ដោយ​:រ៉ា​ម៉ន /ភ្នំពេញ​:លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញប្រធានគណៈបញ្ជាការ​ឯកភាព​រដ្ឋបាល រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ក៏ដូចជា សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាននិងកំពុង​ដាក់ គោលដៅ​ប្រចាំការ នៅ​គោលដៅ​បិទ​ខ្ទប់ នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវអនុវត្ត​ការសម្រេច​របស់ រាជរដ្ឋាភិបាល​ជុំវិញ ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ រយៈពេល ១៤ ថ្ងៃនេះ ឱ្យ​ទទួលបាន​ជោគជ័យ​។
​ជាមួយគ្នានេះ ការអនុវត្ត​សេចក្តីសម្រេច​នេះ អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​បើកទូលាយឱ្យ​បងប្អូន​អាជីវករ រកស៊ី​ដឹក​ត្រី សាច់ បន្លែ បង្កា​ទៅ​ផ្គត់ផ្គង់​នូវ​ទីផ្សារ ដោយ​មិនត្រូវ​ឃាត់​ពួកគាត់ សួរនាំ​រក​ឯកសារ ច្រើនពេក​ទេ ព្រោះ​យើង​បានឃើញ​ច្បាស់​ហើយ​ថា ពួកគាត់​ដឹកជញ្ជូន អី​ច្បា​ស់នឹង​ភ្នែក​ហើយ​នោះ​។​

​ការណែនាំ​បែបនេះ​របស់លោក ឃួ​ង ស្រេង បានធ្វើ​ឡើង នៅ​ល្ងាច​ថ្ងៃទី​១៦ មេសា​នេះ នៅក្នុង​កិច្ចប្រជុំ គណៈបញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ តាមរយៈ​កិច្ចប្រជុំ video conference នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម ពី​អភិបាលខណ្ឌ​ទាំង​១៤ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​ការអនុវត្ត​វិធាន ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ អោយមាន​ប្រសិទ្ធភាព​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​៖ សម្រាប់​រាជធានី​ភ្នំពេញ មាន​គោលដៅ ដែល​ត្រូវ​ឃាត់​ការចេញ ចូល​រាជធានី ចំនួន ៩ ទីតាំង និង​ទីតាំង​ផ្សេងទៀត នៅ​កណ្តាល​ក្រុង សរុប​ទីតាំង​បិទ​ច្រកចេញ ចូល​រាជធានី ចំនួន ៩ ទីតាំង និង​ចំនួន ២៨ ទៀត នៅ​កណ្តាល​ក្រុង សរុប​ទាំងអស់ ចំនួន ៣៧ ទីតាំង ដែល​គណៈបញ្ជាការ​ឯកភាព និង​កងកម្លាំងប្រដាប់អាវុធ បានដាក់ ដើម្បី​បង្ការ និង​ទប់ស្កាត់ នូវ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ។
​ជុំវិញ​ទីតាំង​ដែល​បានដាក់​ទាំង ៣៧ ទីតាំង​នេះ លោក ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ ដូចជា កម្លាំង​ពាក់ព័ន្ធ ត្រូវអនុវត្ត​ការសម្រេច របស់​រាជរដ្ឋាភិបាល ជុំវិញ​ការបិទ​ខ្ទប់​រាជធានី​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ តែ​មិនត្រូវ​អនុវត្ត ឲ្យ​លើក​និង​ខ្វះ​ទេ ។ ចំពោះ​ការដឹក​ទំនិញ ដែល​យើង​ឃើញថា ជា​គ្រឿង​ឧបភោគបរិភោគ បន្លែ​ត្រី​សាច់​នោះ យើង​ត្រូវ​បើកផ្លូវ អោយ​គាត់ ធ្វើដំណើរ​ចេញចូល ទៅតាម​សម្រួល​ទៅ​។​

​លោក ឃួ​ង ស្រេង​ក៏បាន​ធ្វើការ​ណែនាំ ទៅដល់​អាជ្ញាធរ​ខណ្ឌ ទាំង ១៤ អនុវត្ត​អោយបាន​ម៉ឺងម៉ាត់ ទៅតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ពិសេស​ខណ្ឌ ៣ ដែល​យើង​បាន​បិទ​ខ្ទប់ ដោយមាន​អ្នកជំងឺ​កូ​វីដ​-១៩ នោះ គឺ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌមានជ័យ អាជ្ញាធរ និង​សមត្ថកិច្ច ត្រូវ​ពង្រឹង​ឱ្យបាន​ខ្លាំងក្លា​បំផុត ជៀសវាង​ការជួប​ជុំគ្នា​ផឹកស៊ី នៅតាម​ផ្ទះ នៅក្នុង​ទីតាំង ដែល​បិទ​ខ្ទប់​នេះ​។

​លោក​បាន​បញ្ជាក់ថា​ បើសិនជា​បងប្អូន ដែល​ស្ថិតនៅក្នុង​ការបិទ​ខ្ទប់ នៅតែ​ល្មើស នៅតែ​បំពាន​ទៅលើ​វិធាន របស់​ក្រសួងសុខាភិបាល អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹងមាន​វិធានការ ដោយ​នឹង​យក​បងប្អូន ដែល​ល្មើស​ទាំងនោះ មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ទីតាំង​ខាងក្រៅ ដែល​រៀបចំ​ដោយ អាជ្ញាធរ​រាជធានី​ភ្នំពេញ មិនអាច​ដើរហើរ​ផឹកស៊ី ស្រេច​តែ​ចិត្ត​ទៀត​ទេ​៕/V​/សរន