ដោយ:សរិទ្ធ/ភ្នំពេញ:នគរបាលខណ្ ឌទួលគោក បានឃាត់ខ្លួនបុរសម្នាក់ ក្រោយយកកូនកាំបិតមកកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច ដែលហាមមិនឲ្យប្រជាពលរដ្ឋជិះធ្វើចរាចរណ៍ឆ្លងកាត់តាមដងផ្លូវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា នៅថ្ងៃទី១៥ ខែមេសា វេលាម៉ោងប្រហែលជាង១០ ព្រឹកកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពី «បទប្រឆាំងនឹងការអនុវត្តការងារសារធារណ:» ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៥ ផ្លូវលេខ១២៨ កែងផ្លូវ២១៥ ក្រុមទី២២ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក»។

ជនសង្ស័យឈ្មោះ ដារ៉ា រ័ត្នសុគន្ធ ហៅ ផានិត អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ៣៩៣E ផ្លូវលេខ១២៨ ក្រុមទី៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានយកទឹកនោមជនសង្ស័យរូបនេះ យកមកធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមជាលទ្ធផលមានភាពអវិជ្ជមាន ។

លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ថ្លែងថា បើទោះខ្សែនេះគ្មានវិញ្ញាណ តែខ្សែនេះអាចនាំឲ្យអ្នកមានទោសទណ្ឌប្រសិនអ្នកបំពាន ។ ខ្សែនេះជាបន្ទាត់នៃការអនុវត្តវិធានការ បើទោះមាន ឬគ្មានសមត្ថកិច្ចឈរជើងក៏ដោយ សូមកុំបំពាន ។

លោក គឹម សន្តិភាព សង្កត់ធ្ងន់ថា «ការបំពាននឹងវិធានការបិទខ្ទប់នេះ ដោយការមិនគោរព ឬ រារាំង អ្នកនឹងអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ»៕សរន