ដោយៈសុផល / ភ្នំពេញ៖ ស្របពេលដែលប្រជាពលរដ្ឋ កំពុងព្រួយបារម្ភ ក្នុងការធ្វើដំណើរ ទៅចាក់វ៉ាក់សាំងលើកទី២ ដោយសារការបិទខ្ទប់ (Lockdown) ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅនោះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ លោក គីម សន្តិភាព បានឱ្យដឹងថា៖ «ប័ណ្ណចាក់វ៉ាក់សាំង ប្រើប្រាស់ជាឯកសារសំខាន់ សម្រាប់អ្នកដែលត្រូវចេញទៅ ទទួលចាក់វ៉ាក់សាំង លើកទី២»។

តែលោកបានបញ្ជាក់ថា៖ ដោយឡែក សម្រាប់អ្នកដែលទទួល ការចាក់វ៉ាក់សាំង ទាំងពីរ លើករួចហើយនោះ គឺពុំអាចប្រើប្រាស់ប័ណ្ណនេះ ជាមូលហេតុ នៃការធ្វើដំណើរក្នុង ឬចេញចូលតំបន់ បិទខ្ទប់បានឡើយ លើកលែងតែ មានការជូនដំណឹង ពីក្រសួងសុខាភិបាល ក្នុងការផ្តល់លក្ខខណ្ឌ អនុគ្រោះនេះ នាពេលណាមួយ។

សូមរម្លឹកថា៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ពិសេស បន្ទាន់ មួយ ដោយប្រកាសបិទខ្ទប់ រាជធានីភ្នំពេញ ទាំងស្រុង និងក្រុងតាខ្មៅ រយៈពេល ១៤ ថ្ងៃ ចាប់ពីវេលា ម៉ោង ០០:០០ នាទី ឈានចូល ថ្ងៃទី ១៥ ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១ ក្នុងគោលបំណងធានា ដល់ប្រសិទ្ធភាព នៃការគ្រប់គ្រង ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ នៅក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល និងទប់ស្កាត់ជំងឺ នេះ មិនឲ្យឆ្លងរាលដាល ទៅតំបន់ផ្សេងទៀត ៕/V-PC