Home ព័ត៌មានសំខាន់ៗ បាល់ទាត់​អឺរ៉...

បាល់ទាត់​អឺរ៉ុប​ចុង​សប្តាហ៍ ៖ Chelsea និង Man City មួយណា​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup? ខណៈ Barcelona រំពឹង​លើ​កពាន Copa del Rey

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ នៅ​ចុង​សប្តាហ៍​នេះ​មាន​ការប្រកួត​បាល់ទាត់​ក្នុង​លី​ក​អឺរ៉ុប​ធំៗ​ទាំង​៥ ព្រមទាំង​ការប្រកួត​ដណ្តើមពាន​ក្នុងស្រុក​ផងដែរ​។ ថ្ងៃនេះ​យើង​នឹង​លើកយក​២​គូ​មក​វិភាគ ដែល​លេង​ក្នុង​ព្រឹត្តិការណ៍ FA Cup និង Copa del Rey​។

– Chelsea និង Man City

​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ដណ្តើម​ពានរង្វាន់ FA Cup ឆ្នាំ ២០២១ នឹង​ប្រព្រឹត្ត​ទៅ​រវាង​ក្រុម​តោ​ខៀវ Chelsea និង​ក្រុម​មេឃ​ខៀវ Manchester City ហើយ​វា​ពិត​ណាស់​ជា​ការប្រកួត​ដ៏​អស្ចារ្យ​។ ក្លិប​ទាំងពីរ​នេះ​បាន​ឈ្នះ​ជើងឯក Premier League ចំនួន ៦ ដង​ដូចគ្នា​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​ក្រុម​តោ​ខៀវ Chelsea បាន​បង្ហាញខ្លួន ៣ ដង​ក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ចំនួន ៤ ដង​ចុងក្រោយ ដោយ​ឈ្នះ​មួយ​ក្នុងចំណោម​នោះ ហើយ​ជ័យជម្នះ FA Cup ចុងក្រោយ​របស់​ពួកគេ​បាន​កើត​ឡើង​ក្នុង​ឆ្នាំ ២០១៨ នៅ​ពេល​ពួកគេ​យកឈ្នះ​ក្រុម​បិសាច​ក្រហម Manchester United ១-០ ។​

​ការ​ឈ្នះ​ពានរង្វាន់ FA Cup ចុងក្រោយ​របស់​ក្រុម Manchester City គឺ​ក្នុង​ឆ្នាំ ២០១៩ នៅ​ពេល​ពួកគេ​បំបាក់ Watford ៦-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ក្លិប​នឹង​សម្លឹង​រក​ការ​ឈ្នះ​ពានរង្វាន់​ក្នុងស្រុក​ចំនួន ៣ ក្នុង​រដូវ​កាល​នេះ ដោយសារ​ពួកគេ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ ១ ដាច់​ពិន្ទុ​យ៉ាង​ឆ្ងាយ ហើយ​ក៏​ស្ថិត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Carabao Cup ផងដែរ​។

​នេះ​នឹង​ក្លាយ​ជា​ការប្រកួត FA Cup លើក​ទី ១៤០ ហើយ​ឥឡូវ​ក្រុម​ទាំង​ពីរ​ក៏​មើលទៅ​មាន​សមត្ថភាព​ប្រដម​ប្រស​ង​គ្នា​ដែរ​។​

​ចាប់តាំងពី​លោក ថូ​ម៉ាស់ ធូ​ខល់ ចូល​មក​កាន់កាប់​ក្រុម​តោ​ខៀវ Chelsea ជាង ២ ខែ​កន្លងមកនេះ ក្រុម​តោ​ខៀវ​ទើបតែ​ចាញ់ ១ ប្រកួត​ប៉ុណ្ណោះ​ក្នុង​លី​ក ហើយ​មើលទៅ​ដូចជា Chelsea ចាស់​ត្រឡប់​មក​រក​ភាពខ្លាំង​របស់​ខ្លួន​វិញ​ហើយ​។ នៅ​ពាក់កណ្តាល​សប្តាហ៍ ពួកគេ​បាន​ចាញ់ ១-០ នៅផ្ទះ​ខ្លួនឯង​ទល់នឹង Porto ក្នុង​ក្របខ័ណ្ឌ Champions League ប៉ុន្តែ​វា​មិន​ជា​បញ្ហា​នោះ​ទេ​ព្រោះ​ពួកគេ​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត​នោះ ហើយ​ឥឡូវនេះ​ពួកគេ​នឹង​លេង​ជាមួយ Real Madrid ។​

​ក្រុម Manchester City ក៏​មាន​សប្តាហ៍​ជោគជ័យ​ផងដែរ ហើយ​ពួកគេ​បាន​យក​ឈ្នះ​ក្រុម Borussia Dortmund ២-១ នៅ​ក្រៅ​ផ្ទះ ដែល​ឈ្នះ​ក្នុង​លទ្ធផល​សរុប​ទាំង​ពីរ​ជើង ៤-២ ។ Man City នឹង​លេង​ទល់នឹង PSG នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League ។​

​កាលពីដើម​រដូវ​កាល Man City បាន​បំបាក់ Chelsea ៣-១ នៅ​កីឡដ្ឋាន Stamford Bridge​។ ហើយ​ជួប​គ្នា​ចុងក្រោយ ១០ លើក Man City ឈ្នះ ៧​ដង​។ ដូច្នេះ​លទ្ធផល​ព្យាករណ៍​សម្រាប់​គូ​នេះ​គឺ Man City រំពឹង​ឈ្នះ ១-០​។​

– Bilbao និង Barcelona

​ក្រុម Bilbao នឹង​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Copa del Rey លើក​ទី ២ របស់​ពួកគេ​នៅ​ខែ​មេសា​នេះ បន្ទាប់​ពី​ចាញ់ ០-១ ទល់​នឹង​គូប្រជែង​ដ៏​ជូរ​ចត់ Real Sociedad នៅ​ដើមខែ​នេះ​។​

​ហេតុដូច្នេះ Bilbao បាន​បាត់បង់​ឱកាស​ដ៏​ធំ​ដើម្បី​ដណ្តើមពាន Spanish Cup ដែល​ទើប​បង្កើត​ថ្មី​នៅ​រដូវ​កាល​នេះ​។ ឥឡូវ​នេះ​ពួកគេ​នឹង​ប្រឈមមុខ​នឹង​កិច្ចការ​ដ៏​លំបាក​មួយ​ទៀត​ខណៈ​ក្លិប​យក្ស​តំបន់​កាតា​ឡាន់​គឺ​អ្នក​មាន​បុណ្យ Barcelona នឹង​ត្រូវ​លេង​នៅ​ចំហៀង​ម្ខាង​ទៀត​នៃ​ទីលាន​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ នៅពេល​ដែល​ក្រុម​ទាំង​ពីរ​ជួបគ្នា​នៅឯ​កីឡដ្ឋាន Estadio Olimpico de Sevilla ។​

​ទោះបីជា​ក្រុម​ទាំងពីរ​មាន​ទឹកចិត្ត​ពុះកញ្ជ្រោល​ខ្លាំង​ក្នុងការ​ឈ្នះ​ពាន​ឱ្យបាន​មួយ​នៅ​រដូវ​កាល​នេះ​ក៏ដោយ ក៏​ប៉ុន្តែ​ក្រុម​ទាំង​ពីរ​លេង​មិន​សូវ​ល្អ​ដូច​គ្នា​មុននឹង​ចូល​មក​ប្រកួត​គ្នា​នេះ​។ Bilbao មិន​ដែល​ឈ្នះ ៦ ប្រកួត​ជាប់ៗ​គ្នា​ក្នុង​រាល់​ការប្រកួត​ទាំងអស់ ខណៈ​អ្នក​មាន​បុណ្យ​បាន​រង​នូវ​បរាជ័យ​យ៉ាង​ឈឺចាប់​ក្នុង​លទ្ធផល ២-១ ក្រោម​ថ្វីដៃ​គូប្រជែង Real Madrid កាលពី ៧ ថ្ងៃមុន​នៅក្នុង​ជំនួប El Clasico ។​

​និយាយ​ជា​រួម Barcelona មាន​ប្រវត្តិ​ល្អ​ទល់នឹង Bilbao ក្នុង Copa del Rey ដោយ​ឈ្នះ ៤៥ ស្មើ ១៤ និង​ចាញ់ ១២ ក្នុងជំនួប​ជាមួយគ្នា ៧១ ដង​។​

​ក្រុម​ទាំង​ពីរ​ជួបគ្នា ៣ ដង​មក​ហើយ​ក្នុង​រដូវ​កាល​នេះ ដោយ Barcelona ឈ្នះ​ទាំង​៣ ដូច្នេះ​យើង​រំពឹង​ពួកគេ​ឈ្នះ​ម្តងទៀត​ក្នុង​លទ្ធផល​ព្យាករណ៍ ៤-១៕

​តារាង​ការប្រកួត​បាល់ទាត់ ៖

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular