Home ព័ត៌មានជាតិ សង្គម ក្រុមគ្រូពេទ្...

ក្រុមគ្រូពេទ្យ ចុះ​យក​សំណាក អាជីវករ នៅ​ផ្សារ​ក្រោម ១៥៦ នាក់ ពាក់ព័ន្ធ​ជាមួយ​អាជីវករ ដែល​វិជ្ជមាន​កូ​វីដ​១៩ ដើម្បី​ធ្វើតេស្ត រក​មេរោគ​កូ​វីដ​

ដោយៈ បាយ័ន / សៀមរាបៈ ប្រជាពលរដ្ឋ ក៏ដូចជា អាជីវករ​នៅ​ផ្សារ​ក្រោម ក្នុងភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ប្រមាណ ១៥៦ នាក់ ស្រី ១១៦ នាក់ បាននាំគ្នា មក​យក​សំណាក ដើម្បី​ធ្វើតេស្ត រក​មេរោគ​កូ​វីដ​ ១៩ តាម​ការអំពាវនាវរ​បស់ អាជ្ញាធរ​រ​ខេត្តសៀមរាប​។ ការយក​សំណាក​នេះ ធ្វើឡើង បន្ទាប់ពី​បាន​រកឃើញ អាជីវ​ករលក់​គ្រឿងក្រអូប ក្នុង​ផ្សារ​ក្រោម​នេះ មាន​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១​។ នេះ​ជាការ​បញ្ជាក់​ឱ្យដឹង របស់​សាលាខេត្ត​សៀមរាប កាលពី ពីរ​ម៉ោង​មុន នា​យប់​ថ្ងៃទី​១៤ ខែមេសានេះ​។​

​លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តសៀមរាប បាន​និយាយថាៈ ចាប់តាំងពី​មាន​ព្រឹត្តិការណ៍ ឆ្លង​សហគមន៍ ២០ កុម្ភៈ​មក ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន ចំនួន ១៧ នាក់ និង​ព្យាបាលជាសះស្បើយ ចំនួន ៣ នាក់​។​

​លោក​បាន​បន្តថា ក្នុង​ចំនួន​នេះ មាន ៧ នាក់ ជា​ករណី​នាំចូល​ពី​ខេត្ត​ក្រៅ ហើយ​មាន​មួយ​ករណី នៃ​ការនាំចូល​នេះ បាន​បន្ត​ការឆ្លង នៅក្នុង​សហគមន៍ ចំនួន ១០ នាក់​។ ជាមួយ​ការឆ្លង​រាលដាល​នេះ អាជ្ញាធរ​ខេត្តសៀមរាប បានធ្វើ​ការបិទ ទីតាំង​មួយចំនួន ជា​បន្តបន្ទាប់ ដូចជា ភូមិ​ខ្វៀន ភូមិ​គោក​តា​ចាន់ ផ្សារ​ភូមិភាគ​៤ ក្នុង​សង្កាត់​គោកចក និង​ចុង​ក្រោយនេះ គឺ​ការបិទ​នូវ​ផ្សារ​ក្រោម ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ និង​ផ្សារ​វត្ត​អធ្វា ក្នុងភូមិ​ក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។

​រដ្ឋបាលខេត្ត សូម​អំពាវនាវ​ឱ្យ​បងប្អូន ប្រជាពលរដ្ឋ រស់នៅក្នុង​ខេត្តសៀមរាប សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចូលរួម​អនុវត្ត​វិធានការ ការពារ ៣​ការពារ ៣​កុំ និង​ត្រូវអនុវត្ត កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាតសុវត្ថិភាព ជាពិសេស​ត្រូវអនុវត្ត វិធានការ​រដ្ឋបាល និង​វិធានការ​ច​ត្តា​ឡី​ស័ក​។ ជាមួយគ្នានេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន ខាងលើ ដែល​មិនទាន់បាន មក​យក​សំណាក ដេ​ី​ម្បី​ធ្វេ​ី​តេស្ត សូម​ប្រញាប់​រួសរាន់ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក តាម​ផ្ទះ ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ អ្នកដទៃ​ជាដាច់ខាត​។​

​រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ និង​អនុវត្ត នូវ​វិធានការ​ការពារ របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់ ក្រសួងសុខាភិបាល​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular