Home ព័ត៌មានសំខាន់ៗ សារ​ពិសេស​សម្...

សារ​ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន ការសម្រេច​បិទ​ខ្ទប់​( Lockdown)​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​រយៈពេល​១៤​ថ្ងៃ

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាលពី​រាត្រី​ថ្ងៃទី​១៤ ខែមេសា​២០២១ បាន​ថ្លែង​សារ​ជា​សំឡេង​ជូន​ជន​រួម ជាតិ​ពិសេស​អ្នករស់នៅ​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ពាក់ព័ន្ធ​ការសម្រេច​បិទ​ខ្ទប់​រាចធានី​ភ្នំពេញ និង ក្រុង​តាខ្មៅ​ខេត្តកណ្តាល​រយៈពេល​១៤ ថ្ងៃ ។ ក្នុង​សារ ជា​សម្លេង​រយៈពេល​ជិត​៣០ នាទី សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ការពន្យល់​ប្រជាពលរដ្ឋ​អំពី​វិធាន​ការបិទ​ខ្ទប់​នេះ​ថា​គឺ​ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ការឆ្លង​រីក​រាលដាល នៃ​កូ​វីដ​១៩ តែ​មិនមែនជា​ដំណើរការ​ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​ស្លាប់​ឬ​រង​ទុក្ខលំបាក​នោះទេ ។ ជាមួយនេះ​សម្តេច​ក៏បាន​សំដែង​នូវ​ការសោកស្តាយ​ចំពោះ​ការ​បែកធ្លាយ​សារ​របស់ សម្តេច​ដែល​ផ្ញើ​ជូនទៅ​គណៈអចិន្ត្រៃយ៍​អំពី​ការរៀបចំ​ផែនការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង ក្រុង​តាខ្មៅ​ដោយ​បុគ្គល​ខ្វះ​ការទទួលខុសត្រូវ​នៅក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​បក្សនិង​រដ្ឋ ,​ដែល​សកម្មភាព​នោះ​នឹងត្រូវ​ទទួល​នូវ​វិន័យ​នៅពេលដែល​រកឃើញ​។​

​ប្រសាសន៍​សារ​សំឡេង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទាំងស្រុង​មាន​ដូចខាងក្រោម​៖

​ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ​នៅ​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​ជាទីគោរព​ស្រឡាញ់​រាប់អាន​ថ្ងៃនេះ​មានការ​ជ្រួលច្របល់​បន្តិច​មុនពេល​ដែល​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​បានចេញ​អំពី​ការបិទ​រាជធានី​ភ្នំពេញ​និង​ទីក្រុង​តាខ្មៅ ។ គោលបំណង​នៃ​ការបិទ​គឺ​ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ការឆ្លង​រីក​រាលដាល​នៃ​កូ​វីដ​១៩ ការបិទ​នេះ​ទៀត សោត​មិនមែនជា​ដំណើរការ​ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​ស្លាប់​ឬ​រង​ទុក្ខលំបាក​នោះដែរ​ទោះបីថា​ផលប៉ះពាល់​វា​នឹង​កើតមាន​ក៏ប៉ុន្តែ​យើង​ក៏បាន​គិតទុក​ធ្វើយ៉ាងណា​ឲ្យ​ប្រជាជន​របស់ យើង​អាចមាន​ជីវ​ភាពជា​ប្រក្រតី​ទោះបី​បញ្ហា​មួយចំនួន​ត្រូវបានធ្វើ ។​

​នៅពេលដែល​យើង​បិទ​ខ្ទប់​គឺ​បុគ្គល​គ្រប់រូប​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើដំណើរ​ចេញពី​លំនៅឋាន​ឬ​ពី​ទី​សំណាក់​បច្ចុប្បន្ន​របស់ខ្លួន​ប្រសិនបើ​គ្មាន​ការចាំបាច់​។​ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នា​ការធ្វើដំណើរ​ចេញ​ក្រៅ​លំនៅឋាន​ឬ​ទី​សំណាក់​បច្ចុប្បន្ន​អាចធ្វើ​ទៅបាន​ក្នុងករណី​ដែលមាន​ការចាំបាច់​ដូចជា​ការធ្វើដំណើរ​ទៅ​បំពេញការងារ​ប្រកបមុខរបរ​ឬ​អាជីវកម្ម​និង​ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់​តែ​មិនមាន​ការហាមឃាត់​ដូច​នៅក្នុង​មាត្រា ៣ ដែល​បញ្ជាក់​នៅ​ខាងក្រោម​ហើយ​ត្រូវមាន​ឯកសារ​ពាក់ព័ន្ធ​ដទៃទៀត​, ការធ្វើដំណើរ ទៅ​កន្លែង​លក់​ម្ហូបអាហារ​ឬ​គ្រឿង​ឧបភោគបរិភោគ​ឬ​សម្ភារៈប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ​អាច​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​,​ការធ្វើដំណើរ​ក្នុង​គោល បំណង​នេះ​អាចធ្វើ​ឡើង​ដោយ​សមាជិក​យ៉ាងច្រើន​ពី​អ្នក​ក្នុង​មួយ​លំនៅឋាន​ឬ​ទី​សំណាក់​មិន​ឲ្យ​លើសពី ៣ ដង​ក្នុង​មួយ​សប្តាហ៍​និង​ដែល​នៅ​ជិត​បំផុត​ក្នុង​វង់​ភូមិសាស្ត្រ ឬ ខណ្ឌ​របស់ខ្លួន​រស់នៅ​ដែល​ត្រូវ​យកតាម​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ឬ​ប័ណ្ណសម្គាល់ខ្លួន​។​

​ចំណុច​នេះ​គេ​អាច​ដឹងបាន​ហើយ​ថា​ទីកន្លែង​លក់​ម្ហូបអាហារ​និង​គ្រឿង​ឧបភោគបរិភោគ​ប្រើប្រាស់​ប្រចាំថ្ងៃ​គឺ​អនុញ្ញាត​ឲ្យ​មាន​មិនមែនជា​ការបិទ​ដើម្បី​សម្លាប់​ប្រជាជន​ដោយ​គ្មាន​ម្ហូបអាហារ​នោះទេ​ការធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ ទៅ​មណ្ឌល​សុខភាព ទៅ​កន្លែង​ព្យាបាល ឳ​សថ​ស្ថាន​ឬ​មូលហេតុ​បន្ទាន់​ក្នុងភូមិ​សាស្ត្រ​បិទ​ខ្ទប់​ក៏​អាច​នៅតែ​ធ្វើទៅ បានដែរ​វិធាន​ការដែល​យើង​ធ្វើ​នេះ​គឺ​រងចាំ​ឲ្យ​បងប្អូន​មើល​អោយបាន​ច្បាស់​នៅក្នុង​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​។​ដំណើរការ​ក្នុងការ​ព្យាបាល​ការយក​សំណាក​មេរោគ covid-19​និង​ការ​ទៅ​ទទួល​វ៉ាក់សាំង​គឺ​នៅតែ​ដំណើរ​ការធម្មតា​នៅក្នុង​ភូមិសាស្ត្រ​ដែល​ត្រូវ​បិទ​ខ្ទប់​បានសេចក្ដីថា ទីកន្លែង​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​នៅ​ទីក្រុង​ភ្នំពេញ​ឬ​នៅ​ទីក្រុង តាខ្មៅ​ក៏​នៅតែ​បន្ត​ការយក​សំណាក​ក៏​នៅតែ​បន្ត​ដូច​ធម្មតា​។ ការធ្វើដំណើរ​ចូលរួម​ក្នុង​សកម្មភាព​ផលប្រយោជន៍​សាធារណៈ​ឬ​គោលបំណង​ចាំបាច់​ផ្សេងទៀត​តាម​ការស្នើសុំ របស់​អាជ្ញាធរ​សាធារណៈ​ក៏​នៅតែ​ធ្វើបាន ។​ការធ្វើសកម្មភាព​កីឡា​ជា​លក្ខណៈ​បុគ្គល​ក្នុង​រង្វង់​ភូមិសាស្ត្រ​ដែល​ខ្លួន​រស់នៅ​ដោយ​ជៀសវាង​ការជួបជុំ​លើសពី​ពីរ​នាក់​គេ​អាចធ្វើ ទៅបាន​បងប្អូន​នៅតែ​អាច​ហាត់ប្រាណ​បាន​នៅ​ក្នុងភូមិ​របស់ខ្លួន​តែ​សុំ​ចៀសវាង​កុំឱ្យ​ទៅ​ហួស​ពី​ភូមិ​ហើយ​កុំ​ឲ្យ​មាន​ច្រើន​គ្នា ។​ការធ្វើដំណើរ​របស់​ម​ន្ត្រី​ការទូត​,​ការធ្វើដំណើរ របស់​អ្នកសារព័ត៌មាន​ដែលមាន​ឯកសារ​ភ្ជាប់​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​,​ការធ្វើដំណើរ​ចេញចូល​ទៅតាម​ផ្លូវអាកាស​ក៏​នៅតែ​បន្ត​អាចធ្វើ​ទៅបាន​,​ការធ្វើដំណើរ​ដោយ​មូលហេតុ ចាំបាច់​ផ្សេងទៀត​ដែលមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​អាចធ្វើ​ទៅបាន​នៅក្នុង​រង្វង់​នៃ​ការបិទ​ខ្ទប់ ។​

​ចំណុច​ទាំងអស់នេះ​បងប្អូន​អាច​យល់​អំពី​គោលបំណង​ពិតប្រាកដ​របស់​រាជរ​ដ្ឋា​ភិ​បាល​មិនមែនជា​ការសម្លាប់​ប្រជាពលរដ្ឋ​នោះទេ​ពិត​មែនហើយ​ខ្ញុំ​សូម​អភ័យទោស​ដោយ សារ​តែ​រឿងរ៉ាវ​មិនទាន់​ទាំង​បានចេញ​សេចក្ដីសម្រេច​ផង​ប៉ុន្តែ​បែរជា​បាន​បែកធ្លាយ​ទៅជា​មុន​ដោយ​បុគ្គល​ខ្វះ​ការទទួលខុសត្រូវ​នៅក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​បក្ស​និង​រដ្ឋ​ដែល​ខ្ញុំ​សុំ​សារភាព​ដោយ​ត្រង់​ថា​សកម្មភាព​នោះ​នឹងត្រូវ​ទទួល​នូវ​វិន័យ​នៅពេល​ក្រោយ​នៅពេលដែល​យើង​រកឃើញ​។​

​ចំណុច​មួយទៀត​ក៏​សូមបញ្ជាក់ថា​អាជីវកម្ម​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​នឹងត្រូវ​បិទ​ដែល​យើង​ចាត់ទុកថា​ចាំបាច់​ត្រូវ​បិទ​ក៏ប៉ុន្តែ​ក៏ត្រូវ​មានការ​លើកលែង​នោះ​នៅត្រង់ថា សកម្មភាព​ការងារ​របស់​ស្ថាប័ន​សាធារណៈ​និង​កងកម្លាំងប្រដាប់អាវុធ​ត្រូវតែ​បន្តធ្វើ​ដោយ​មិនអាច​ចៀសវាង​បានទេ​ប៉ុន្តែ​ក៏ត្រូវ​ឲ្យ​មាន​មនុស្ស​កម្រិត​តិច​និង​មាន​ប្រធាន​ស្ថាប័ន​សាមី​ទទួលខុសត្រូវ​រោង​ចក្រ​សហគ្រាស​សិប្បកម្ម​ឬ​ទីកន្លែង​ផលិត​ម្ហូបអាហារ​និង​គ្រឿងឧបភោគ​បរិភោគ​ដែល​រួមទាំង​ទីសត្តឃាត​ដែលជា​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​ត្រូវតែ​បន្តធ្វើ​យើង​សុខចិត្ត​បិទ​រោងចក្រ​ផលិត​សម្លៀកបំពាក់​ផលិត​ស្បែកជើង​នឹង​រោងចក្រ​ដទៃទៀត​ក៏ប៉ុន្តែ​យើង​ត្រូវតែ​ឲ្យ​រោងចក្រ​សហគ្រាស​ដែល​ផលិត​ម្ហូបអាហារ​ស្បៀងអាហារ​ដូចជា​រោងចក្រ​ផលិត​មី​វា​ត្រូវការ​ចាំបាច់​កន្លែង​ផលិត​ទឹកត្រី​ឬក៏​កន្លែង​កាប់​គោ​កាប់​ជ្រូក​នឹង​សេដ្ឋកិច្ច​ដើរទៅ​ទៀត​ដែល​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាជន​កន្លែង​លក់​ត្រី​ក៏​នៅតែ​ផ្ដល់ឱ្យ​យកមក​ដាក់លក់​ដើម្បី​ផ្គត់ផ្គង់​នៅក្នុង​រាជធានី​ភ្នំពេញ​និង​ទីក្រុង​តាខ្មៅ​។​

​សកម្មភាព​ទាក់ទង​ទៅនឹង​សេវាសាធារណៈ​តាម​ការកំណត់​របស់​ស្ថាប័ន​មាន​ជាអាទិ៍​សេវា​ពន្លត់​អគ្គី ភ័យ​,​សេវា​ផ្គត់ផ្គង់​អគ្គិសនី​,​សេវា​ទឹកស្អាត​,​សេវា​ប្រមូល​និង​ដឹកជញ្ជូន សំណល់​សំរាម​ដូច្នេះ​សូម​បងប្អូន​កុំ​ព្រួយបារម្ភ​ទាក់ទង​ជា មួយ​នឹង​ការផ្គត់ផ្គង់​អគ្គិសនី​ទឹកស្អាត​ឬ​ការប្រមូល​សំរាម​គឺ​នៅតែ​ជា​សកម្មភាព​ធម្មតា​។​សកម្មភាព​លក់​សាំង​គឺមាន លក់​ធម្មតា​អ្វី​ដែលជា​តម្រូវ​ការចាំបាច់​នៃ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក៏​នៅតែ​បន្តធ្វើ​សូម្បីតែ​ធនាគារ​ក៏​យើង​នៅតែ​ផ្ដល់ឱ្យ​ដើម្បី​ធ្វើការ​សម្រាប់​ការដក​លុយ​របស់​ប្រជា ពលរដ្ឋ​របស់​យើង​។ ការរកស៊ី​តាម​អន​ឡាញ ។ ការផ្គត់ផ្គង់​តាម​ប្រព័ន្ធ​អន​ឡាញ​ក៏​នៅតែ​អនុញ្ញាត​ទំនិញ​ដែលជា​តម្រូវ​ការចាំបាច់​,​ហាង​លក់ទំនិញ​,​ផ្សា​រលក់ ដុំ​,​ទីតាំង​លក់ គ្រឿងឧបភោគ បរិភោគ​ដែលមាន​សណ្ដាប់ធ្នាប់ starmart ភោជនីយដ្ឋាន​,​អាហា​រដ្ឋា​ន​ដែល​លក់​អាហារ​វេច​ខ្ចប់​,​ប្រេងឥន្ធនៈ​ឬ​ទីតាំង​ផ្គត់ផ្គង់​ទំនិញ​ដែលជា​តម្រូវ ការចាំបាច់ ប្រចាំថ្ងៃ​ផ្សេងទៀត​របស់​ប្រជាជន​នៅតែ​បន្តធ្វើ​។

​ការផ្គត់ផ្គង់​សេវា​ដែលជា​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​មាន​ជាអាទិ៍​សេវា​សង្គ្រោះបន្ទាន់​,​សេវា​សុខាភិបាល​ឱសថស្ថាន​,​ប្រៃសណីយ៍​ទូរគមនាគមន៍​,​សេវា​ធនាគារ​និង​ហិរញ្ញវត្ថុ​និង សេវា​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​ដោយមាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​ប៉ុន្តែ​យើង​ត្រូវ​កាត់បន្ថយ​បុគ្គលិក​មួយចំនួន​សេវាកម្ម​សណ្ឋាគារ​និង​ផ្ទះសំណាក់​ក៏ត្រូវ​ឲ្យ​មាន ដំណើរការ​ផងដែរ​ព្រោះ​វា​មានការ​ចាំបាច់​របស់​វា​,​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​ចាំបាច់​ដើម្បី​បម្រើ​ឲ្យ​ភូមិសាស្ត្រ​ដែល​ត្រូវ​បិទ​ខ្ទប់​,​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​ទូទៅ​ចេញចូល​ឬ​ឆ្លង កាត់​ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់​ដើម្បី​បម្រើ​ឲ្យ​វិស័យ​សង្គម​សេដ្ឋកិច្ច​នៃ​ប្រទេស​សកម្មភាព​ការងារ​មុខរបរ​ឬ​អាជីវកម្ម​ចាំបាច់​ដទៃទៀត​ដែលមាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ។
​យោងទៅលើ​អ្វីដែល​ខ្ញុំព្រះករុណា​បានទូល​ប្រគេន​និង​ជម្រាបជូន​ខាងលើនេះ​សុទ្ធតែជា​សកម្មភាព​ដែល​យើង​បិទ​ក៏ប៉ុន្តែ​យើង​មិនបាន​សម្លាប់​ទៅដល់​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រជាជន​ទាំងស្រុង​នោះទេ ខុសពី​ប្រទេស​មួយចំនួន​បិទ​ហើយ​មិន​ឲ្យ​ប្រជាជន​ចេញពីផ្ទះ​ដាច់ខាត​នេះ​យើង​អំពាវនាវ​បិទ​កុំ​ឲ្យ​ប្រជាជន​ចេញពីផ្ទះ​ក៏ប៉ុន្តែ​យើង ក៏​យល់ដឹង​អំពី​តម្រូវការ​ចាំបាច់​របស់​ប្រជាជន​ដែល​ចាំបាច់​ត្រូវ​ចេញ​ចេញពីផ្ទះ​ផងដែរ​នៅក្នុង​អំឡុងពេល​នៃ​ការអនុវត្ត​នៃ​ការបិទ​ខ្ទប់​ហាមឃាត់​នូវ​ការជួបជុំ​ឬ​ការប្រមូលផ្ដុំ​មនុស្ស​ក៏ប៉ុន្តែ​ការជួបជុំ​លើ​ការប្រមូលផ្ដុំ​មនុស្ស​អាច​អនុញ្ញាត​ក្នុងករណី​ចាំបាច់​ដូចជា​ការជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ​ដែល​រស់​នៅក្នុង​លំនៅឋាន​ឬ​ទី​សំណាក់​ជាមួយគ្នា​យើង​មិន​ហាមឃាត់​ការជួបជុំ​ក្រុមគ្រួសារ​នៅក្នុង​លំនៅដ្ឋាន​ជាមួយគ្នា​នោះទេ​ការរៀបចំ​ពិធី​បុណ្យសព​ដែល​គោរព​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​ការប្រមូលផ្ដុំ​មនុស្ស​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល​ជា​អាច​ការយក​សំណាក​មក​វិភាគ​មេរោគ​កូ​វីត​១៩, ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីត​១៩​នឹង​ការជួប ជុំ​របស់​បុគ្គលិក​សុខាភិបាល​ដែល​បំពេញការងារ​សង្គ្រោះបន្ទាន់​ផ្សេងទៀត​,​ការជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក​ម្លាំ​ង​គណៈបញ្ជាការ​រដ្ឋ​បាល​គ្រប់​ជាន់ថ្នាក់​ការបំពេញ​ការងារ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​និង​របៀបរៀបរយ​សាធារណៈ​ដូច្នេះ​អ្វីដែល​យើង​ត្រូវការ​នៅពេលនេះ​គឺ​សុំ​ឲ្យ​បងប្អូន​នៅ​ក្នុងផ្ទះ​ក្នុងពេលដែល​មិនមាន​ការចាំបាច់​ហើយ​ប្រសិនបើ​មានការ​ចាំបាច់​យើង​ក៏​អាច​ចេញ​បាន​។​ដូច​អ្វីដែល​ខ្ញុំ​បានទូល​ប្រគេន​និង​ជម្រាបជូន​អំពី​កា​រលើ​រួចមកហើយ​យើង​មិន​បិទ​ខ្ទប់​ដើម្បី​សម្លាប់​ប្រជាពលរដ្ឋ​នោះទេ​ហើយ​អាជ្ញាធរ​ក្រុង​ក៏បាន​ត្រៀម​រៀបចំ​ដើម្បី​ធ្វើ​សកម្មភាព​ជួយសង្គ្រោះ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​បំផុត​ដែល​យើង​បានរៀបចំ​នូវ​យន្តការ​រួចហើយ​,​យន្តការ​លើក​នេះ​គឺ​យើង បានរៀបចំ​ឲ្យ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន​ព័ន្ធ មុន្នី​រ័ត្ន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ធ្វើជា​គណៈ​ប្រធាន​គណៈកម្មការ​ហើយ​និង​មាន​សមា ជិ​ក​មួយចំនួន​ផ្សេងទៀត​ដើម្បី​អនុវត្ត​នូវ​វិធានការ​ដ៏​ចាំបាច់​នេះ​មានតែ​ការចូលរួម​ទាំងអស់គ្នា​ទេ​។​

​ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​សូមកុំ​ភិតភ័យ​ស្លន់ស្លោ​ជាមួយនឹង​សភាពការណ៍​ដូច​បាន​កើតឡើង​ក្នុងពេល​ល្ងាច​នេះ​ប្រសិនបើ​បងប្អូន​បានឃើញ​និង​សិក្សា​ឲ្យ​បាន​ច្បាស់​អំពី​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​នេះ​បងប្អូន​ពិតជា​មិនមាន​ការព្រួយបារម្ភ​ហួសហេតុ​ពេក​នោះទេ អត្ថបទ​សេចក្ដីសម្រេច​ដែល​ខ្ញុំព្រះករុណា​បាន​ចុះ​ហត្ថ លេខា​មុននេះ​បន្តិច​គឺមាន​ចែង​សព្វគ្រប់ ។ តែ​ខ្ញុំព្រះករុណា​សូមបញ្ជាក់ថា​បងប្អូន​នឹងមិន​ដាច់បាយ​មិន​ខ្វះ​អង្ករ​,​មិន​ខ្វះ​អំបិល មិន​ខ្វះ​ស្បៀងអាហារ​សម្រាប់​ការផ្គត់ផ្គង់​នៅ ក្នុង​ទីក្រុង​ភ្នំពេញ​នោះទេ​។​បន្លែបង្ការ​ដែល​ធ្លាប់​ផ្គត់ផ្គង់​ចូល​ពី​ខេត្តកណ្ដាល​ទៅ​ទីក្រុង​ភ្នំពេញ​អាច​នឹងត្រូវ​បានអនុញ្ញាត​ឱ្យ​នាំ​ចូលទៅ​ចែកចាយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី ផ្ដល់ឱ្យ​សម្រាប់​ការផ្គត់ផ្គង់​នៅ​ទីក្រុង​ភ្នំពេញ​ដដែល​តាមរយៈ​នៃ​គណៈកម្មការ​សម្រួលការ​រៀបចំ​បន្ថែមទៀត​នូវ​ពេលវេលា​ដែល​បានមក​ដល់​,​រាប់ទាំង​ការដឹក​ជ្រូក​ដឹកគោ​យកទៅ​កន្លែង​សត្តឃាត​ដើម្បី​ផ្គត់ផ្គង់​ទីក្រុង​ក៏​អាច​នៅតែ​ធ្វើបាន​ព្រោះ​វា​ជាការ​ចាំបាច់​របស់​យើង​ក្នុងការ​ផ្គត់ផ្គង់​ជីវភាព​,​ហើយ​ពិត​មែនហើយ​គឺមាន​សកម្មភាព​មួយចំនួន​ត្រូវតែ​បិទ​តែម្ដង​ដូចជា​ហាង​គ្មាន​ការចាំបាច់​ហាង​លក់​ខោអាវ​ហាង​លក់​ប្រដាប់ប្រដា​ផ្សេងៗ​ក្រៅពី​ស្បៀងអាហារ​គឺ​គប្បី​យោគយល់​អធ្យាស្រ័យ​ពេលនេះ​គឺ​ត្រូវតែ​សុំ​ផ្អាក​សិន​,​ហាង លក់​ខោអាវ​ហាង​ផ្សេងៗ​ដែល​មិនមែនជា​ហាង​លក់​គ្រឿងឧបភោគ​បរិភោគ ។​ប៉ុន្តែ​ត្រូវ​បើក​ឲ្យ​មានការ​លក់ដូរ​ម្ហូបអាហា​រ​ដែលជា​របស់​ស៊ីចុកបុកទំពារ​របស់​ប្រជាជន​ទឹកក្រូច ទឹក​សុទ្ធ​ដែលជា​តម្រូវ​ការចាំបាច់​របស់​ប្រជាជន​ត្រី​សាច់ជ្រូក​គោ​បន្លែបង្ការ​អ្វីដែល​ជាការ​ផលិត​ស្បៀងអាហារ​គឺ​ត្រូវបាន​លើកទឹកចិត្ត​នៅពេលនេះ ។​ហើយក៏​សូមឱ្យ​ឯកឧត្តម ឃួ​ង ស្រេង យកចិត្តទុកដាក់​ពិនិត្យមើល​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រីក្រ​ដែល​អាច​ផ្ដល់នូវ​ជំនួយ​សង្គ្រោះ​សម្រាប់​ទីកន្លែង​នោះ​ឯកឧត្តម អូន​ព័ន្ធ មុនី​រ័ត្ន បាន​រាយការណ៍​ឱ្យ​ខ្ញុំ បាន​ត្រៀម​រៀបចំ​សម្រាប់​ផ្ដល់ជូន​នូវ​អង្ករ​,​ហើយ​អង្ករ​សុំ​អ្នកលក់​អង្ករ​កុំ​ឆ្លៀត​យក​ពេលនេះ​ដើម្បី​តម្លើងថ្លៃ​,​ហើយ​ខ្ញុំ​សុំ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​យកចិត្តទុកដាក់​ផ្គត់ផ្គង់​អង្ករ​ចូល ទៅក្នុង​ទីផ្សារ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​ឈ្មួញ​លក់​អង្ករ​ឆ្លៀត​យក​ឱកាស​នេះ​ធ្វើ​ចំណេញ​ហើយ​សុំ​ឲ្យ​បញ្ចេញ​នូវ​មី​នូវ​អ្វី​ដែលជា​របស់​រដ្ឋ​មាននៅ​ក្នុង​ដៃ​ដើម្បី​ផ្គត់ផ្គង់​ចូលទៅ​ទីផ្សារ ហើយ​លក់​ឱ្យ​ប្រជាពលរដ្ឋ​ដោយ​តម្លៃ​សមរម្យ​គឺ​យើង​មិនអាច​ទុក​ឲ្យ​តម្លៃ​ទំនិញ​ឡើងថ្លៃ​តាមចិត្ត​នោះទេ​។​

​សូម​បងប្អូន​ស៊ូទ្រាំ​រយៈពេល ១៤ ថ្ងៃ​ដើម្បី​កាត់ផ្ដាច់​ការចម្លង​ហើយ​សូម​បងប្អូន​កុំ​ចេញពីផ្ទះ​ក្នុងពេលដែល​គ្មាន​ការចាំបាច់​ហើយ​បើសិនជា​មានការ​ចាំបាច់​ណាស់​ក៏​គួ​តែ​ត្រូវ ធ្វើ​វិធានការ​សុខាភិបាល​ពាក់​ម៉ាស​ហើយ​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​ខាន​តែ​បាន ។ ខ្ញុំ​សុំ​ស្នើ​បងប្អូន​មេត្តា​ប្រឹងប្រែង​អត់ធ្មត់​នៅក្នុង​រយៈពេល​នេះ​យើង​ទទួល​ការឈឺចាប់​រយៈ ពេល​ខ្លី​ប្រសើរ​ជាង​ការឈឺចាប់​រយៈពេល​វែង​សូម្បីតែ​ក្រុមគ្រួសារ​របស់ខ្ញុំ​ត្រូវ​ទៅធ្វើ​បុណ្យ​ធ្វើ​ទាន​ក៏ត្រូវ​ផ្អាក​ដំណើរ មិនអាច​ចេញពីផ្ទះ​បានទេ​កូនចៅ​របស់ខ្ញុំ​បាន​ហាមឃាត់ រួចស្រេច​ហើយក៏​មិនឱ្យ​ចេញពីផ្ទះ​សម្បែង​រប​ស់​ពួកគេ​ដែរ ចៅ​ខ្លះ​របស់ខ្ញុំ​បានមក​នៅ​ជ្រកកោន​ជាមួយ​ខ្ញុំ​នៅឯ​តាខ្មៅ​ក៏ប៉ុន្តែ​ពួកគេ​ក៏​គ្មាន​លទ្ធភាព​ចេញពីផ្ទះ​នោះដែរ​នេះ​ជា បទបញ្ជា​តឹងរ៉ឹង​មួយ​ប៉ុន្តែ​នៅក្នុង​ករណី​ដែលមាន​ការចាំបាច់​គឺ​បងប្អូន​នៅតែ​អាច​ចេញ​ទៅបាន​ដូចជា​ទៅ​ចាក់​វ៉ាក់សាំង​ដើម្បី​ទទួលយក​ការព្យាបាល​ជំងឺ​ក៏​នៅតែ​អាច​ចេញ បាន​ដោយមាន​ការបញ្ជាក់​ច្បាស់លាស់​ហើយ​យើង​នឹង​អនុវត្ត​ម៉ឺងម៉ាត់​ផង​និង​មាន​ភាពទន់ភ្លន់​បត់បែន​ផង​។​ប៉ុន្តែ​អ្វីដែល​ខ្ញុំ​សំណូមពរ​មិនមែន​គ្រាន់តែ​នៅ​ទីក្រុង​ភ្នំពេញ​ទេ​នៅតាម​ខេត្ត​នានា​ឥឡូវនេះ​កំពុងតែ​មានការ​ស៊ីផឹក​រីក​រាលដាល​ដោយ​គ្មាន​ការ​ត្រួតពិនិត្យបាន​សម្រាប់​ការ​ស៊ីផឹក ។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ទូទាំងប្រទេស​អាកា​រលក់​ដូរ​គ្រឿង ស្រវឹង​ដើម្បី​បញ្ជា​និង​ការ​ស៊ីផឹក​ដោយ​គ្មាន​ការចាំបាច់​នៅតាម​ទីកន្លែង​ខ្លះ​ហើយ​នៅ​ទីក្រុង​ភ្នំពេញ​គ្រឿង​ស្រវឹង​មិនមែន​ចិត្ត​ទុក​ថា​ជា​ប្រភេទ​ស្បៀង​នោះទេ​ពិតមែន​ហើយ​គេ ចាត់ទុកថា​ស្រា​ឬ​ប៊ីយែរ​គឺជា​ប្រភេទ​ស្បៀង​,​ប៉ុន្តែ​សម្រាប់​ខ្ញុំ​សុំ​ស្នើឱ្យ​ក្នុង​រាជធានី​ភ្នំពេញ​ផ្អាក​ការលក់​ស្រា​លក់​ប៊ីយែរ​សម្រាប់​រយៈពេល ១៤​ថ្ងៃនេះ​ប៉ុន្តែ​សុំ​មេត្តា​លក់​ទឹកក្រូច ទឹក​សុទ្ធ​,​មេត្តា​លក់​អ្វី​ផ្សេងៗ​ទៀត​ដែល​មិនមែនជា​គ្រឿង​ស្រវឹង​ជូន​ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង​។​សុំ​អង្វរក​ប្រជាពលរដ្ឋ​របស់​យើង​ខិតខំ​ឡើង​រួមគ្នា​ដើម្បី​បញ្ចប់​នូវ​ព្រឹត្តិការណ៍​ដ៏​គ្រោះថ្នាក់​នេះហើយ​យើង​កំពុង​ស្ថិតនៅ​មាត់ជ្រោះ​មរណៈ​ហើយ​ប្រសិនបើ​យើង​មិន​ប្រឹង​រួមគ្នា​យើង​នឹង​ឈានទៅដល់​មរណៈ​ពិតប្រាកដ​,​ដូច្នេះ​វិធី​តែមួយគត់​គឺ​រួមដៃគ្នា​ទាំង​រដ្ឋ​និង​ប្រជាជន​ជាពិសេស​ការគាំទ្រ​និង​ចូលរួម​របស់​ប្រជាជន​ហើយ​រដ្ឋ​និង​បំពេញបន្ថែម​ជា​បន្តបន្ទាប់​តាមរយៈ​នៃ​ការដឹកនាំ​ដោយ​គណៈកម្មការ​ជាពិសេស​គឺ​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បន្តធ្វើ​ការពិនិត្យ​និង​ដើម្បី​កែសម្រួល​ហើយ​អាច​ដាក់ចេញ​បង្កើត​អនុគណៈកម្មការ​,​ហើយ​បង្កើត​ថែម​,​បន្ធូរបន្ថយ​កន្លែង​ណា​,​បន្តឹង​កន្លែង​ណា​សូម​ដាក់​ស្នើ​មក ខ្ញុំ​ឬក៏​គណៈកម្មការ​អាច​ចុះហត្ថលេខា​ដើម្បី​ធ្វើ​តែម្ដង​។​

​ខ្ញុំ​សង្ឃឹមថា​យើង​យក​ពេលវេលា​នេះ​ជា​ពេលវេលា​ដែល​កំពុង​ស្ថិតនៅក្នុង​មាត់ជ្រោះ​មរណៈ​ឲ្យ​ក្លាយទៅជា​កាលានុវត្តភាព​ថ្មី​មួយ​អោយក្លាយ​ទៅជា​ឱកាស​ក្រោយពេល​ចូល ឆ្នាំ​នាពេល ១៤​ថ្ងៃ​យើង​កាត់បន្ថយ​ការចម្លង​។​សូមបញ្ជាក់ថា​ត្រឹម​ម៉ោង​នេះ​យើង​មាន​អ្នក​ឆ្លង​ជាង ៣០០ នាក់​ថែមទៀត​រហូត​យើង​ខ្វះ​កន្លែង​សម្រាប់​ដាក់​អ្នកជំងឺ​យើង​កំពុង ដំណើរការ​ដឹកជញ្ជូន​អ្នកជំងឺ​ចូលទៅ​កាន់​មន្ទីរពេទ្យ ប្រសិនបើ​បងប្អូន​មិន​យកចិត្តទុកដាក់​ទៅលើ​សុខភាព​ខ្លួនឯង​ទេ​បងប្អូន​នឹង​ជួប​នូវ​គ្រោះថ្នាក់​ហើយ​មិនមែន​គ្រាន់តែ​ចូល ក្នុង​មន្ទីរពេទ្យ​ទេ​,​ហើយ​ការ​ស្លាប់មាន​ជា​រៀងរាល់ថ្ងៃ​ដែល​ចំនួន​អ្នកស្លាប់​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ចំនួន​អ្នក​ឆ្លង​ក៏​កាន់​តែមាន​ចំនួន​ច្រើន​,​ហើយ​ថ្ងៃនេះ​ក៏មាន​ចំនួន​ច្រើន​រហូតដល់​ជាង ៣០០ នាក់​ដែលជា​ចំនួន​មួយ​គួរឱ្យខ្លាច ។​ដូច្នេះហើយ​បានជា​វិធាន​ការបិទ​ទីក្រុង​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​គឺជា​វិធានការ​ចាំបាច់​ហើយ​សុំ​ឲ្យ​ក្រសួង​ការងារ​ធ្វើការ កំណត់​ច្បាស់​រោងចក្រ​ណា​ដែល​ត្រូវ​បិទ​រោងចក្រ​ណា​ដែល​ត្រូវ​បិទ​រោងចក្រ​ណា​ដែល​ត្រូវ​ទុក​។​អ្វីដែល​ខ្ញុំ​ចង់សង្កត់ធ្ងន់​រោងចក្រ​ទាក់ទង​នឹង​ការផលិត​ស្បៀង​ត្រូវ​ទុក​ឲ្យ​ដំណើរការ​ដូចជា​រោងចក្រ​ផលិត​មី​ឬ​រោងចក្រ​ផលិត​នំ​ឬ​រោងចក្រ​ដែល​ផលិត​អ្វីដែល​ទាក់ទង​នឹង​ការ​ស៊ីចុក​។​កន្លែង​ដែលមាន​ការលក់ដូរ​គ្រឿង​ហូបចុក​នេះ​អាជ្ញាធរ​ត្រូវ​ពិនិត្យ ឲ្យ​មានការ​លក់ដូរ​តែ​ត្រូវ​ជៀសវាង​ការ​កក់កុញ​ដោយ​មនុស្ស​ហើយ​ត្រូវតែ​ជួយ​ធ្វើ​គម្លាត​សុវត្ថិភាព​នៅនឹងកន្លែង​ដូចជា​នៅ​ផ្សារ​អេ​អន​១ ឬ​អេ​អន ២ និង​ផ្សារ​ដែលមាន​សណ្ដា ប់​ធ្នាប់​នៅតែ​បន្ត​ឲ្យ​បើក​។​ប៉ុន្តែ​យើង​ត្រូវ​កំណត់ថា​ទីផ្សារ​នោះ​ទទួលបាន​មនុស្ស​១០០ នាក់ យើង​អនុញ្ញាត​ឲ្យ​ចូល​ម្ដង​ត្រឹមតែ ៥០ នាក់​។ អញ្ចឹង​ត្រូវតែមាន​សន្តិសុខ​របស់ យើង​ទៅ​រួមជាមួយ​និង​សន្តិសុខ​របស់​ហាង​ដើម្បី​ជួយ​ធ្វើ​គម្លាត​សុវត្ថិភាព​សម្រាប់​បងប្អូន​ក្នុង​ការចូល​ទិញ​ទំនិញ​នៅតាម​ទីផ្សារ​ចៀសវាង​ការចូលទៅ​ប្រជ្រៀត​គ្ន​នៅក្នុង ​ហាង ដែល​នាំទៅដល់​ការចម្លង​ហើយ​ការចម្លង​នោះ​មាន​ឈានទៅដល់​ការបិទ​ហាង​នោះ​ថែម​ទៀតផង ។ ដូច្នេះ​សូម​អាជ្ញាធរ​រៀបចំ​យើង​បើកហាង​ប៉ុន្មាន​នៅក្នុង​រាជធានី​ភ្នំពេញហើយ​រាល់​ហាង​នោះ​ត្រូវមាន​វិធានការ​គម្លាត​សុវត្ថិភាព​ត្រូវ​ចូល​១០០​នាក់​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ត្រឹម ៥០ ឬ ៣០ នាក់​ម្តង ចូលទៅ ៥០ នាក់​ចូល​ហើយ​៥០​នាក់​ចេញ មកទើប​ឱ្យ ៥០ នាក់​ចូលទៅ​ទៀត​ដើម្បី​រក្សា​គម្លាត​នៅក្នុង​ទីនោះ​ឲ្យ​ខាងតែបាន​ដូច្នេះ​សេវាកម្ម​សម្រាប់​ផ្គត់ផ្គង់​នៅតែ​បន្ត​មាន​។​

​ខ្ញុំ​សុំ​អង្វរក​ម្ដង​ហើយ​ម្ដង​ទៀតហើយ​ខ្ញុំ​សោកស្ដាយ​ជាទីបំផុត​នៅពេលដែល​ខ្ញុំ​បានដាក់​ចេញ​នូវ​បទបញ្ជា​សម្រាប់​ការរៀបចំ​នេះ​បែរជា​លេច​ធ្លាយ​ដោយ​បុគ្គល​ខ្វះការទទួល ខុសត្រូវ​ហើយ​ការ​បែក ធ្លាយ​នេះ​បានធ្វើ​ឲ្យ​ប៉ះទង្គិច​នូវ​អារម្មណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខុសពី​វត្ថុបំណង​របស់ខ្ញុំ​រប​ស់រាជ​រដ្ឋាភិបាល​ដែល​ដាក់​ការបិទ​ខ្ទប់​ប៉ុន្តែ​មានការ​ផ្គត់ ផ្គង់​រៀបចំ​ត្រឹមត្រូវ​មិនឱ្យ​បងប្អូន​ដាច់បាយ​មិនឱ្យ​បង ប្អូន​ដាច់​ភ្លើង​ដាច់ទឹក​នោះទេ​។​សេវាកម្ម​ទាំង​ប៉ុន្មាន​រាប់ទាំង​សេវាកម្ម​ប្រមូល​សំរាម​ចេញពីផ្ទះ​ចេញពី​កន្លែង​បងប្អូន​នៅ តែ​អាច​ធ្វើបាន​សូម្បីតែ​ការហាត់​ប្រាណ​ក៏​នៅតែ​អាចធ្វើ​ទៅបាន​ក៏ប៉ុន្តែ​បើ​យក​ល្អ​គឺ​ហាត់ប្រាណ​នៅក្នុង​ទីធ្លា​ក្នុងផ្ទះ​ហើយ​បើ​មិនមាន​នៅក្នុង​ផ្ទះ​ទេ​។​យើង​អាច​ដើរ​ជិត​ក្បែរៗ ផ្ទះ​របស់​យើង​តែ​កុំទៅ​ឆ្ងាយ​ពេក​ហើយ​កុំ​ឲ្យ​លើសពី​មនុស្ស​ពីរ​នាក់​សូម​យកចិត្តទុកដាក់​លើ​បញ្ហា​នេះហើយ​សុំ​សិក្សា​អំពី​សេចក្ដីសម្រេច​ទាក់ទិន​នឹង​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​និង​ទីក្រុង​តាខ្មៅ​នៅ​ខេត្តកណ្ដាល​ឲ្យ​បាន​ច្បាស់​ដើម្បី​យល់​ន័យ​ពិតប្រាកដ​ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​ក៏ប៉ុន្តែ​ត្រូវ​មានការ​ទន់ ភ្ល​ន់​ហើយ​ជួយ​បម្រើ​ទៅដល់​ប្រជាពលរដ្ឋ​របស់​យើង ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular