ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោកគឹមសន្តិភាព រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យ ក្រសួងយុត្តិធម៌ បានបញ្ជាក់ នៅថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២១នេះ ឱ្យដឹងថា សាលសវនាការរបស់ សាលាដំបូងរាជធានី ខេត្ត សម្រាប់កាត់ក្តី ត្រូវបានត្រៀមរួចរាល់អស់ហើយ សម្រាប់កាត់ក្តី ក្នុងករណីអ្នកបំពានវិធានការរដ្ឋបាល និងសុខាភិបាល ក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា កាលពីកន្លងមកនេះ ក្រសួងយុត្តិធម៌ បានបង្ហាញពីវិធានការទណ្ឌកម្ម ចំពោះការមិនគោរពវិធានការ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលក្នុងនេះ មានទាំងការផ្តន្ទាទោស ជាពិន័យប្រាក់កាស និងទោសដាក់ពន្ធនាគារផងដែរ។
ចំពោះបទល្មើសទាំងនេះ មានដូចជាបទគេចវេះ ពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែង ធ្វើចត្តាឡីស័ក, បទគេចវះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល, បទចម្លងដោយចេតនា នូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ, បទមិនគោរពវិធានការរដ្ឋបាល, ការមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស , ការមិនអនុវត្តកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព ជាដើម៕/V