Home ព័ត៌មានអន្តរជាតិ តុលាការ​កំពូល...

តុលាការ​កំពូល​របស់​ប្រេ​ស៊ីល​បើកភ្លើង​ខៀវ​ឱ្យ​ស៊ើបអង្កេត​ការឆ្លើយតប​របស់​ប្រធានាធិបតី​លើកូ​វីដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ តុលាការ​កំពូល​របស់​ប្រេ​ស៊ីល​កាលពី​ថ្ងៃ​ពុធ​ទី​១៤​មេសា​បាន​អនុញ្ញាត​ឱ្យ​ព្រឹទ្ធសភា​ស៊ើបអង្កេត​លើ​ការដោះស្រាយ​របស់​ប្រធានាធិបតី ជែរ បូល​សូ​ណារ៉ូ លើ​ជំងឺ​រាតត្បាត​ដែលជា​​ករណី​មួយ​ក្នុងចំណោម​ករណី​ចំនួន​ពីរ ដែល​អាច​ប៉ះពាល់​ដល់​ការ​ឈរឈ្មោះ​បោះឆ្នោត​ឡើង​វិញ​របស់​មេដឹកនាំ​រូប​នេះ​នៅ​ឆ្នាំក្រោយ​។​

​តុលាការ​ឥឡូវ​បានចាប់ផ្តើម​ថ្លឹងថ្លែង​អំពី​អនាគត​នយោបាយ​របស់​អតីត​ប្រធានាធិបតី ល្វីស អ៊ី​ណា​ស៊ី​អូ លូ​ឡា ដា ស៊ី​ល​វ៉ា ដែល​ជា​គូប្រជែង​ដ៏​មាន​សក្តានុពល​របស់​លោក​បូល​សូ​ណារ៉ូ​។​ចៅក្រម​ម្នាក់​កាល​​ពី​ពេល​ថ្មីៗ​នេះ​បាន​សម្រេច​ថា​លោក​ស៊ី​ល​វ៉ា​ត្រូវបាន​ផ្តន្ទាទោស​ដោយ​អយុត្តិធម៌​នៅក្នុង​ករណី​អំពើពុករលួយ​ដែល​ការសម្រេចចិត្ត​នេះ​បាន​ផ្តល់​សិទ្ធិ​ដល់​លោក​ក្នុងការ​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានា​​ធិបតី​ម្តងទៀត​។​

​តុលាការ​បាន​បោះឆ្នោត​ក្នុង​សំឡេង ១០ ទល់ ១ កាលពី​ថ្ងៃ​ពុធ​ដើម្បី​រក្សា​ទុក​នូវ​សេចក្តី​បង្គាប់​របស់​ប្រធាន​តុលាការ​កំពូល​លោក ល្វីស រ៉ូបឺតូ បារ៉ូ​សូដែល​បញ្ជា​ឱ្យ​ព្រឹទ្ធសភា​គួរតែ​ចាប់ផ្តើម​ការស៊ើបអង្កេត​​លើ​ការគ្រប់គ្រង​វិបត្តិ​របស់​លោក​បូល​សូ​ណារ៉ូ ពីព្រោះ​ចំនួន​ព្រឹទ្ធ​សមាជិក​ដែល​ត្រូវការ​ចាំបាច់​បាន​គាំទ្រ​ដល់​ការអំពាវនាវ​បែបនេះ​។​ប្រធាន​ព្រឹទ្ធសភា​បាន​ព្យាយាម​ពន្យារពេល​ការស៊ើបអង្កេត​នេះ​ដោយ​​លើកឡើង​អំពី​ការ​រឹតត្បិត​ផ្នែក​សុខភាព​ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​។​

​ក្រុម​អ្នក​រិះគន់​រួមទាំង​អ្នក​ដែល​អំពាវនាវ​ឬ​ដឹកនាំ​ការស៊ើបអង្កេត​បាន​និយាយថា លោក​បូល​សូ​ណារ៉ូ​រាំងខ្ទប់​ការឆ្លើយតប​របស់​ប្រេ​ស៊ី​ល​ចំពោះ​ជំងឺ​រាតត្បាត ដោយ​ជំទាស់​នឹង​ការ​រឹតត្បិត​លើ​សកម្មភាព ខកខាន​ក្នុង​ការប្រមូល​ធនធាន​ដើម្បី​ទិញ​វ៉ាក់សាំង និង​ជំរុញ​ការប្រើប្រាស់​ថ្នាំ​គ្មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​។​

​លោក​បូល​សូ​ណារ៉ូ​និង​សម្ពន្ធមិត្ត​របស់គាត់​និយាយថា​គាត់​ត្រូវបាន​គេ​ស្តីបន្ទោស​យ៉ាង​អយុត្តិធម៌​ចំពោះ​ការកើនឡើង​នៃ​ការស្លាប់​នៅ​ប្រេ​ស៊ីល ដែល​ជា​ចំនួន​មួយ​ចាញ់​តែ​សហរដ្ឋ​អាម៉េរិក​មួយ​ប៉ុណ្ណោះ​។​ចំនួន​​អ្នកស្លាប់​ជា​មធ្យម ៧ ថ្ងៃ​ចុងក្រោយ​នៅ​ប្រេ​ស៊ីល​បាន​បង្កើត​ឯតទគ្គ​កម្ម​ថ្មី​កាលពី​ថ្ងៃ​ចន្ទ​។​

​ព្រឹទ្ធ​សមាជិក លោក ម៉ា​ស៊ីអូ ប៊ីត​តា ដែល​ជា​សម្ពន្ធមិត្ត​រប​ស់លោក​បូល​សូ​ណារ៉ូ បាន​និយាយ​លើ Twitter កាលពី​ថ្ងៃ​ពុធ​ទី​១៤​មេសា​ថា​”​ការស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​គឺ​ជា​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​​នយោបាយ​ប្រឆាំង​នឹង​ប្រធានាធិបតី​”៕

​លោក​បូល​សូ​ណារ៉ូ​ចូលរួម​ពិធី​ប្រគល់​ផ្ទះ​សង់​ឡើង​ថោកៗ​ដោយ​រដ្ឋាភិបាល​នៅ​សង្កាត់​មួយ​ក្នុង​ទីក្រុង​ប្រា​ស៊ី​ឡា​កាលពី​ថ្ងៃទី​៥​មេសា​២០២១

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular