ប្រែសម្រួលៈវាសនា/បាងកក៖ថៃកាលពីថ្ងៃ១៥មេសាបានរាយការណ៍អំពីការឆ្លងកូវីដ១៩ថ្មីចំនួន១.៥៤៣នាក់ ដែលជាកំណើននៃការឆ្លងយ៉ាងគំហុកបំផុតចាប់តាំងពីជំងឺឆ្លងនេះបានចាប់ផ្តើមបង្ហាញវត្តមានរបស់វានៅក្នុងព្រះរាជាណាចក្រនេះ។ការឆ្លងខ្ពស់បំផុតសំរាប់ការផ្ទុះកូវីដ១៩នៅរលកទី៤នាពេលនេះ បណ្តាលអោយអាជ្ញាធរត្រៀមរឹតត្បិតការជួបជុំនិងចរាចរណ៍មនុស្សសាជាថ្មីរួមមានការបិទសាលារៀននិងក្លិបកម្សាន្ត។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីសុខាភិបាលបាននិយាយថា រដ្ឋាភិបាលមានជំនឿថានឹងអាចគ្រប់គ្រងវិបត្តិកូវីដ១៩បច្ចុប្បន្នេះបានដោយមិនចាំបាច់បិទខ្ទប់ទូទាំងប្រទេសទេ។
ថៃតាំងពីមុនមកបានចាត់ចែងបានល្អក្នុងការទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាមកពីប្រទេសផ្សេងៗ តែការផ្ទុះជំងឺថ្មីនេះបានកើតឡើងនៅពេលមនុស្សជាច្រើនធ្វើដំណើរក្នុងអំឡុងពេលចូលឆ្នាំសង្ក្រាន្តថ្មី និងការចាក់សាំងបង្ការវីរុសកូរ៉ូណានៅមានកំរិតទាបនៅឡើយ។
នៅពេលត្រូវបានសួរថាតើនឹងមានការបិទខ្ទប់( lockdowns)ឡើងវិញទេ មន្ត្រីសុខាភិបាលលោក ឆាវេតសាន ណាមវ៉ាត បាននិយាយថាវិធានការត្រូវបានបង្កើតឡើងផ្អែកតាមចំនួនឆ្លងនៅតំបន់មួយៗ។
រដ្ឋមន្ត្រីសុខាភិបាល លោកអនុទីន ឆានវីរ៉ាក់គុលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការរួមមានការបិទទីតាំងកម្សាន្តសប្បាយ ក្លិប បារ និងកន្លែងម៉ាស្សា ព្រមទាំងសាលារៀននៅទូទាំងប្រទេសយ៉ាងហោចណាស់២សប្តាហ៍។សកម្មភាពពាក់ព័ន្ធមនុស្ស៥០នាក់ឡើងក៏នឹងត្រូវហាមឃាត់ ហើយខេត្តចំនួន១៨ រួមមានក្រុងបាងកកត្រូវបានចាត់ថ្នាក់ជាតំបន់ក្រហម(ឆ្លងខ្លាំង) និង៥៩ខេត្តទៀតនៅពណ៌លឿងនៅឡើយ។
ភោជ្ជនីយដ្ឋាននឹងមិនអនុញ្ញាតអោយលក់គ្រឿងស្រវឹងទេនៅតំបន់ក្រហមនិងត្រូវបិទនៅម៉ោង៩យប់។
អាជ្ញាធរក៏បានអំពាវនាវអោយប្រជាជនកំហិតការធ្វើដំណើរនិងចាប់ផ្តើមធ្វើការចេញពីផ្ទះ។បណ្តាហាងនិងផ្សារលក់ដូរក៏នឹងត្រូវបិទនៅម៉ោង៩យប់ ។
សូមបញ្ជាក់ថា ការបិទខ្ទប់ធំនៅថៃដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ គឺត្រូវបានធ្វើឡើងនៅចុងខែមីនាឆ្នាំមុនហើយបំរាមគោរចរត្រូវបានដាក់ប្រើនៅខែមេសាក្នុងឆ្នាំដដែលមុនបន្ធូរបន្ថយមកវិញក្រោយទប់ស្កាត់វីរុសបានគួរសម។
ក្នុងចំណោមអ្នកឆ្លងថ្មីកាលពីថ្ងៃព្រហស្បតិ៍ មាន៤០៩នាក់នៅក្រុងបាងកក ដែលជាមជ្ឈមណ្ឌលផ្ទុះកូវីដ១៩បច្ចុប្បន្ននៅថៃ។
ចំនួនឆ្លងថ្មីនេះធ្វើអោយថៃមានអ្នកឆ្លងសរុប ៣៧.៤៥៣នាក់ និង៩៧នាក់ស្លាប់៕
រដ្ឋមន្ត្រីសុខាភិបាល លោកអនុទីន ឆានវីរ៉ាក់គុល អះអាងថា អាជ្ញាធរអាចគ្រប់គ្រងវិបត្តិកូវីដ១៩បាន និងមិនចាំបាច់បិទខ្ទប់មួយប្រទេសទេ