ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ប្រធានគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្ត វិធានការបិទខ្ទប់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្តេជ្ញាចិត្តថា នឹងបំបាត់ជំងឺកូវីដ-១៩ ឱ្យបានក្នុងរយៈពេល ១៤ ថ្ងៃ ខណៈដែលរាជរដ្ឋាភិបាល សម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេល ១៤ ថ្ងៃនេះ។
ការប្តេជ្ញាចិត្តរួមគ្នា បំបាត់ជំងឺកូវីដ-១៩ ខាងលើនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយ តាមរយៈ video conference នៅម៉ោង ៣ រសៀល រហូតដល់ម៉ោង ៦និង១៩នាទី ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ ដោយមានការចូលរួមប្រជុំ ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការជាតិគ្រប់គ្រ ងនិងដឹកនាំការអនុវត្ត វិធានការបិទខ្ទប់ នៅសាលារាជធានីភ្នំពេញ។
លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថាៈ កិច្ចប្រជុំ តាមរយៈ video conference នេះ មានគោលបំណង ឱ្យគ្រប់ភាគីអ្នកពាក់ព័ន្ធ ទាំងអស់ អនុវត្តឱ្យបានជោគជ័យ ទៅតាមសេចក្តីសំរេច របស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ដើម្បីបំបាត់ជំងឺកូវីដ-១៩ ដែលការងារនេះ យើងត្រូវធ្វើឱ្យបានលទ្ធផល ល្អប្រសើរ ក្នុងរយៈពេល ១៤ ថ្ងៃ ដោយមិនប៉ះពាល់ ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ។
លោក អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យសមាជិកទាំងអស់ នៅក្នុងជួរគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្ត វិធានការបិទខ្ទប់នេះ រួមគ្នាជួយរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តសេចក្តីសំរេច របស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ដើម្បីបំបាត់ជំងឺកូវីដ-១៩ ក្នុងរយៈពេល ១៤ ថ្ងៃនេះ ទទួលបានជោគជ័យ។
លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ បានមានប្រសាសន៍ ពីកាេងារមួយចំនួន ដែលអាជ្ញាធរ បានកំពុងអនុវត្ត ដោយរដ្ឋបាលរាជធានី បានប្រើប្រាស់ កម្លាំងមានសមត្ថកិច្ច ដាក់តាមគោលដៅ ចំនួន ២៧ គោលដៅ ដើម្បីអនុវត្ត ការសំរេចបិទខ្ទប់នេះ បានដាក់ចេញ ជាវិធានការ ចំពោះទំនិញឡើងថ្លៃ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យម្ចាស់កុងស៊ី កាប់ជ្រូក គោ និងអាជីវករ លក់ដូរសាច់ គ្រឿងហូបចុក ធ្វើកិច្ចសន្យា មិនអោយឡើងថ្លៃ ខណៈដែលពួកគាត់ បានឡើងថ្លៃសាច់ជ្រូក សាច់គោ ក្នុងដំណាក់កាលនេះ។ រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងល្បាតជាប្រចាំ នៅតំបន់ដែលបានកំណត់ ជាតំបន់ពណ៌ក្រហម ដែលជាតំបន់ងាយឆ្លង ជំងឺកូវីដ-១៩។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ នេះ ដាច់ខាត ត្រូវតែមានការចូលរួម ពីប្រជាពលរដ្ឋ បើមិនមានការចូលរួម ពីប្រជាពលរដ្ឋទេ នោះយើងមិនអាចទទួលបាន ជោគជ័យទេ ។ លើបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានចលនាជាមួយ ប្រជាពលរដ្ឋហើយ ហើយប្រជាពលរដ្ឋ ជាង ៩០ ភាគរយ បានចូលរួមជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ។
ជាក់ស្តែង នៅតាមដងផ្លូវនានា ខណៈអនុវត្តនូវ ការសម្រេចបិទខ្ទប់នេះ ឃើញថា មានប្រជាពលរដ្ឋ ប្រមាណតែ ២ ទៅ ៣ ភាគរយប៉ុណ្ណោះ ដែលពួកគាត់ធ្វើចរាចរណ៍តាមផ្លូវ ហើយប្រជាពលរដ្ឋទាំងនោះ ភាគច្រើនទៀតសោត ជាប្រជាពលរដ្ឋ ដែលមានការចាំបាច់ ក្នុងការងារ ទៅចាក់វ៉ាក់សាំង និងទៅទទួលសេវាសុខាភិបាល ជាដើម។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ បានផ្តោតលើការអនុវត្ត វិធានការបិទខ្ទប់នេះ អោយមានប្រសិទ្ធភាព មិនប៉ះពាល់ ដំណើរការរស់នៅ របស់ប្រជាពលរដ្ឋ , រក្សាបានស្ថរភាពទំនិញ លំហូរទំនិញ , ការអនុវត្តធ្វើយ៉ាងណា កាត់ផ្តាច់ ជាកង់ៗជំងឺកូវីដ-១៩ ។ ការពង្រឹងលើការធ្វើចត្តាឡីស័ក ការស្រាវជ្រាវរកអ្នកជំងឺកូវីដ-១៩ ការធ្វើតេស្តសំណាក ការចាក់វ៉ាក់សាំង និងការគាំពារ ដល់ប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ៕/V