ដោយៈ បាយ័ន / សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូន សាធារណជន ឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០ កុម្ភៈនេះ ខេត្តសៀមរាប បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ២ នាក់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ទៅលើឈ្មោះ ឡេង សុខេង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប និងឈ្មោះ ឃាង លក្ខិណា ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ត្រូវជាស្វាមី និងជាកូនរបស់លោកស្រី ចឿម ផល្លា ដែលករណីនេះ ជាករណីការឆ្លងរាលដាល ក្នុងសហគមន៍ ក្នុងខេត្តសៀមរាប។ រដ្ឋបាលខេត្តសៀមរាប បញ្ជាក់យ៉ាងដូច្នេះ នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ប្រាសាទកែវ មានទីតាំងស្ថិត នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ជាបណ្ដោះអាសន្ន រហូតដល់មានការចេញ សេចក្តីជូនដំណឹងជាថ្មី ដោយសារ លោក ឡេង សុខេង បានចេញចូលទីតាំងនេះ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមាន ខាងលើ និងធ្លាប់បានចេញចូល ទីតាំងមន្ទីរពិសោធន៍ វេជ្ជសាស្ត្រ ប្រាសាទកែវ ចាប់ពីថ្ងៃទី១១ មេសា សូមរួសរាន់ ធ្វើចត្តាឡីស័ក តាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយ អ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មាន មកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារ ចាត់វិធានការ ក្នុងការយកសំណាក ធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវ វិធានការការពារ របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ ក្រសួងសុខាភិបាល៕/V