​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា វិធាន​ការបិទ​ខ្ទប់ (Lockdown) រាជធានី​ភ្នំពេញ​នេះ មិនមែន​ធ្វើឡើង ដើម្បី​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​នោះទេ ប៉ុន្តែ​ជា​វិធានការ ដើម្បី​ការពារ​អាយុជីវិត ប្រជាពលរដ្ឋ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​សាលា​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ស្ថានភាព​បិទ​ខ្ទប់ Lockdown រាជធានី​ភ្នំពេញ នៅ​ម៉ោង ៧ និង ៤០ នាទី យប់​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១ លោក អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​៖ អំឡុងពេល​បិទ​ខ្ទប់ រាជធានី​ភ្នំពេញ ១៤ ថ្ងៃនេះ រាជរដ្ឋាភិបាល បាន​ទុក​សិទ្ធិ ឲ្យ​ប្រជាពលរដ្ឋ អាច​ដើរទៅ​ផ្សារ ទិញ​ទំនិញ និង​ធ្វើដំណើរ ចេញ​ក្រៅ​បាន ពេល​មានការ​ចាំបាច់​ផ្សេងៗ​។ នេះ​ជា​ចរិត​ទន់ភ្លន់ ដែលជា​ការគិតគូរ របស់​រាជរដ្ឋាភិបាល ចំពោះ​ប្រជាពលរដ្ឋ យ៉ាងច្បាស់​លាស់​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​រំលឹកថា​៖ បើទោះបី​រាជធានី​ភ្នំពេញ ត្រូវបាន​បិទ​ខ្ទប់ Lockdown រយៈពេល ១៤ ថ្ងៃ ហាង​ទំនិញ លក់​ម្ហូបអាហារ ភេសជ្ជៈ និង​របស់របរ​ចាំបាច់ ប្រើប្រាស​ប្រចាំថ្ងៃ​មួយចំនួន នៅតែ​បន្ត​បម្រើ ជូន​ប្រជាពលរដ្ឋ​។ លោក​ក៏​សំណូមពរ ប្រជាពលរដ្ឋ កុំ​មានការ​យល់ច្រឡំ​ថា ហាង​ទាំងអស់ ត្រូវបាន​បិទ ខណៈដែល​ធ្វើ​ឲ្យ មាន​ក្រុម​ឈ្មួញ​ទុច្ចរិត​មួយចំនួន ឆ្លៀត​តម្លើង​ថ្លៃទំនិញ​ទៀត​នោះ​។​

​លោក ឃួ​ង ស្រេង បាន​សុំ​ការយោគយល់ ពី​ប្រជាពលរដ្ឋ អំឡុងពេល​បិទ​ខ្ទប់​នេះ និង​ស្នើសុំ​ឲ្យ​ចូលរួម​ទាំងអស់គ្នា ដើម្បី​កម្ចាត់​កូ​វីដ​១៩​។ លោក​បាន​សង្កត់ធ្ងន់ថា​៖ វិធាន​ការបិទ​ខ្ទប់​នេះ មិនមែន​ធ្វើឡើង ដើម្បី​សម្លាប់​ពលរដ្ឋ​ទេ តែ​ជា​វិធានការ ដើម្បី​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល​។​

​លោក​បាន​បញ្ជាក់ថា​៖ សេចក្តីសម្រេច​របស់ រាជរដ្ឋាភិបាល ធ្វើឡើង​ទាំង​ទើសទាល់​បំផុត ព្រោះ​ដឹងថា បងប្អូន​ប្រជាពលរដ្ឋ ប្រាកដជា មានការ​លំបាក និង​មានការ​ថ្នាំងថ្នាក់ ប៉ុន្តែ​បើ​បងប្អូន ពិចារណា​ឲ្យ​បាន​ដិតដល់ បងប្អូន​នឹងមិន​ថ្នាំងថ្នាក់ ជាមួយ​ឪពុកម្តាយ ដែល​តឹងតែង ជាមួយ​កូន​ទេ​។

​លោក​បាន​បន្តថា​៖ សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​ស្តាប់​ពាក្យ​ចចាមអារ៉ាម បំផ្លើស និង​បំភ័យ​ធ្វើ​ឲ្យ​ឈ្មួញ​ទុច្ចរិត ឆ្លៀតឱកាស តម្លើង​ថ្លៃទំនិញ និង​គ្រឿង​ឧបភោគបរិភោគ​។ ក្នុង​សេចក្តីសម្រេច រាជរដ្ឋាភិបាល បាន​ទុក​ឲ្យ​រោងចក្រ សហគ្រាស ផលិត​គ្រឿង​ឧបភោគបរិភោគ ឲ្យ​ដំណើរការ​នៅ​ដដែល​។

​សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីសម្រេច ពិសេស​បន្ទាន់​មួយ ដោយ​ប្រកា​សបិទ រាជធានី​ភ្នំពេញ ទាំងស្រុង និង​ក្រុង​តាខ្មៅ រយៈពេល ១៤ ថ្ងៃ ចាប់ពី​វេលា​ម៉ោង ០០៖០០ នាទី ឈានចូល​ថ្ងៃទី​១៥ ដល់​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ​២០២១​។ វិធាន​ការបិទ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នេះ ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល ជំងឺ​កូ​វីដ​១៩ ដែល​កំពុងមាន ការកើនឡើង​ខ្លាំង​៕/V​