Home ព័ត៌មានសំខាន់ៗ ការចងចាំ​របស់...

ការចងចាំ​របស់​កង​ទ័ព​ខ្មែរក្រហម​នៅ​ថ្ងៃ ១៧ មេសា ឆ្នាំ​១៩៧៥

ដោយៈឡុង ដា​នីៈ នាយក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​/​ភ្នំពេញៈ​កាលពី​៤៦​ឆ្នាំមុន គឺ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរក្រហម​បាន​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​។ បន្ទាប់ពី​ការចូល​ដល់ទី​ក្រុងភ្នំពេញ​បាន​ប្រមាណ​ជា​៣​ទៅ​៤​ម៉ោង មេដឹកនាំ​ខ្មែរក្រហម បាន​បញ្ជា​កងទ័ព​ឲ្យ​ចាប់ផ្តើម​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ទីក្រុង​ភ្នំពេញ ទៅធ្វើ​ការងារ​ពលកម្ម​ដ៏​លំបាក​វេទនា​នៅតាម​វាលស្រែ​នៃ​តំបន់​ជនបទ​ដាច់ស្រយាល​នៃ​ប្រទេស​កម្ពុជា​។

កង​យោធា​ខ្មែរក្រហម​ចូលក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​កងទ័ព​ខ្មែរក្រហម​បាន​យក​លេស​ដើម្បី​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ​ថា​សហរដ្ឋអាមេរិក​នឹង​មក​ទម្លាក់​គ្រាប់​នៅ ទីក្រុង​ភ្នំពេញ ប្រជាជន​ត្រូវ​ជម្លៀស​ចេញពី​ទីក្រុង​ភ្នំពេញ​តែ​រយៈពេល​២​ទៅ​៣​ថ្ងៃ​នឹង​បាន​វិល​ត្រឡប់មកផ្ទះ​វិញ​ហើយ ដូច្នេះ​ប្រជាជន​មិនចាំបាច់​ចាក់សោ​ផ្ទះ​ទេ​។​ប៉ុន្តែ​ការពិត​ខ្មែរក្រហម​មិនបាន​អនុញាត​ឲ្យ​ប្រជាជន​ត្រឡប់មកផ្ទះ​វិញ​ពេញ​មួយ​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​។ បន្ទាប់ពី​ដួលរលំ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ប្រជាជន​ជម្លៀស​ច្រើន​លើសលប់​បាន​ស្លាប់​ដោយ សារ​ការសម្លាប់ ការធ្វើការងារ​ហួសកម្លាំង និង​ការ​អត់​អាហារ​។​

​អតីត​កងទ័ព​ខ្មែរក្រហម​ចំនួន​៣​រូប ដែល​បាន​ចូលមក​ដល់ទី​ក្រុងភ្នំពេញ​នៅ​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥​បាន​រំលឹក ឡើងវិញ​នូវ​អ្វីដែល​បានកើត​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​កាល​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ ដូចខាងក្រោម​៖

ញឹម សឿន កងទ័ព​កងពល​ទី​២ ភូមិភាគ​ឧ​ត្ត​រ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ​យ្យ (១៩៧៥-១៩៧៩)​។​
(​ឡុង ដា​នី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ញឹម​សឿន​អតីត​កងទ័ព​កងពល​ទី​២​ភូមិភាគ​ឧ​ត្ត​របា​ន​រៀបរាប់ថា​ខ្ញុំ​បាន​ចូលមក​ដល់ទី​ក្រុងភ្នំពេញ​តាម​ព្រែក​ក្តាម​មក​ច្រាំង​ចំរេះ និង​បន្ត​មកឈរ​ជើង​នៅ​ម្តុំ​ស្ពាន​ជ្រោយចង្វារ​ក្បែរ​ស្ថានទូត​បារាំង​។ ពេលនោះ​ខ្ញុំ​បាន​ចូលរួម​ក្នុងការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ​ខ្ញុំ​សង្កេតឃើញ​ប្រជាជន​ភាគច្រើន​មាន​ទឹកមុខ​ស្រងូតស្រងាត់ ប្រជាជន​ខ្លះ​នៅ​ស្តាយ​ផ្ទះសម្បែង និង​ប្រជាជន​ខ្លះទៀត​មានការ​ភ័យខ្លាច​។ នៅពេល​ជម្លៀស​មាន​ប្រជាជន​ច្រើន​លើ​លប់​ធ្វើដំណើរ​ពេញ​ដងផ្លូវ​ទាំងអស់ និង​មាន​ប្រជាជន​ខ្លះ​បាន​ស្លាប់​នៅតាម​ផ្លូវ​។ នៅមុខ​ព្រួញ​របស់ខ្ញុំ​ប្រជាជន​ទាំងអស់​ត្រូវ​ជម្លៀសចេញ​ពី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​៥​ដោយ​ប្រជាជន​ភាគច្រើន​មានតែ​បង្វិចខោអាវ​និង​របស់របរ​ហូបចុក​បន្តិចបន្តួច​។​កងទ័ព​ខ្មែរក្រហម​បាន​ដកហូតយក​ឡាន​ម៉ូតូ​មិន​ឲ្យ​ប្រជាជន​យកទៅ​ជាមួយ​ឡើយ​។ ចំណែក​មេទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ អ្នកសិល្បៈ និង​អ្នកចំរៀង ត្រូវបាន​ចាប់ខ្លួន​ប្រសិនបើ​កងទ័ព ខ្មែរក្រហម​បាន​ស្គាល់​អត្តសញ្ញាណ​។ នៅ​ខណៈពេល​កំពុង​ជម្លៀស​ប្រជាជន​នោះ កងទ័ព​ខ្មែរក្រហម​ក៏បាន​ដើរ​តាម​ផ្ទះ​ប្រជាជន​បើ​ប្រជាជន​ណា​រឹងទទឹង​មិន​ព្រម​ចាក​ចេញពីផ្ទះ​ប្រជាជន​នោះ​នឹងត្រូវ​បាញ់សម្លាប់​តែម្តង​។ ប្រជាជន​មួយចំនួន​ពេល​បានឃើញ​កងទ័ព​ខ្មែរក្រហម​បាញ់សម្លាប់​ប្រជាជន​ដូច្នេះ​មានការ​ភ័យខ្លាច និង​បាន​ចាក់​ចេញពី​ផ្ទះសម្បែង​។ នៅពេលនោះ​កងទ័ព​មាន​តួនាទី​ហាមឃាត់​ប្រជាជន​មិន​ឲ្យ​យក​ឡាន ម៉ូតូ​ទៅជា​មួយ គឺ​យកតែ​របស់របរ​ណា​ស្រាលៗ​តាម​ខ្លួន​តែប៉ុណ្ណោះ​។ ការជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ គឺមាន​រយៈពេល​ប្រហែល​៧​ទៅ​៨​ថ្ងៃ​ទើប​ស្ងាត់​ពី​ទីក្រុង​ភ្នំពេញ​។​

​នៅ​អំឡុងពេល​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ​នោះ ឡុង បូ​រ៉េត ដែលជា​អតីត​នាយករដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​បាន​ជិះ​ឧទ្ធម្ភាគចក្រ​ត្រឡប់មក​ចុះចត​នៅ​ស្តា​ត​ចាស់​ក្បែរ​ស្ថានទូត​បារាំង​។ នៅ​ខណៈ​ពេលនោះ​កងទ័ព​ខ្មែរក្រហម​បាន​ឡោមព័ទ្ធ​ជុំវិញ​ឧទ្ធម្ភាគចក្រ និង​ចាប់ខ្លួន ឡុង បូ​រ៉េត នៅពេលនោះ​តែម្តង​។ ផ្ទះ ឡុង បូ​រ៉េត ស្ថិតនៅ​ទល់មុខ​នឹង​ស្ថានទូត​បារាំង​។ នៅពេល​ប្រជុំ​ប្រធាន​កងពល​ទី​២​ឈ្មោះ សួង បាន​និយាយថា ឡុង បូ​រ៉េត ជិះ​ឧទ្ធម្ភាគចក្រ​ត្រឡប់មកវិញ​នេះ គឺ​ដើម្បី​រៀបចំ​ផែនការ​វាយបក​មកលើ​កងទ័ព​ខ្មែរក្រហម​វិញ​។ បន្ទាប់មក ឡុង បូ​រ៉េត រួមជាមួយ​មេដឹកនាំ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​មួយចំនួនទៀត​ត្រូវបាន​កងទ័ព​ខ្មែរក្រហម​យកទៅ​សម្លាប់​នៅតាម​ផ្លូវ​ចូល​ពី​វត្ត​សំរោង​ទៅខាង​ភ្នំ​បា​សិទ្ធ​។​

ចិន បឿន អតីត​កងទ័ព​នៃ​កងពល​១៤ ភូមិភាគ​ពិសេស ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ​យ្យ (១៩៧៥-១៩៧៩)​។​(​ឡុង ដា​នី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ចិន បឿន បាន​រំឭកថា ខ្ញុំ​ជា​អតីត​កងទ័ព​នៃ​កងពល​១៤ ភូមិភាគ​ពិសេស ប្រធាន និង​អនុប្រធាន​កងពល​១៤ មានឈ្មោះ សូ សារឿន និង មា​ច សាន​។ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរក្រហម​ក៏​ទទួលបាន​ជ័យជម្នះ​លើ​របប​សាធារណរដ្ឋ​ខ្មែរ​។ នៅ​ខណៈ​ពេលនោះ​ខ្ញុំ​បាន​ចូលមក​ទីក្រុង​ភ្នំពេញ​តាម​ពោធិ៍ចិនតុង​រហូតដល់​ផ្លូវ​កម្ពុជា​ក្រោម​តាម​ពេទ្យ​លោកសង្ឃ និង​បាន​ស្នាក់នៅ​ម្ដុំ​សាលារៀន​សន្ធរម៉ុក​។ នៅពេល​ចូលដល់​ភ្នំពេញ​ភ្លាម​ប្រធាន និង​អនុប្រធាន​កងពល​រប​ស់​ពួក​ខ្ញុំ​បាន​ទៅ​ប្រជុំ​ជាមួយ​ថ្នាក់លើ​។ បន្ទាប់ពី​ត្រឡប់​មកពី​ប្រជុំ​វិញ ស្រាប់​តែមាន​ផែនការ​ឲ្យ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​ទីក្រុង​ភ្នំពេញ​។ រូបខ្ញុំ​ដែលជា​ពេទ្យ​យោធា ត្រូវបាន​មេបញ្ជាការ​ចាត់តាំង​ឲ្យ​នៅ​ប្រចាំការ​នៅ​អង្គភាព និង​ជួយ​រៀបចំផ្ទះ​សម្បែង​។ ខ្ញុំ​ឃើញ​ប្រជាពលរដ្ឋ​បាន​ចាក​ចេញពីផ្ទះ​មក​តាមផ្លូវ​យ៉ាងច្រើន​កុះករ​ប្រហែល​រយៈពេល​១០​ថ្ងៃ​ទើប​ចេញ​អស់ និង​ស្ងាត់​ទីក្រុង​ភ្នំពេញ​តែម្តង​។ ខ្ញុំ​បានឃើញ​មាន​ទាំង​ទាហាន​, មន្ត្រី​រដ្ឋការ និង​ប្រជាជន​ធ្វើដំណើរ​តាមផ្លូវ​កម្ពុជា​ក្រោម​ឆ្ពោះ​ទៅខាង​ពោធិ៍ចិនតុង ដែលមាន​បង្វេចខោអាវ និង​របស់របរ​បន្តិច​បន្តួច​ជាប់​នឹង​ខ្លួន​ប្រកបដោយ​មុខទឹក​ភ័យខ្លាច និង​ព្រួយបារម្ភ​។ បន្ទាប់មក​ប្រធាន​កងពល​ឈ្មោះ សូ សារឿន បាន​បញ្ជា​ពួក​ខ្ញុំ​ឲ្យ​ដើរ​រើរ​តាម​ផ្ទះ​ប្រជាជន​យក​របស់របរ ដូចជា ទូរ​ទឹកកក​, ម៉ាស៊ីនដេរ​, កង្ហា មក​ទុក​ម្ដុំ​។ ក្រោយមក​អង្គភាព​របស់ខ្ញុំ​ត្រូវបាន​ផ្លាស់​ឲ្យ​ទៅធ្វើ​ស្រែ​នៅ​ឃ្មួញ​។ ចាប់តាំងពី​ពេលនោះ​មក​ខ្ញុំ​បាន​ចូលមក​ទីក្រុង​ភ្នំពេញ​តែម្ដង​ម្កាល​ដើម្បី​បើក​ថ្នាំពេទ្យ​តែប៉ុណ្ណោះ​។​
​សេន យេន អតីត​កងទ័ព​ក្នុង​កង​ពិសេស​៨០៨​នៃ​កងពល​ទី​១ ភូមិភាគ​ឧ​ត្ត​រ បាន​រៀបរាប់​បន្តថា ខ្ញុំ​បាន​ចូលដល់​ទីក្រុង​ភ្នំពេញ​បន្ទាប់ពី​កងទ័ព​ខ្មែរក្រហម​ទទួល​ជ័យជម្នះ​បាន​មួយថ្ងៃ​។ ខ្ញុំ​បានជា​សះស្បើយ​ពីរ​បួស​ជើង និង​បាន​ជិះឡាន​ពី​មន្ទីរពេទ្យ​នៅ​ចំការអណ្តូង​ស្រុក​ចំការលើ​ចូលមក​ភ្នំពេញ​តាម​ព្រែក​ព្នៅ​។ នៅពេលនោះ​ខ្ញុំ​បានឃើញ​ប្រជាជន​ដើរចេញ​ពី​ទីក្រុង​ភ្នំពេញ​តាម​មុខសញ្ញា​ផ្លូវជាតិ​លេខ​៥​យ៉ាងច្រើន​កុះករ​។ ប្រជាជន​ខ្លះ​វង្វេង​បាត់​កូន បាត់​ប្តី និង​ខ្លះ​មានតែ​បង្វិចខោអាវ​បន្តិចបន្តួច​ប៉ុណ្ណោះ​។
​ពេល​ខ្ញុំ​បាន​មកដល់​អង្គភាព​នៅ​ជិត​ពេទ្យ​កាល់​ម៉ែត្រ​ខ្មែរក្រហម​ចាប់ផ្តើម​ធ្វើការ​ឃោសនា​តាម​ឧ​គ្ឃោ​សន​សព្ទ​ឲ្យ​អតីតមន្ត្រី​រដ្ឋការ និង​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ដែលមាន​ឋានន្តរ​ស​ក្កិ​ចាប់​ពីស​ក្កិ​បី​ឡើងទៅ​ចុះឈ្មោះ​ដើម្បី​បាន​ចូលធ្វើ​ការងារ​ដូចដើម​វិញ​។ តាម​ការពិត​ខ្មែរក្រហម​ចង់​ប្រមូលយក​មន្ត្រី​រដ្ឋការ និង​ទាហាន​ទាំងនោះ​ទៅ​សម្លាប់ចោល​តែប៉ុណ្ណោះ​។ បន្ទាប់ពី​ខ្មែរក្រហម​ជម្លៀស​ប្រជាជន​ស្ងាត់​ពី​ទីក្រុង​ភ្នំពេញ ខ្មែរក្រហម​បាន​ចាត់តាំង​ឲ្យ​អង្គភាព​ពិសេស​៨០៨​នៃ​កង​ពក​ទី​១​យក​មន្ត្រី​រដ្ឋការ និង​ទាហាន​ដែល​បាន​ចុះឈ្មោះ​ទាំងអស់នោះ​ទៅ​សម្លាប់​នៅក្បែរ​អង់​តែ​ន​ទូរទស្សន៍​ទួលគោក​។ នៅពេលនោះ​ខ្មែរក្រហម​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ជីករណ្តៅ ហើយ​កងទ័ព​ផ្សេងៗ​ទៀត​ជា​អ្នកយក​មន្ត្រី​រដ្ឋការ និង​ទាហាន​មក​វាយ​ទម្លាក់​ក្នុង​រណ្តៅ​ដោយ​ដែក​ស​សៃ​រ​ទំហំ​ប៉ុន​មេជើង​។

កង​យោធា​ខ្មែរក្រហម​ចូលក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
​កា​រសម្លាប់​មន្ត្រី​រដ្ឋការ និង​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​មាន​រយៈពេល​ប្រហែល​១០​ថ្ងៃ​។ ចំណែក​សាកសព​រាប់រ​យ​នាក់​ត្រូវបាន​កប់​នៅ​បរិវេណ​ក្បែរៗ​អង់​តែ​ន​ទូរទស្សន៍​ទួលគោក ជិត​ដើមត្នោត និង​តាម​អណ្តូង​នានា​នៅក្នុង​វត្ត​ញាណ​រង្សី​ដែល​ស្ថិត​ប៉ែក​ខាង​អង់​តែ​ន​ទូរទស្សន៍​ទួលគោក​។ បន្ទាប់មក​កង​ពិសេស​៨០៨​នៃ​កងពល​ទី​១​ត្រូវបាន​ខ្មែរក្រហម​បញ្ជូនទៅ​ធ្វើជា​កម្មករ​នៅ​កំពង់ផែ​កំពង់សោម​។​
​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​រកឃើញថា នៅ​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​ជម្លៀស​បង្ខំ​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ​យ៉ាងហោចណាស់​ចំនួន​ប្រហែល​២​លាន​នាក់​រួមមាន បុរស ស្ត្រី មនុស្ស​ចាស់ ក្មេង ព្រះសង្ឃ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អ្នកជំងឺ អ្នករបួស ស្ត្រី​ទើប​សម្រាលកូន​។ ប្រជាជន​ទាំងនោះ​មិន​ត្រូវបាន​ខ្មែរក្រហម​ផ្តល់​កន្លែង​ស្នាក់ និង​ស្បៀងអាហារ​ហូបចុក​គ្រប់គ្រាន់ ដែលជា​ហេតុ​នាំ​ឲ្យ​មានការ​លំបាក​វេទនា និង​ស្លាប់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ តាម​ការប៉ាន់ប្រមាណ មាន​ប្រជាជន​ចំនួន​ចន្លោះ​ពី​២​ពាន់ ទៅ​២​ម៉ឺន​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​អំឡុងពេល​បង្ខំ​ឲ្យ​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ និង​ការធ្វើដំណើរ​តាមផ្លូវ​ទៅកាន់​ទីជនបទ​នានា​។
​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​រួមមាន នួន ជា និង ខៀវ សំផន ត្រូវ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​រកឃើញថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដូចជា បទ​មនុស្សឃាត បទ​ធ្វើទុក្ខបុកម្នេញ​ដោយ​មូលហេតុ​នយោបាយ​រួមទាំង​អំពើ​អមនុស្សធម៌​ផ្សេងៗ​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥​។ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នួន ជា និង ខៀវ សំផន ត្រូវបាន​អង្គជំនុំជម្រះ​តុលាការ​កំពូល​បានសម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​៕សរន

កង​យោធា​ខ្មែរក្រហម​ចូលក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


កង​យោធា​ខ្មែរក្រហម​ចូលក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​​​ឯកសារ​កម្ពុជា​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular