉ា​រ៉ាណេ និង ដា​នី ខា​វ៉ា​ចា​ល់ ហើយ​ឥឡូវ​កីឡាករ​នាំ​លេង​តំបន់​ប្រយុទ្ធ លូ​កាស វ៉ា​ស្កេ ក៏​រងរបួស​ផងដែរ​។

​ទោះយ៉ាងណា លោក​ជួ​ហ្គិន ក្លប់ ត្រូវតែ​រៀបចំ​យុទ្ធសាស្ត្រ​លេង​ឱ្យ​ត្រូវ​សម្រាប់​ការប្រកួត​នេះ ព្រោះ​ថា​ស្តេច​ស Real Madrid អាចដាក់​ឈុត​ទី​ពីរ​លេង​កំដរ​ឆាក​ក៏​បាន​ដែរ ដើម្បី​ទប់​សុំ​ស្មើ​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ក្នុង​ប៉ុន្មាន​ខែ​មកនេះ យើង​ឃើញ​ច្បាស់​ហើយ គឺ Real Madrid លេង​ទម្រង់​ការពារ​រហូត ដោយ​វាយបក​លឿនៗ​តាមរយៈ​បាល់​បញ្ជូន​ពី​ជើង​កីឡាករ ម៉ូ​ឌ្រិ​ក និង តូ​នី គ្រូ​ស​។ កីឡា​ករប្រេ​ស៊ីល​វ័យក្មេង វី​នី​សៀ​ស ជូនៀ គឺជា​កីឡាករ​លេចធ្លោ​ជាង​គេ​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ ដោយ​ល្បឿន​ដ៏​លឿន​របស់​កីឡាករ​រូបនេះ បាន​ទម្លុះ​ប្រព័ន្ធ​ការពារ​ទាំង​របស់ Liverpool និង Barcelona ក្នុង​សប្តាហ៍​កន្លងទៅ​។

​អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺថា Liverpool លេង​ខ្សោយ​នៅក្នុង​ទឹកដី​ខ្លួនឯង ដោយ​ទើប​ឈ្នះ Aston Villa ២-១ ទាំង​ត្រដាបត្រដួស​ចុងក្រោយ​បំផុត​នេះ​ប៉ុណ្ណោះ ក្រោយ​ខកខាន​ឈ្នះ​នៅ Anfield តាំង​ពី​ថ្ងៃទី ១៦ ខែ​ធ្នូ ឆ្នាំ​២០២០​។

​ទោះយ៉ាងណា នេះ​ជា​ការប្រកួត​ដ៏​រំភើប​បំផុត​សម្រាប់​អ្នកគាំទ្រ​បាល់ទាត់​ទូទៅ ហើយ​ច្បាស់​ណាស់​គ្រាប់​បាល់​នឹង​មាន​ច្រើន​គ្រាប់​ក្នុង​ការប្រកួត​នេះ ដោយសារ​ក្រុម​ទាំង​ពីរ​យ៉ាប់​នៅ​តំបន់​ការពារ​ដូចគ្នា​។ យើង​រំពឹង Liverpool ឈ្នះ​ក្នុង​លទ្ធផល​ព្យាករណ៍ ២-១៕

​តារាង​ការប្រកួត CL ៖

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular