Home ព័ត៌មានសំខាន់ៗ អាជីវករ​មួយចំ...

អាជីវករ​មួយចំនួន​តូច នៅ​ផ្សារ​ហ៊ុយ ឡេង នា​ក្រុង​សិរីសោភ័ណ ដែល​រឹងរូស​មិន​ពាក់​ម៉ាស ត្រូវ​បញ្ឈប់​ការលក់ដូរ

​ដោយ​៖ ភ្នំ​ស្វាយ / បន្ទាយមានជ័យ​៖ អាជីវករ​មួយចំនួន​តូច នៅ​ផ្សារ​ហ៊ុយ ឡេង នា​ក្រុង​សិរីសោភ័ណ ដែល​រឹងរូស​មិន​ពាក់​ម៉ាស ត្រូវ​បញ្ឈប់​លក់ដូរ ក្នុង​ផ្សារ ល្គឹកណា​មិន​ព្រម​កែប្រែ អនុវត្តតាម ហើយ​ត្រូវ​ស្នើសុំ​សិទ្ធិ ពី​អាជ្ញាធរ​ក្រុង ទើប​អនុញ្ញាត​ឡើងវិញ ។​

​បងប្អូន​អាជីវករ​លក់ដូរ​ចម្រុះ ទីទៃ​ពីគ្នា​ទាំងនោះ បាន​ប្រាប់​សារព័ត៌មាន ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ ថា​៖ ពួកខ្លួន​មាន​ជិត ១០ នាក់​ប៉ុណ្ណោះ ដែល​មិនបាន​ពាក់​ម៉ាស់ ជាប់លាប់ ក្នុងពេល​លក់ដូរ និង​ប្រាស្រ័យ ជាមួយ​ម៉ូយ​(​អ្នកទិញ​)​។ នោះ​មកពី​មិនសូវមាន​ទម្លាប់​ពាក់ វា​រាង​ហប់ និង​ថប់ៗ ហើយ​បាន​ពាក់​មិន​គត់មត់ និង​មិនជា​ប្រចាំ បើទោះបី​ត្រូវ​អ្នកគ្រប់គ្រង និង​បុគ្គលិក​ក្រុមហ៊ុន​ផ្សារ​ហ៊ុយ ឡេង​នេះ បាន​អប់រំ ផ្សព្វផ្សាយ​ពី ការប្រើប្រាស់ ជែ​ល ម៉ាស ហើយ​ព្រមាន​ខ្លាំងៗ ក៏ដោយ ។ នោះ​មកពី​ពួកគេ​គិតថា បើ​មិន​អនុវត្ត លើ​វិធាន​បង្ការ​ការពារ​ជម្ងឺ​កូ​វីដ ១៩ នេះ ក៏​មិន​អី​ដែរ ។​ល​។

​អាជីវករ បាន​បន្តថា​៖ ឥឡូវនេះ ពួកខ្លួន​បាន​យល់ដឹង និង​ជ្រាប​ពី​ផលវិបាក​ពី​វា ក្នុងនោះ មាន​ដល់​ទោសទណ្ឌ ដែល​ច្បាប់ បានចែង​ទៀតផង ។​

​ករណី​ចន្លោះប្រហោង​នេះ ត្រូវ​លោក​ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​ស​ភ័ណ បានអោយដឹង កាលពី​ថ្ងៃទី​១៣ មេសា​ថា​៖ ក្រុមការងារ​ក្រុង សហការ​នឹង​ក្រុមយុវជន ខេត្តបន្ទាយមានជ័យ បាន​បន្ត​ចុះ​ណែនាំ បងប្អូន​អាជីវករ លក់ដូរ និង​បងប្អូន​អ្នកទិញ ឬ​អតិថិជន (​នៅ​ផ្សា​ររ​ហ៊ុយ ឡេង​) ទាក់ទិន​នឹង​ការពាក់​ម៉ាស មុនពេល​អាជ្ញា​ធរមាន​សមត្ថកិច្ច អនុវត្ត​នីតិវិធី​នៃ​ច្បាប់ ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីត​១៩ ។​

​ចំណែក​លោក មួន យក់​សាន នៃ​ក្រុមការងារ​យុវជន ខេត្តបន្ទាយមានជ័យ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ជាប្រចាំ តាម​គោលដៅ​នានា​របស់ខ្លួន បានអោយដឹង កាលពី​ថ្ងៃទី​១៣ មេសា​ថា​៖ ក្រុម​នេះ បន្ត​រួមគ្នា​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ក្នុងនោះ លោក​និង ក្រុមការងារ​យុវជន​បាន​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​ដឹកនាំ​ដោយ លោកស្រី ហ៊ាង គឹម​ស៊ា​ង អភិបាលរងក្រុង មន្ត្រីរដ្ឋបាល​ក្រុង កងកម្លាំង​ប៉េអឹម​ក្រុង នគរបាល​ប៉ុស្តិ៍​សង្កាត់​អូរ​អំបិល ចៅសង្កាត់ មេភូមិ បាន​ចុះ​ផ្សព្វផ្សាយ​ណែនាំ នៅ​ផ្សារ​ហ៊ុយ​ឡេង​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ពោលគឺ​អោយ បងប្អូន​អាជីវករ ក៏​ដូច​អ្នក​មក​ទិញ ឬ​ចេញ ចូល​ផ្សារ​ត្រូវ​ពាក់​ម៉ាស់ និង​អនុវត្ត​វិធាន​ផ្សេងទៀត អោយបាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល និង​តាមច្បាប់ ។​

​រដ្ឋបាល​ក្រុង បាន​ព្រមាន​ថា បើ​បងប្អូន​រឹងរូស ហើយ​អត់​ពាក់​ម៉ាស់​ទេ លើក​ក្រោយ មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច នឹងធ្វើ​ការផាកពិន័យ តាមច្បាប់ ដល់​អ្នក​ល្មើស​ហើយ ។​

​ឆ្លើយតប​ករណីនេះ លោក ឆាយ ស្រេង អ្នកគ្រប់គ្រង​ទូទៅ ផ្សារ​រ​ហ៊ុយ ឡេង សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ បាន​ប្រាប់​សារព័ត៌មាន ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ ថា​៖ នៅពេលនេះ ក្រុមការងារ​ផ្សារ បាន​បន្ត​ផ្សព្វផ្សាយ និង​បញ្ឈប់​អាជីវករ លក់ដូរ​មួយចំនួន​តូច​(​ជិត​១០​នាក់ ក្នុងចំណោម​រាប់រយ​នាក់​) ដែលមានៈ​រឹងរូស មិន​ពាក់​ម៉ាស់ ក្នុងពេល​លក់ដូរ និង​ចេញចូល​ផ្សារ ។​

​លោក ឆាយ ស្រេង បាន​បន្តថា​៖ អ្នក​ដែល​ត្រូវ​បញ្ឈប់​ការលក់ដូរ នឹងត្រូវ​ទៅ​ទទួល​ការអប់រំ​បន្ថែម និង​សុំ​អនុញ្ញាត​សិទ្ធិ លក់ដូរ​ឡើងវិញ ពី​សាលាក្រុង​សិរីសោភ័ណ ។ ក្នុងនោះ ក្រុមហ៊ុន​ផ្សារ ក៏បាន​ប្រគល់​លិខិត បញ្ឈប់​អ្នក​មិន​ព្រម ពាក់​ម៉ាស ដល់​សាមីខ្លួន​អាជីវករ​ម្នាក់ៗ​ផងដែរ ។​

​សូម​បញ្ជាក់ដែរថា មកទល់ពេលនេះ ផ្សារ​នានា​នៅ​គ្រប់​ស្រុក​ក្រុង​នា​ខេត្តបន្ទាយមានជ័យ រួមទាំង​ផ្សារ​ហ៊ុយ ឡេង​នេះ បាន​អនុវត្ត​វិធាន​របស់ ក្រសួងសុខាភិបាល និង​អនុសាសន៍​របស់ ប្រមុខ​រាជរដ្ឋាភិបាល លើ​ការប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​១៩ ។ វា​មិនទាន់មាន​ផ្សា​រណា ដែលមាន​បាតុភាព​ផ្ទុះ​កូ​វីដ​១៩ ឬ​រង​ការបិទ​ដូច​នៅ​រាជធានី ខេត្ត មួយចំនួន​នៅឡើយ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular