Home ព័ត៌មានសំខាន់ៗ ប៉ុល ពត និង​ច...

ប៉ុល ពត និង​ចលនា​ខ្មែរក្រហម​បាន​ស្លាប់ទៅ​ជាមួយគ្នា​

ដោយៈ លី សុខ​ឃាង​នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/ភ្នំពេញៈការស្លាប់​របស់​ប៉ុល ពត កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​១៩៩៨ បានធ្វើ​ឲ្យ​អន្តរាយ​ដល់​ចលនា​ខ្មែរក្រហម នៅ​អន្លង់វែង ដែល​ធ្លាប់ជា​តំបន់​តស៊ូ​ចុងក្រោយ​។ ការស្លាប់​នេះ​បាន​ក្លាយជា​សញ្ញាណ​នៃ​ការកកើតឡើង​នូវ​សន្តិភាព យុត្តិធម៌ និង​ការផ្សះផ្សា​ជាតិ និង​ជាការ​បើក​សករាជ​ថ្មី​ប្រកបដោយ​ក្តីសង្ឃឹម​សម្រាប់​ប្រជាជន​កម្ពុជា​ទៀតផង​។ ទោះជា​យ៉ាងណាក្តី សព្វថ្ងៃនេះ ប្រជាជន​កម្ពុជា នៅតែ​បន្ត​សួរ​សំណួរ​មួយ​គឺថា តើ​ប៉ុល ពត គួរតែមាន​ចំណែក​អ្វីខ្លះ​នៅក្នុង​ប្រវត្តិ​រឿងរ៉ាវ​របស់​ប្រទេសជាតិ ជុំវិញ​របប​វាលពិឃាត និង​គ្រោះមហន្តរាយ​ទាំងឡាយ កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០?។

កងកម្លាំងខ្មែរក្រហមនៅតំបន់អន្លង់វែង ធ្វើសមាហរណកម្មចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅដើមឆ្នាំ1999។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

​ប៉ុល ពត ដែលមាន​ឈ្មោះ​ដើម សា​ឡុ​ត ស បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ ប៉ុល ពត ត្រូវបាន​ចងចាំ​ថា​ជា​មេគំនិត​ក្នុងការ​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍ ដែល​បាន​ឆក់យក​អាយុជីវិត​ប្រជាជន​កម្ពុជា​ប្រមាណ​ជា​ពីរលាន​នាក់ នៅ​ចន្លោះ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ រហូតដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩​។ បន្ទាប់ពី​របប​របស់​ខ្លួន​ត្រូវបាន​បណ្តេញ​ចេញពី​អំណាច ដោយ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា សហការ​ជាមួយ​កងទ័ព​វៀតណាម សមាជិក​និង​កម្មាភិបាល​របស់ខ្លួន​គ្រប់លំដាប់​ថ្នាក់​បាន​រត់​បែកខ្ញែក​មក​រស់​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ​។ អ្នកខ្លះ​ក៏បាន​ស្វែងរក​ការ​ជ្រកកោន​នៅក្នុង​ប្រទេស​ថៃ​។ ខណៈពេលដែល​ក្រុម​មេ​បញ្ជា​រការ​យោធា​និង​កម្មាភិបាលជាន់ខ្ពស់​ជាច្រើន ប្រញាប់ប្រញាល់​ប្រមែប្រមូល​ក្រុម​របស់ខ្លួន​ឡើងវិញ ដើម្បី​ត្រៀម​បន្ត​ការតស៊ូ​រយៈពេល​យូរអង្វែង​ទៅមុខទៀត ក្នុង​សេចក្តី​សង្ឃឹមថានឹង​ច្បាម​យក​អំណាច​មកវិញ ប៉ុល ពត​ក៏បាន​ចាប់ផ្តើម​ដំណើរ​ត្រាច់ចរ​របស់ខ្លួន​អស់​រយៈពេល​១៤​ឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា​ផង និង​ប្រទេស​ថៃ​ផង​។ ប៉ុល ពត បាន​ឈប់​សំចត​នៅតាម​គោលដៅ​ជាច្រើន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រស់រានមានជីវិត និង​ធ្វើ​ឲ្យ​ចលនា​ខ្មែរក្រហម​មាន​ភាពរស់រវើក​។

ប៉ុ ល ពត (សា ឡុត ស) និង កូនស្រី ស ផត្ជតា នៅឆ្នាំ1986។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ប៉ុល ពត និង​មនុស្ស​ជំនិត​បំផុត​របស់ខ្លួន រួមមាន នួន ជា អតីត​ប្រធានសភា​តំណាង​ប្រជាជន​កម្ពុជា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ខៀវ សំផន អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​រត់គេច​ចេញពី​ការត្រួតត្រា​របស់​វៀតណាម ឆ្ពោះទៅកាន់​សំឡូត និង​ខេត្តកោះកុង ក្នុង​ឆ្នាំ​១៩៧៩​។ ជាច្រើន​សប្តាហ៍​ក្រោយមក ក្រុម​របស់ខ្លួន​ក៏បាន​រត់​ចូលក្នុង​ទឹកដី​ថៃ និង​ខេត្ត​មួយចំនួន​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ ដោយបាន​បង្កើត​ទីបញ្ជាកា​រ ដើម្បី​ដឹកនាំ​បញ្ជារ​កងទ័ព​ខ្មែរក្រហម​ដែល​នៅ​សេសសល់ រហូតដល់​ឆ្នាំ​១៩៨២​។ ប៉ុល ពត មិន​ឈប់​នៅត្រឹម​នោះឡើយ ដោយបាន​បន្ត​ពង្រីក​ដែន​គ្រប់គ្រង​របស់ខ្លួន​នៅត្រង់ចំណុច អូរ​សួស្តី ដែលមាន​ចម្ងាយ​២​ឬ​៣​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ពី​ព្រំដែន​។ អូរ​សួស្តី ត្រូវបាន​ស្គាល់​ថា​ជា មន្ទីរ​៨៧ ដែលជា​ទីបញ្ជាការ​សឹក ដើម្បី​គ្រប់គ្រង​សភាពការណ៍​សមរភូមិ តម្រង់ទិស​ការចរចា និង​ដាក់​ឲ្យ​ដំណើរការ​វិទ្យុផ្សាយសម្លេង​របស់​កម្ពុជា​ប្រជាធិបតេយ្យ​។

​នៅក្នុង​រដូវក្តៅ​នា​ឆ្នាំ​១៩៨៥ ប្រតិបត្តិការ​របស់​វៀ​ត​ណា​ម​បាន​វាយកម្ទេច​មូលដ្ឋាន​ទាំងអស់​របស់​ខ្មែរក្រហម​នៅក្នុង​ទឹកដី​កម្ពុជា និង​បាន​បង្ខំ​ឲ្យ​ប៉ុល ពត និង​ក្រុម​អ្នកដឹកនាំ​របស់ខ្លួន​ដកថយ​ទៅកាន់​ខេត្ត​ត្រាត នៃ​ប្រទេស​ថៃ​។ នៅ​ទីនោះ ប៉ុល ពត បាន​បង្កើត​មន្ទីរ​ចំនួន​បី​គឺ ផ្ទះ​៥០ ដែលជា​ទីតាំង​របស់ខ្លួន​ផ្ទាល់ ផ្ទះ​២០ ដែលជា​ទីតាំង​របស់ នួន ជា និង​ខៀវ សំផន និង ក​១៨ ដែលជា​សាលា​នយោបាយ​ម​ជ្ឈឹ​ម​បក្ស​។ បន្ទាប់ពី​ការដកថយ​ជា​ផ្លូវការ​របស់​វៀតណាម​ពី​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៨៩ ប៉ុល ពត ត្រូវការ​ពេលវេលា​បី​ឆ្នាំ​បន្ទាប់ពីនោះ​ទៀត ដើម្បី​មក​តាំងទី​នៅត្រង់​ភ្នំ​ឆ័​ត្រ​ដែលមាន​ក្មួយប្រុស​របស់ខ្លួន​ឈ្មោះ សូ ហុង នៅ​ទីនោះ​ស្រាប់ និង​បន្ត​ទៅកាន់​ជប់​គរ​គី​ទៀត​។ នៅ​ទីតាំង​នេះ ប៉ុល ពត បាន​ដឹកនាំ​បញ្ជារ​កងពល​៥១៩​ដោយផ្ទាល់ នេះ​បើតាម​អ្នកផ្តល់​សម្ភាសន៍​។ ខណៈពេលដែល​រាជរដ្ឋាភិបាល​បាន​បើក​ការវាយប្រហារ​លើ​ទីតាំង​ខាងលើនេះ ប៉ុល ពត បានធ្វើ​បំល្លាស់​ទី​ជា​លើកចុងក្រោយ​ឆ្ពោះទៅកាន់​អន្លង់វែង នៅក្នុង​ឆ្នាំ​១៩៩៣ (​ឬ​នៅក្នុង​ឆ្នាំ​១៩៩៤) ដោយមាន​ជំនួយ​ពី ឈិ​ត ជឿន ហៅ​តា​ម៉ុក ដែលជា​មេបញ្ជាការ​នៅ​ទីនោះ​។ អន្លង់វែង បាន​ក្លាយជា​ក្តីសង្ឃឹម​ចុងក្រោយ​របស់​ប៉ុល ពត ក្នុងការ​រក្សា​ចលនា​នេះ​ឲ្យ​មាន​ភាពរស់រវើក និង​អាច​ទាមទារ​បាន​នូវ​ការគ្រប់គ្រង​កម្លាំង​ដែល​នៅ​សេសសល់​។
​ទំនាក់ទំនង​រវាង​ប៉ុល ពត និង​តា​ម៉ុក​មាន​ភាព​ល្វីង​ជូរចត់ និង​ប្រែ​ទៅជា​ការ​ផ្តាច់ផ្តិល​ជីវិត​ទៅវិញ បន្ទាប់ពី​ប៉ុល ពត បាន​បញ្ជារ​ឲ្យ​សម្លាប់​សុន សេន អតីតរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​របស់​ក​ម្ពុ​ជា​ប្រជាធិបតេយ្យ និង​ក្រុមគ្រួសារ​នៅក្នុង​ខែមិថុនា ឆ្នាំ​១៩៩៧​។ ទង្វើ​របស់​ប៉ុល ពត បាន​ដុត​បញ្ឆេះ​ឲ្យ​មានការ​វាយ​ប្រយុទ្ធ​គ្នា​រយៈពេល​៥​ថ្ងៃ​រវាង​កងកម្លាំង​ដែល​ស្មោះស្ម័គ្រ​ជាមួយ​ខ្លួន និង​កងកម្លាំង​ដែល​ស្មោះស្ម័គ្រ​ជាមួយ​តា​ម៉ុក​។ នៅ​ទីបំផុត ប៉ុល ពត ត្រូវបាន​ចាប់ខ្លួន​។ អ្នក​នៅក្រោម​បង្គាប់​រប​ស់​តា​ម៉ុក​បាន​កាត់ទោស​ប៉ុល ពត ដោយបាន​ការចូលរួម​ពី​មនុស្ស​ប្រមាណ​៤០០​នាក់​។ ប៉ុល ពត ត្រូវបាន​ដាក់​ឲ្យ​ជាប់ឃុំ​នៅក្នុង​ផ្ទះ រហូតដល់​គាត់​ស្លាប់​ដោយ​ជម្ងឺ​គាំងបេះដូង នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​១៩៩៨​។ ការស្លាប់​របស់គាត់​បា​ន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ចលនា​ខ្មែរក្រហម និង​ដំណើរ​ផ្សះផ្សា​ជាតិ​។

ប៉ុ ល ពត (​រូប​ខាងស្តាំ​ជួរមុខ​) ជាមួយ វ៉ាង តុង​ស៊ិ​ញ អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន នៅ​ខែវិច្ឆិកា ឆ្នាំ​1978​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ទីមួយ ការស្លាប់​របស់​ប៉ុល ពត បាន​បង្ក​ឲ្យ​មានការ​បែកខ្ញែក និង​លែង​ជឿទុកចិត្ត​គ្នា​កាន់តែខ្លាំង​ឡើង​រវាង​សមាជិក និង​កម្មាភិបាល​ខ្មែរក្រហម​គ្រប់លំដាប់​ថ្នាក់​។ ខណៈពេលដែល​អ្នកខ្លះ​នៅមាន​ភាពភ័យខ្លាច​នៃ​ការ​បន្តធ្វើ​បន្សុទ្ធកម្ម​ផ្ទៃក្នុង សមាជិក​និង​កម្មាភិបាល​ជាច្រើន​ទៀត​ខឹងសម្បារ​នឹង​ការកាត់ទោស​នោះ​ទៀតផង​។ ហែម ភិន អតីត​ទាហាន​ខ្មែរក្រហម​ម្នា​ក់នៅ​អន្លង់វែង ដែលមាន​វ័យ​៧៦​ឆ្នាំ បានចាត់ទុក​ការស្លាប់​របស់​ប៉ុល ពត ថា​ជា​«​ការបាក់​ទឹកចិត្ត​ហើយ​គិតថា​ខ្លួន​លែងមាន​មេដឹកនាំ​តទៅទៀត​ហើយ​»​។ ចំណែក ពា​ញ ពឿ​ន អតីត​សមាជិក​ខ្មែរក្រហម​នៅ​អន្លង់វែង ដែលមាន​វ័យ​៦០​ឆ្នាំ បាន​អះអាងថា ការកាត់ទោស​ប៉ុល ពត ផុស​ចេញពី​ការ​ប្រេះឆា​ផ្ទៃក្នុង និង​ជា​ទង្វើ​ក្បត់​របស់​តា​ម៉ុក​។

​សព​របស់​ប៉ុល ពត ត្រូវបាន​បូជា​នៅ​ថ្ងៃទី​១៧ ខែមេសា ដែលមាន​រយៈពេល​២៣​ឆ្នាំ​គត់ ចាប់តាំងពី​របប​ខ្មែរក្រហម​បាន​ឡើងកាន់​អំណាច និង​បាន​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​និង​ទីប្រជុំជន​នានា​។ បច្ចុប្បន្ននេះ ទីតាំង​បូជាសព​ត្រូវបាន​អភិរក្ស​ជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ ក្នុងចំណោម​១៤ នៅក្នុង​ស្រុក​អន្លង់វែង​។ នៅមុន​ដំណាច់ឆ្នាំ​នោះ ចលនា​ខ្មែរក្រហម​នៅ​អន្លង់វែង​បានធ្វើ​សមាហរណកម្ម​ចូលមកក្នុង​សង្គមជាតិ​វិញ​។​
​ទី​ពីរ ដោយសារតែ​ប៉ុល ពត ត្រូវបាន​មើលឃើញថា​ជា​អ្នកដឹកនាំ​ដ៏​សំខាន់​របស់​ចលនា​ខ្មែរក្រហម​ទាំងមូល ដែលជា​មេដឹកនាំ​បែប​និកាយ​បុគ្គល​តែម្នាក់ឯង ការស្លាប់​របស់​ប៉ុល ពត ក៏​មានន័យ​ស្មើនឹង​ចុងបញ្ចប់​នៃ​ចលនា​ដែរ​។ តា​ម៉ុក​មិន​ទទួលបាន​នូវ​ការគោរព​ឬ​កិត្តិនាម​ដូចគ្នានេះ​ទេ​ក្នុងចំណោម​កម្មាភិបាល​ខ្មែរក្រហម ដើម្បី​ដឹកនាំ​បន្ត​ចលនា​នេះ​។​

បើ​ពិនិត្យមើល​ពី​ផលប៉ះពាល់​ប្រកបដោយ​មហន្តរាយ​រប​ស់ប៉ុល ពត មកលើ​ប្រទេស​ទាំងមូល​វិញ ប្រជាជន​កម្ពុជា​នាពេល​សព្វថ្ងៃនេះ​កំពុង​ព្យាយាម​ស្វែងយល់​អំពី​ប្រវត្តិ​រឿងរ៉ាវ​នេះ​។ ក៏ប៉ុន្តែ ប្រវត្តិ​រឿងរ៉ាវ​របស់​ប្រទេសជាតិ​មួយ​នៅតែ​ពិបាកធ្វើ​ឲ្យ​មាន​ភាពស៊ីសង្វាក់​ជាមួយ​ប្រវត្តិសាស្ត្រ​។ ដោយហេតុថា​យើង​មិនអាច​បែងចែក​ឲ្យ​ដាច់ស្រឡះ​ពីគ្នា ថា​តើន​រណា​ជា​ជនរងគ្រោះ ហើយ​នរណា​ជា​ជនដៃដល់​នៃ​អំពើ​ឧក្រិដ្ឋកម្ម​ខ្មែរក្រហម ប្រជាជន​នៅក្នុង​សង្គម​នៅតែមាន​ការយល់​ប្លែកៗ​គ្នា​ទៅលើ​បញ្ហា​នេះ​។ ដំណើរការ​តុលាការ ការអប់រំ និង​ការស្រាវជ្រាវ​បែប​សង្គមវិជ្ជា ពិត​ជាមាន​សារសំខាន់​ក្នុង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅក្នុង​សង្គមជាតិ​បាន​ខ្លះ​ដែរ​។​

ដំណើរការ​យុត្តិធម៌​នៃ​ការដាក់ទោសទណ្ឌ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​តុលាការ​ខ្មែរក្រហម មាន​សារសំខាន់​។ បេសកកម្ម​របស់​អង្គជំនុំជម្រះ​នេះ​គឺ​ត្រូវ​នាំយកមក​កាត់ទោស​ចំពោះ​«​មេដឹកនាំ​ជាន់ខ្ពស់ និង​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​ចំពោះ​បទឧក្រិដ្ឋ​កម្ម​ដែល​បាន​ប្រព្រឹត្តឡើង​នៅក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»​។ អង្គជំនុំជម្រះ​ក៏បាន​ផ្តន្ទាទោស​ដាក់គុក​អស់​មួយជីវិត​ទៅលើ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ចំនួន​បីនាក់ រួមមាន នួន ជា ខៀវ សំផន និង​កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច ដែល​ធ្លាប់ជា​ប្រធាន​គុក​ទួលស្លែង​។ គុក​ទួលស្លែង​គឺជា​គុក​ដែល​មនុស្ស​ជាង​១​ម៉ឺន ៨​ពាន់​ត្រូវបានធ្វើ​ទារុណកម្ម សួរចម្លើយ និង​សម្លាប់​។

លើសពីនេះ​ទៀត ទីតាំង​ឧក្រិដ្ឋកម្ម បូជនីយដ្ឋាន មន្ទីរ​សន្តិសុខ និង​ទីតាំង​ផ្សេងទៀត​ដែលជា​ប់​ពាក់ព័ន្ធ​ជាមួយនឹង​របប​ខ្មែរក្រហម ត្រូវបាន​ថែរក្សា​ទុក​នៅ​ទូទាំងប្រទេស​។ សូម្បីតែ អន្លង់វែង​ក៏មាន​ទីតាំង​ប្រវត្តិសាស្ត្រ​ចំនួន​១៤​កន្លែង​ដែរ ដោយ​រាប់បញ្ចូល​ទាំង​ទីតាំង​បូជាសព ប៉ុល ពត​។ ទីតាំង​បូជាសព ប៉ុល ពត​នេះ បាននិងកំពុង​ក្លាយជា​ទីតាំង​ដ៏​ទាក់ទាញ​បំផុត​មួយ​ដែរ​សម្រាប់​ទេសចរ​ក្នុងស្រុក​និង​បរទេស ហើយ​ជាពិសេស​ជាទី​តាំង​សម្រាប់​សិស្សានុសិស្ស និង​និស្សិត ដើម្បី​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ​នៃ​អំពើ​ប្រល័យពូជសាសន៍ និង​ប្រវត្តិ​រឿងរ៉ាវ​បន្តបន្ទាប់​មកជា​ច្រើន​ទៀត​។ អន្លង់វែង គឺជា​ចំណុច​គោល​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារសំខាន់ ដែល​ឆ្លុះបញ្ចាំង​ពី​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​បំផុត​របស់​ខ្មែរក្រហម​។

​អន្លង់វែង​ដែល​ធ្លាប់​តំបន់​តស៊ូ​ចុងក្រោយ​របស់​ខ្មែរក្រហម​នេះ មាន​ប្រវត្តិសាស្ត្រ​ដ៏​វិសេសវិសាល​មួយ​ដែល​ស្តែង​ឲ្យ​ឃើញ​ពី​បរិបទ​សង្គ្រាម​ផង និង​សន្តិភាព​ផង​។ អន្លង់វែង​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ប្រវត្តិ​រឿងរ៉ាវ​ផ្ទាល់​ស្តីពី​ចលនា​ខ្មែរក្រហម ដោយសារតែ​៨០​ភាគរយ​នៃ​ប្រជាជន​នៅ​ទីនោះ​ធ្លាប់​បម្រើការ​ជាមួយ​ចលនា​នេះ​។ ប្រវត្តិ​រឿងរ៉ាវ គួបផ្សំ​ជាមួយនឹង​ការបង្រៀន​អំពើ​របប​ប្រល័យពូជសាសន៍​របស់​ខ្មែរក្រហម ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា ដែលជា​ការខិតខំ​ប្រឹង​ប្រែង​ដើម្បី​ប្រមូលផ្តុំ​នូវ​ទស្សនៈ​ផ្សេងៗ​គ្នា​អំពី​ប្រវត្តិសាស្ត្រ​។​

​ប្រវត្តិ​រឿងរ៉ាវ​របស់​ប្រទេសជាតិ​ប្រកបដោយ​ភាព​គ្រប់​ជ្រុងជ្រោយ​អាចធ្វើ​ទៅបាន ដរាបណា​ទស្សនៈ​យល់ឃើញ​ផ្សេងៗ​ត្រូវបាន​ទទួលយក​។ ខៀន រ៉ាំ ដែលមាន​វ័យ​៦៣​ឆ្នាំ និង​រស់នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ក៏​ជាដើម​បណ្តឹង​ម្នាក់​នៅឯ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់​ក្នុងការ​រាប់បញ្ចូល​ព្រឹត្តិការណ៍​ទាំងឡាយ និង​សាច់រឿង​របស់​បុគ្គល ជាពិសេស រឿងរ៉ាវ​របស់​ប៉ុល ពត គួរតែ​ជា​ផ្នែក​មួយ​នៃ​មេរៀន​ប្រវត្តិសាស្ត្រ​ដែរ​។ ការធ្វើ​បែបនេះ ប្រជាជន​កម្ពុជា​អាច​ពិភាក្សា​អំពី​តួនាទី​របស់​ប៉ុល ពត នៅក្នុង​ការបង្កើត​ឲ្យ​មាន​របប​វាលពិឃាត នៅក្នុង​តុលាការ​។ មានតែ​តាមរយៈ​ការជជែក​ដេញដោល​ត្រង់​ទៅ​ត្រង់​មក​តែប៉ុណ្ណោះ​ទើប​យើង​អាចជួយ​ឲ្យ​អ្នក​រស់រានមានជីវិត​ទាំងឡាយ​ផ្សះផ្សា​ជាមួយ​អតីតកាល​បាន​ខ្លះ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular