Home ព័ត៌មានសំខាន់ៗ ហាងលក់ម្ហូបអា...

ហាងលក់ម្ហូបអាហារទាំងអស់នៅបើកដំណើរការធម្មតា និងលើកទឹកចិត្តឲ្យបន្តការលក់តាមអនឡាញ

ដោយរ៉ាម៉ន/ភ្នំពេញវលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋថា គ្រប់ហាងលក់ទំនិញ និងម្ហូបអាហារ ទាំងអស់នៅទូទាំងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការដូចធម្មតា ប្រជាពលរដ្ឋអាចធ្វើដំណើរទៅទិញនៅទីតាំងដែលក្បែរៗផ្ទះរបស់ខ្លួន ឬកម្មង់ទិញតាមអនឡាញ។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានលើកទឹកចិត្តដល់ម្ចាស់ហាងលក់ម្ហូបអាហារទាំងអស់ បន្តការលក់ដូរជូនប្រជាពលរដ្ឋជាធម្មតា ហើយប្រជាពលរដ្ឋក៏អាចកម្មង់ទិញតាមអនឡាញផងដែរ។

ការចេញមកប្រកាសជូនដំណឹង និងលើកទឹកចិត្តរបស់ លោក ឃួង ស្រេង ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ខែមេសានេះបន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចបិទខ្ទប់ រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ១៩ ហើយមិនតម្រូវឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះជាដាច់ខាត បើគ្មានករណីចាំបាច់ លើកលែងទិញម្ហូបអាហារប៉ុណ្ណោះ។

លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងច្បាស់ៗជូនដល់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅរាជធានីភ្នំពេញថា មិនមានការបិទហាងលក់ដូរទំនិញ ឬម្ហូបអាហារនោះទេ ពោលប្រជាពលរដ្ឋនៅតែអាចធ្វើដំណើរចេញទៅទិញដើម្បីទទួលទានប្រចាំថ្ងៃបាន និងកម្មង់ទិញតាមអនឡាញ ប៉ុន្ដែត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាន។

អភិបាលរាជធានីភ្នំពេញ បានអះអាងទៀតថា ៖ក្នុងករណីប្រជាពលរដ្ឋមិនចង់ទៅទិញដោយផ្ទាល់នោះ ក៏អាចកម្មង់តាមហាងមួយចំនួនតាមអនឡាញ ដែលមានសេវាដឹកជញ្ជូនដល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ បានដូចគ្នាផងដែរ ព្រោះអាជ្ញាធរនៅតែអនុញ្ញាតឲ្យមានការដឹកជញ្ជូនម្ហូបអាហារដូចធម្មតា។

លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា សូមជំរាបជូនថា បើទោះបីរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបាន Lockdown រយៈពេល១៤ថ្ងៃ ប៉ុន្តែហាងទំនិញលក់ម្ហូបអាហារ ភេសជ្ជៈ ទំនិញចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន នៅតែបន្តបម្រើជូនប្រជាពលរដ្ឋ សូមបងប្អូនប្រជាពលរដ្ឋ កុំមានការយល់ច្រឡំថា ហាងទាំងអស់ត្រូវបានបិទ ហើយសូមលើកទឹកចិត្តដល់ម្ចាស់ម្ហូបអាហារឲ្យនៅបន្តលក់ដូរដូចធម្មតា។

លោកអភិបាលរាជធានីបានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ហើយបានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវជាបន្ទាន់ ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរទំនិញទាំងឡាយណា ដែលឡើងថ្លៃហួសហេតុ គ្រាដែលកម្ពុជាកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular