​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ បារាំង​បាន​ក្លាយជា​ប្រទេស​ទី​បី​នៅ​អឺរ៉ុប​បន្ទាប់​ពី​ចក្រភព​អង់គ្លេស​និង​អ៊ីតាលី​ដែល​ឈាន​ដល់​ចំណុច​សំខាន់​ដែល​គេ​មិន​ចង់បាន​នៃ​ការស្លាប់​ដែល​ទាក់ទង​នឹង​កូវី​ដ​១៩ គឺ​ខ្ទង់ ១០០.០០០ នាក់ ខណៈ​ការឆ្លង​និង​ការស្លាប់​ថ្មីៗ​បាន​កើនឡើង​ដោយសារ​តែ​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​។​

​ប្រទេស​ដែល​មាន​ប្រជាជន​ចំនួន ៦៧ លាន​នាក់​នេះ​គឺជា​ប្រទេស​ទី ៨ នៅលើ​ពិភពលោក​ដែល​បាន​ឈាន​ដល់​ការស្លាប់​ខ្ទង់សែន​នាក់ បន្ទាប់​ពី​មន្ទីរពេទ្យ​ពេញ​ហៀរ​ពេញ​មួយឆ្នាំ ការបិទ​ប្រទេស​ចុះឡើង​​ៗ​ដើម្បី​ទប់ស្កាត់​វីរុស​កូរ៉ូណា និង​ការខាតបង់​ផ្ទាល់​ខ្លួន​យ៉ាងច្រើន​អនេក ដែល​បណ្តា​ឱ្យ​ក្រុមគ្រួសារ​នៅ​ទូទាំង​ប្រទេស​មាន​ការ​សោកសៅ​ដោយសារ​តែ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​នេះ​។​

​បារាំង​បាន​បន្ថែម​ការស្លាប់​ថ្មី​ចំនួន ៣០០ នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​មេសា​លើ​ចំនួន​ស្លាប់​សរុប​ពីមុន ៩៩.៧៧៧ នាក់ ដែលនាំឱ្យ​ការស្លាប់​សរុប​កើនឡើង​ដល់ ១០០.០៧៧ នាក់​។​

​លោក លី​អូ​នែ​ល ប៉េ​ទី​តផាស់ ជា​ប្រធាន​ក្រុម​ជនរងគ្រោះ​នៃ​កូវី​ដ​១៩ បាន​និយាយថា ចំនួន​ស្លាប់​នេះ​គឺជា “​ទំហំ​ដ៏​សំខាន់​មួយ​”​។​

​បន្ទាប់​ពី​មនុស្ស​រាប់ពាន់​នាក់​បាន​ស៊ាំ​នឹង​មេរោគ​នេះ តួលេខ​បែបនេះ “​កំពុង​ធ្វើ​ឱ្យ​មនុស្ស​ប្រេះឆា​ក្នុង​ចិត្ត​”​។​

​លោក​បាន​បន្តថា “​ចំនួន​នេះ​គឺជា​តួលេខ​ដែល​យើង​គិត​ថា​មិន​អាច​ទៅរួច​ទេ​”​។​

​លោកប៉េ​ទី​តផាស់ ដែល​បាត់បង់​ប្រពន្ធ​របស់​គាត់​ឈ្មោះ ចូល​ឡេ កាលពី​ថ្ងៃទី ២៩ ខែ​មីនា​ឆ្នាំ​មុន បាន​និយាយថា​”​ក្រុមគ្រួសារ​ជនរងគ្រោះ​ចង់ឱ្យ​រដ្ឋាភិបាល​ធ្វើ​កាយវិការ​ជា​សមូហភាព​ដើម្បី​ទទួល​​ស្គាល់​ការបាត់បង់​រួម​របស់​យើង​”​។​

​ប្រធានាធិបតី​បារាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​ប្រាប់​កាសែត Le Parisien ថា លោក​គិតគូរ​អំពី​មនុស្ស​ទាំងអស់​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​និង​គ្រួសារ​របស់​ពួកគេ​។​

​លោក​ម៉ា​ក្រុង​និយាយថា “​ជំងឺ​រាតត្បាត​នេះ​ពិតជា​សាហាវ​ណាស់​ចំពោះ​បុគ្គល ដែល​ពេល​ខ្លះ​មិន​អាច​កំដរ​បានទេ​ក្នុងអំឡុង​វេលា​ដង្ហើមចុងក្រោយ​និង​ពេល​ស្លាប់​របស់​ឪពុក ម្តាយ មនុស្ស​ជា​ទីស្រឡាញ់ និង មិត្តភក្តិ​។ ប៉ុន្តែ​វិបត្តិ​នេះ​ក៏​បង្ហាញ​ផង​ដែរ​នូវ​សមត្ថភាព​របស់​ប្រជាជន​បារាំង​ក្នុង​ការរួបរួម​គ្នា​”៕

​ចំនួន​អ្នក​ស្លាប់​សរុប​ដោយកូវី​ដ​១៩​នៅ​បារាំង​បាន​កើនឡើង​ដល់ ១០០.០៧៧ នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍