ដោយ:ដេប៉ូ/ភ្នំពេញ:បន្ទាប់ពីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញ្ញាតឱ្យ រោងចក្រ សហគ្រាស និងសិប្បកម្ម ចំនួន១១ ប្រភេទ អាចបើកដំណើរការ ជាធម្មតា នៅអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅមកនោះ នាពេលនេះក្រសួងការងារស្នើសុំ ឱ្យមានលិខិតអនុញ្ញាតចេញ-ចូល”ជាបណ្តោះអាសន្នសិន។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ប្រាប់ដល់ម្ចាស់និងអ្នកគ្រប់គ្រង រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ជាបណ្តោះអាសន្ន នៅភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល
កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដើម្បីទទួលបាននូវ “លិខិតអនុញ្ញាតចេញ-ចូល” ចាំបាច់ត្រូវអនុវត្តនូវលក្ខខណ្ឌដូចខាងក្រោម៖

១. ត្រូវយកឯកសារបើកសហគ្រាស និងបញ្ជីឈ្មោះកម្មករនិយោជិត និងបុគ្គលិក ដែលត្រូវធ្វើដំណើរមកបំពេញ ការងារក្នុងអំឡុងពេលបិទខ្ទប់។

២. ត្រូវចាត់តំណាង១រូប មកស្នើសុំនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់រោងចក្រ សហគ្រាស សិប្បកម្មនៅរាជធានីភ្នំពេញ និងមកស្នើសុំនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល សម្រាប់រោងចក្រ សហគ្រាស សិប្បកម្មនៅក្រុងតាខ្មៅ។

បន្ថែមលើ “លិខិតអនុញ្ញាតចេញ-ចូល” នេះ លោក លោកស្រី ព្រមទាំងកម្មករ និយោជិត និងបុគ្គលិក ត្រូវយក តាមខ្លួនផងដែរនូវបណ្ណការងារ ឬបណ្ណបុគ្គលិក និងអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ ដើម្បីបង្ហាញជូនសមត្ថកិច្ច។

ជនទាំងឡាយណាដែលក្លែង “លិខិត អនុញ្ញាតចេញ-ចូល“ ឬប្រើលិខិតនេះ ខុសពីគោលបំណងដើមត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់ជាធរមាន។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖
– 012 436 143/098 700 542 សម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម នៅរាជធានីភ្នំពេញ – 015 292 929 /012 687 853 សម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម នៅក្រុងតាខ្មៅនៃខេត្តកណ្តាល
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីជាម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងសិប្បកម្ម ជ្រាបជាព័ត៌មាន និងមកចុះឈ្មោះស្នើសុំលិខិតអនុញ្ញាតចេញ-ចូលនេះតាមទីតាំងដែលបានកំណត់ និងតាមការចាំបាច់៕srn