ដោយ៖ ដេប៉ូ / ភ្នំពេញ៖ រោងចក្រ សហគ្រាស និងសិប្បកម្ម ចំនួន ១១ ប្រភេទ ត្រូវបានអនុញ្ញា ឱ្យបើកដំណើរការ ជាធម្មតា នៅអំឡុងពេលបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ នេះបើតាមការឱ្យដឹង ពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
បើយោងតាមសេចក្តីសម្រេច របស់ក្រសួងការងារ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់ថាៈ សម្រាប់ប្រភេទរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលត្រូវបានអនុញ្ញាត ឱ្យដំណើរការសកម្មភាព អាជីវកម្ម ក្នុងអំឡុងពេល នៃការអនុវត្ត វិធានការបិទខ្ទប់ជា បណ្តោះអាសន្ន នូវភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល មានដូចខាងក្រោម៖
១) ផលិតម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដោយរួមទាំងទីសត្តឃាត ដែលជាតម្រូវការចាំបាច់ ប្រចាំថ្ងៃ។
២)សកម្មភាពការងារ ដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ តាមការកំណត់ របស់ស្ថាប័ននីមួយៗ ជាអាទិ៍ សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី, ទឹកស្អាត, សេវាប្រមូល និងដឹកជញ្ជូនសំរាម- សំណល់រឹង ជាដើម។
៣) រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលដំណើរការតាមរយៈប្រព័ន្ធអនឡាញ។
៤) សេវាកម្មផ្គត់ផ្គង់ទំនិញ ដែលជាតម្រូវការចាំបាច់ ប្រចាំថ្ងៃ ជាអាទិ៍ ហាងលក់ទំនិញ ផ្សារលក់ដុំ ផ្សារ ឬទីតាំងលក់គ្រឿងឧបភោគបរិភោគ ដែលមានសណ្តាប់ធ្នាប់ ផ្សារម៉ាត និងភោជនីយដ្ឋាន-អាហារដ្ឋាន ដែលលក់ជាអាហារវេចខ្ចប់, ស្ថានីយប្រេងឥន្ធនៈ – ហ្គាស។
៥) ការផ្គត់ផ្គង់សេវា ដែលជាតម្រូវការចាំបាច់ ប្រចាំថ្ងៃ ជាអាទិ៍ សេវាសង្គ្រោះបន្ទាន់, សេវាសុខាភិបាល និងឱសថស្ថាន, សេវាប្រៃសណីយ៍ – ទូរគមនាគមន៍, សេវាធនាគារ និងហិរញ្ញវត្ថុ និងសេវាធានារ៉ាប់រង ប៉ុន្តែត្រូវកាត់បន្ថយចំនួន បុគ្គលិកបម្រើការ ឱ្យមកនៅត្រឹមកម្រិតអប្បបរមា។
៦) សេវាកម្មសណ្ឋាគារ និងផ្ទះសំណាក់ ។
៧) សេវាកម្មដឹកជញ្ជូនទំនិញ ចាំបាច់ ដើម្បីបម្រើឱ្យភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់។
៨) សេវាកម្មដឹកជញ្ជូនទំនិញទូទៅចេញ-ចូល ឬឆ្លងកាត់ភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ដើម្បីបម្រើ ឱ្យវិស័យសង្គម – សេដ្ឋកិច្ចនៃប្រទេស។
៩) ការផលិតសម្ភារបរិក្ខារពេទ្យ និងថ្នាំពេទ្យ។
១០) ការដ្ឋានសំណង់ដែលមានកន្លែងស្នាក់នៅជាប់ការដ្ឋានសំណង់ ។
១១) សកម្មភាពការងារ មុខរបរ ឬអាជីវកម្មចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាត ពីអាជ្ញាធរមាន សមត្ថកិច្ច។
ក្នុងសេចក្តីសម្រេចខាងលើនេះ ក្រសួងការងារ បានបញ្ជាក់ពីការអនុញ្ញាត ឱ្យបុគ្គលិកផ្នែកសន្តិសុខ, រដ្ឋបាល, ហិរញ្ញវត្ថុ, ផ្គត់ផ្គង់ និងដឹកជញ្ជូន នៃរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលត្រូវបានឱ្យផ្អាក ដំណើរការអាជីវកម្ម ចំនួនមិនលើសពី ២៥ នាក់ ក្នុងមួយរោងចក្រ សហគ្រាស មកបំពេញការងារ ជាធម្មតា ដើម្បីធានាសេវាអប្បបរមា និងគ្រប់គ្រងសន្និធិទំនិញ និងផលិតផល របស់ខ្លួន។
ក្រៅពីនេះ សម្រាប់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលត្រូវបានអនុញ្ញាត ដូចបានរៀបរាប់ខាងលើ បុគ្គល គ្រប់រូប មានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាលរួមមានការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងត្រូវប្រកាន់ខ្ជាប់ នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធនឹងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕/V
សូមមើលសេចក្តីសម្រេច ខាងក្រោម៖