ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនអាជីវករ រកស៊ីលក់ដូរគ្រឿងហូបចុក ត្រី សាច់ ជាដើម ដែលបានចូលរួមជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ដោយមិនតំឡើង ថ្លៃម្ហូបអាហារ ក្នុងអំឡុងពេល នៃការបិទខ្ទប់ រាជធានីភ្នំពេញ ១៤ ថ្ងៃ ដើម្បីទប់ស្កាត់ ការរីករាលដាល ជម្ងឺកូវីដ-១៩ នេះ។

ការថ្លែងនូវការអរគុណបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃទី១៦ ខែមេសានេះ ក្រោយពីលោក បានធ្វើការអំពាវនាវ ឱ្យបងប្អូនអាជីវករ ចូលរួមសហការ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណារក្សាឲ្យបាន មិនឲ្យទំនិញ ដែលជាគ្រឿងហូបចុក ឡើងថ្លៃខ្ពស់ គ្មានហេតុផលនោះ ហើយក្រោយពីមាន ការអំពាវនេះ ឃើញថា បងប្អូនអាជីវករ បានចូលរួមយ៉ាងសកម្ម ដើម្បីធ្វើយ៉ាងណា រួមគ្នាទប់ស្កាត់ ឲ្យបាននូវ ការរីករាលដាល ជំងឺកូវី-១៩ ហើយសម្មភាពនេះក៏ជាការជួយទៅដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រជួបការលំបាកផងដែរ។

គួរបញ្ជាក់ថា៖ ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីរាត្រីថ្ងៃទី១៥ ខែមេសា នេះ នៅសាលារាជធានីភ្នំពេញ 

លោកឃួង ស្រេង បានអំពាវនាវ ឲ្យបងប្អូនអាជីវករទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ត្រូវចូលរួមសហការ ជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ នូវការរីករាលដាល នៃជំងឺកូវីដ-១៩ និងកុំឡើងថ្លៃទំនិញ គ្មានហេតុផល ដែលធ្វើឱ្យប៉ះពាល់ ទៅដល់ជីវភាព របស់បងប្អូនប្រជាពលរដ្ឋ។ 

ចំពោះអាជីវករដែល បានដំឡើងថ្លៃទំនិញ គ្មានហេតុផលនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏និងមានវិធានការ រដ្ឋបាលផងដែរ ៕/V-PC