ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានសំរេចបិទខ្ទប់ រាជធានីភ្នំពេញទាំងស្រុង ដោយមិនអោយបងប្អូន ប្រជាពលរដ្ឋ ចេញចូល ពីផ្ទះមួយ ទៅផ្ទះមួយ និងពីភូមិមួយ ទៅភូមិមួយឡើយ។ បើមានបញ្ហាអ្វីមួយ ដូចជា បញ្ហាសុខភាព ត្រូវតែមានការអនុញ្ញាត ពីអាជ្ញាធរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ទីផ្សារបន្លែ ត្រីសាច់ ហូប ចុក មិនត្រូវបានបិទនោះទេ។ ការសម្រេចបិទខ្ទប់ ភូមិ សង្កាត់ របស់ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញនេះ បានត្រូវធ្វើឡើង ដោយយោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។
នេះបើតាមការបញ្ជាក់ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបន្ទាន់មួយ តាមរយៈ video conference នៅរាត្រីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នេះ ជាមួយអាជ្ញាធរខណ្ឌ ទាំង ១៤ មេប៉ូលិស និងមេកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ បានបញ្ជាក់ថាៈ ការសម្រេចរបស់ គណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ គឺបិទខ្ទប់រាជធានីភ្នំពេញ ទាំងស្រុងតែម្តង ដូចដែលយើង បានបិទខ្ទប់ខណ្ឌ ៣ កន្លងមកដែរ ដោយមិនអោយបងប្អូន ប្រជាពលរដ្ឋ ចេញ ចូល ពីផ្ទះមួយ ទៅផ្ទះមួយ និងពីភូមិមួយ ទៅភូមិមួយឡើយ។
លោកបានបន្តថាៈ ចំពោះទីផ្សារលក់គ្រឿង ឧបភោគបរិភោគ បន្លែត្រីសាច់ យើងមិនបានបិទទេ ហើយបងប្អូន ប្រជាពលរដ្ឋ អាចចេញពីផ្ទះ ទៅផ្សារបាន ក្នុង ១ សប្តាហ៍ម្តង ឬ ២ ដង ជាក់ស្តែង ទៅតាមការអនុញ្ញាត របស់អាជ្ញាធរ ។ ប្រជាពលរដ្ឋ ក៏អាចចេញទៅទិញថ្នាំពេទ្យ ឬ ទៅទទួលសេវាព្យាបាលបាន បើមានជំងឺជាក់ស្តែង ។
លោក ឃួង ស្រេង បានបន្តថាៈ ការបិទខ្ទប់រាជធានីភ្នំពេញ ទាំងស្រុងនេះ នឹងចាប់ផ្តើមអនុវត្ត នៅម៉ោង ០០:០០ នាទី ឆ្លងចូលថ្ងៃទី១៥ មេសា ស្អែកនេះ ។ ចំពោះគោលដៅ ដែលត្រូវដាក់បិទការធ្វើដំណើរ ចេញ ចូល រាជធានី មានច្រើនគោលដៅ ក្នុងនោះមាន ផ្លូវជាតិលេខ១ នៅព្រំប្រទល់ខេត្តកណ្តាល ផ្លូវជាតិលេខ២ នៅព្រំប្រទល់ ខេត្តកណ្តាល ផ្លូវជាតិលេខ៣ នៅព្រំប្រទល់ ខេត្តកណ្តាល ផ្លូវជាតិលេខ៤ នៅព្រំប្រទល់ ស្រុកអង្គស្នួល ខេត្តកណ្តាល ផ្លូវជាតិលេខ៥ នៅព្រំប្រទល់ ស្រុកពញាឮ ខេត្តកណ្តាល ផ្លូវជាតិលេខ៦ នៅព្រំប្រទល់ ស្រុកមុខកំពូល ខេត្តកណ្តាល។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរ យកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនឱ្យគាត់ពិបាក រហូតគ្មានអីហូបចុកនោះទេ៕/V