ដោយ: បាយ័ន / សៀមរាប: នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សា រៀបចំផែនការត្រៀមទប់ស្កាត់ការរីករាលដាលដោយសារជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពមួយចំនួន អភិបាលក្រុងសៀមរាប និងដៃគូឯកជនពាក់ព័ន្ឋមួយចំនួនផងដែរ។
ក្រោយពីពិភាក្សារួច កិច្ចប្រជុំនេះ បានដាក់ផែនការមួយចំនួនរួមមាន៖
– ត្រៀមរៀបចំឱ្យអាជីវករក្នុងផ្សារនានាទូទាំងក្រុង និងខេត្តសៀមរាប ដោយគិតគូរពីសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយដោយគិតពីគម្លាតសង្គមជាសំខាន់ ដើម្បីជៀសផុតពីហានិភ័យដោយសារជំងឺកូវីដ-១៩។
– រៀបចំផែនការ និងវិធានការ កាត់បន្ថយការប្រមូលផ្តុំនៅទីផ្សារ ក្នុងករណីតំបន់មួយចំនួន ត្រូវបានបិទខ្ទប់ក្តី ក៏ត្រូវបានគិតគូរលើការផ្គត់ផ្គង់ត្រីសាច់ បន្លែ គ្រឿងទេស ម្ហូបចំណីចាំបាច់នៅតែមានលក់លើទីផ្សារ។
– ការរៀបចំកម្មវិធីដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនងរវាងអ្នកទិញ និងអ្នកលក់ និងការទិញតាមអនឡាញ ដោយលើកទឹកចិត្តដល់អ្នករ៉ឺម៉កសម្រាប់បំរើសេវាដឹកជញ្ជូន ជាពិសេសអ្នករ៉ឺម៉កដែលបានចាក់វ៉ាក់សាំងហើយ
– បង្កើតទំនាក់ទំនងជាមួយអ្នកលក់បោះដុំ និងអ្នកលក់ចែកចាយបន្ត អ្នកលក់ដូរតូបតាមផ្សារ និងអ្នករ៉ឺម៉ក ឲ្យប្រើប្រាស់ប្រព័ន្ធធនាគារ
– ជំរុញដល់ភ្នាក់ងារទេសចររណ៍ ប្រតិបត្ដិករទេសចរណ៍ អ្នកបំរើសេវាកម្មពាក់ព័ន្ឋនឹងវិស័យទេសចរណ៍ ឱ្យមកទទួលចាក់វ៉ាក់សាំងឱ្យបានឆាប់និងគ្រប់ៗគ្នាដើម្បីខេត្តសៀមរាបអាចមានលទ្ធភាពទទួលភ្ញៀវទេសចរណ៍អន្តរជាតិនាពេលឆាប់ៗខាងមុខនេះ
– ឃ្លុំអ្នកជាប់ពាក់ព័ន្ធអ្នកវិជ្ជមានជំងឺកូវីដ១៩
– ជំរុញការចាក់សាំងដល់ប្រជាពលរដ្ឋតាមផែនការរបស់រាជរដ្ឋាភិបាល
– បង្កើតទំនាក់ទំនងអ្នកលក់បោះដុំ និងអ្នកលក់ចែកចាយបន្ត
– រៀបចំកម្មវិធីដើម្បីបង្ករភាពងាយស្រួលដល់អ្នកលក់ដូរតូបតាមផ្សារ និងអ្នកបោះដុំ និងរ៉ឺម៉កឱ្យប្រើប្រាស់ប្រព័ន្ធធនាគារ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាបសូមអំពាវនាវដល់បងប្អូនជាអាជីវករទាំងអស់កុំឆ្លៀតឱកាសតម្លើងថ្លៃរាល់ទំនិញទាំងឡាយ ដើម្បីកេងចំណេញក្នុងអំឡុងពេលកូវីដ-១៩ ពិសេសបិទខ្ចប់ដែលមានហានិភ័យខ្ពស់៕