Home ព័ត៌មានអន្តរជាតិ មី​យ៉ាន់​ម៉ា ...

មី​យ៉ាន់​ម៉ា ចោទប្រកាន់​វេជ្ជបណ្ឌិត​ចំពោះ​ការ​មិន​គោរព​ច្បាប់​រដ្ឋ​

​ប្រែ​សម្រួលៈ​វាសនា​/​យ៉ាងហ្គោន​៖​របប​យោធា​មី​យ៉ាន់​ម៉ា​បាន​ចោទប្រកាន់​វេជ្ជបណ្ឌិត​យ៉ាងតិច​១៩​នាក់​ចំពោះ​ការចូលរួម​បាតុកម្ម​មិន​គោរព​ច្បាប់​រដ្ឋ​និង​សណ្តាប់ធ្នាប់​សង្គម​ដើម្បី​ប្រឆាំង​នឹង​រដ្ឋប្រហារ​​យោធា​ថ្ងៃ​០១​កុម្ភៈ ។​

​វេជ្ជបណ្ឌិត គ្រូពេទ្យ​មធ្យម និង​និស្សិត​ពេទ្យ បាន​នាំគ្នា​ដើរ​ដង្ហែ​និង​ចូលរួម​កូដកម្ម​ដើម្បី​បង្ហាញ​ការប្រឆាំង​ជំទាស់​របស់​គេ​ចំពោះ​ការដណ្តើម​អំណាច​របស់​យោធា​និង​ការបណ្តេញ​រដ្ឋាភិបាល​ស៊ីវិល​របស់​​លោកស្រី អ៊ុង សាន ស៊ូ​ជី ។​

​កាសែត​រដ្ឋ​Global New Light of Myanmar បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា វេជ្ជបណ្ឌិត​ទាំងនេះ​ត្រូវបាន​ចោទប្រកាន់ ចំពោះ​ការគាំទ្រ​ចលនា​មិន​គោរព​ច្បាប់​ស៊ីវិល ក្នុង​បំណង​ធ្វើអោយ​ក្បាលម៉ាស៊ីន​​រដ្ឋបាល​រដ្ឋ​ចុះខ្សោយ​។​

​តាមពិត​រដ្ឋាភិបាលយោធា​បាន​ចេញ​ដីកាចាប់ខ្លួន​មនុស្ស​ជាង​១០០​នាក់​ដែល​សកម្ម​ក្នុង​អក្សរសិល្ប៍ ភាពយន្ត សិល្បៈ​តន្ត្រី​និង​ការ​សែ​ត ចំពោះ​ការចោទប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​នាំអោយ​​បាត់​ស្ថិរភាព​ប្រទេស​និង​នីតិរដ្ឋ​។​

​វា​ក៏​មិន​ជា​លើកដំបូង​ដែរ​ដែល​ពួក​គ្រូពេទ្យ​រង​ការបង្ក្រាប​។​មុន​នេះ​ក្នុង​ខែ​នេះ​នៅ​ទីក្រុង​ម៉ាន់​ដា​ឡេ កងកម្លាំង​សន្តិសុខ​បាន​ប្រើ​គ្រាប់បែក​បញ្ចេញ​សម្លេង​ធ្វើ​អោយ​វង្វេង​និង​បាញ់កាំភ្លើង​ដើម្បី​បំបែក​​បុគ្គលិក​វេជ្ជសាស្ត្រ​ដែល​នាំគ្នា​ដើរ​ដង្ហែ​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​។​

​កាលពី​ថ្ងៃ​ពុធ ការតវ៉ា​ប្រឆាំង​កើតមាន​ទូទាំង​មី​យ៉ាន់​ម៉ា​នៅពេល​ប្រជាជន​ធ្វើ​ពហិការ​មិន​ចូលរួម​បុណ្យចូលឆ្នាំថ្មី ដូច​រាល់​ឆ្នាំ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular